ដោយ: ភ្នំខៀវ / បាត់ដំបង: ក្រុមអ្នកទេសចរណ៍មកពីបណ្តាខេត្តនានាជាច្រើន នឹងជួបប្រជុំគ្នាសម្រាកបោះតង់មួយយប់ ជាលក្ខណៈគ្រួសារនៅតំបន់ទឹកធ្លាក់អូរជាំ ស្រុកសំឡូត អបអរសាទរថ្ងៃឆ្លងឆ្នាំសកលជិតមកដល់។
ក្រុមអ្នកស្រលាញ់វិស័យកីឡាជិះកង់ លោក ឆោម ភីសាម៉ៃ រស់នៅក្នុងក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា លោកជាមួយនិងមិត្តភក្តិជាមន្ត្រីរាជការ និងក្រុមអាជីករប្រមាណជា៣០នាក់ បានឯកភាពជួបជុំគ្នាមួយនៅរាត្រីថ្ងៃទី២៥ ស្អែកនេះ បែបជាលក្ខណៈគ្រួសារក្នុងគោលបំណងសំដែងការនឹករលឹក ក្រោយខកខានមិនបានជួបគ្នា ដោយសារតែជាប់រវល់ជាមួយការងារ និងមុខជំនួញរយៈពេលមួយឆ្នាំកន្លងមក។ ការជ្រើសរើសយកគោលដៅទេសចរណ៍ទឹកធ្លាក់អូរជាំ ជាទីកម្សាន្តជួបប្រជុំគ្នានេះ ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅលើខ្នងភ្នំ គយគន់ព្រៃប្រឹក្សា ហ្វូងសត្វមេអំបៅ រួមទាំងភ្លក់រសជាតិសម្រាកនៅក្នុងតង់ទេសចរណ៍ ក៏ដូចជាស្វែងយល់ពីអារម្មណ៍ពិតមួយពីការដុតភ្នក់ភ្លើងក្រោមស្បៃរាត្រីនៃសន្តិភាពតំបន់ព្រំដែន។
ប្រភពដដែលបន្ថែមថា ក្រុមអ្នកទេសចរណ៍យុវជននៅក្នុងការណាត់ជួបគ្នាលំហែអារម្មណ៍ខាងលើ មានមកពីបណ្តាក្រុងភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប មួយចំនួនធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន និងមួយចំនួនទៀតដោយមធ្យោបាយជិះកង់ក្នុងរយៈចម្ងាយ ៩៩គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីទីប្រជុំក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដំណើរទេសចរណ៍នេះ ក៏បានត្រៀមរួចជាស្រេចហើយដែរ ក្នុងកម្មវិធីអបអរសាទរថ្ងៃចូលឆ្នាំសកលឆ្នាំ២០២០-២០២១។
លោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសល្អបរិសុទ្ធ មានទឹកធ្លាក់ចុះមកពីលើភ្នំហូរកាត់តាមផ្ទាំងសីលាធំៗ ជាច្រើនដំណាក់ បង្កើតបានជាសូរសំឡេងពិរោះរងំ និងត្រជាក់។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំមានផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើនដូចជា: សេវាស្នាក់នៅជាមួយតង់ទេសចរណ៍ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាមគ្គុទេសក៍ទេសចរណ៍សហគមន៍ផងដែរ។
លោក អ៊ុច អ៊ុភីនីហ្សារ៉ា បានលើកឡើងដែរថា ការមកដល់តំបន់ទឹកធ្លាក់អូរជាំ ភ្ញៀវជាតិ អន្តរជាតិនឹងបានភ្លក់រសជាតិអាហារតំបន់សហគមន៍ផ្ទាល់ បោះតង់ស្នាក់នៅប្រកបសុវត្ថិភាពខ្ពស់ ទស្សនាហ្វូងមេអំបៅ ការសិក្សាស្វែងយល់ពីប្រជាពលរដ្ឋក្នុងសហគមន៍ និងទទួលបាននូវបទពិសោធន៍ថ្មីប្លែកជាមួយធម្មជាតិជាបេះដូងរបស់ស្រុកសំឡូត ខេត្តបាត់ដំបង៕