ដោយ: អង្គារ៍ហេង / ភ្នំពេញ: បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកម្រិត បានដើរចេញពីក្នុងសួនច្បារ មកគំរាមបុរសម្នាក់ជាអ្នកដឹកឥវ៉ាន់ Online យកសោម៉ូតូពីជនរងគ្រោះ ត្រូវបានជនរងគ្រោះប្រតាយប្រតប់ និងរត់ស្រែកឲ្យគេជួយ និងត្រូវបានសន្តិសុខចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចរង្វង់មូលនាងមច្ឆាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ យិន ណុច អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាក។ ចំណែកជនរងគ្រោះមាជាអ្នកដឹកអីវ៉ាន់តាមអនឡាញ មានទីលំនៅស្នាក់នៅម្ដុំកាណាឌីយ៉ា។
ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FH 6407 បានធ្វើដំណើរចេញពីលើស្ពានបាឡេ មកដល់ចំណុចរង្វង់មូលនាងមច្ឆា ជនរងគ្រោះបានឈប់ម៉ូតូក្នុងគោលបំណងទូរស័ព្ទខលទៅរកអតិថិជនយកអីវ៉ាន់អនឡាញ។ ខណៈពេលដែលជនរងគ្រោះកំពុងតែខលទូរស័ព្ទ ស្រាប់តែមានជនសង្ស័យម្នាក់ ចេញមកពីក្នុងសួនច្បារមកទះស្មាពីរបីដៃ គំរាមយកសោម៉ូតូ។ ភ្លាមនោះ ត្រូវបានជនរងគ្រោះមិនឲ្យក៏មានការប្រតាយប្រតប់គ្នា ហើយបានស្រែកឲ្យគេជួយ ខណៈនោះត្រូវបានប្រជាពលរដ្ឋ រួមទាំងសន្តិសុខការពារនៅជិតកន្លែងកើតហេតុ បានចេញមកជួយចាប់ជនសង្ស័យ រួចរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកទៅកាន់នគរបាលប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ចាត់ការបន្តតាមនីតិវិធី៕