Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋ​កាត់​ដី​...

រដ្ឋ​កាត់​ដី​បឹង​តា​មោក​២០​ហិកតា ដូរ​ជាមួយ​អគារ​កម្ពស់​៣​ជាន់ នៅ​កណ្តាល​ក្រុង​

ដោយ​: ប​.​ខុន / ភ្នំពេញ​: អគារ​ទីបញ្ជាការ​ស្រាល​ទំហំ ២១,៧ គុណ​នឹង​៤២​ម៉ែត្រ កម្ពស់ ៣​ជាន់ និង​បំពាក់​គ្រឿង​បរិក្ខារ​ចាំបាច់​នានា នៅលើ​ផ្ទៃដី​ទំហំ​១.៥៧១,១៨៩​ម៉ែត្រក្រឡា នៅក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ នឹងត្រូវ​សាងសង់ឡើង ដោយ​ថ្នូរ​ជាមួយនឹង ដី​ទំហំ​២០​ហិកតា​នៅ​បឹង​តា​មោក​(​កប់​ស្រូវ​)​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២០ បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​, រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​លិខិត​លេខ​១០៩៩ សជណ​.​ម​យ អំពី​ការរៀបចំ​សាងសង់​ទីបញ្ជាការ​ស្រាល​ទំហំ​២១,៧​គុណ​នឹង​៤២​ម៉ែត្រ​កម្ពស់ ៣​ជាន់ និង​បំពាក់​គ្រឿង​បរិក្ខារ​ចាំបាច់​នានា នៅលើ​ផ្ទៃដី​ទំហំ ១.៥៧១,១៨៩​ម៉ែត្រក្រឡា របស់លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ សម្រាប់​ឱ្យ​កងកម្លាំង​ប្រើប្រាស់ ដើម្បី​បំពេញការងារ​ថែរក្សា​សន្តិសុខ ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ នៅ​ចំណុច​គោលដៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​២៤​ខែធ្នូ បាន​សរសេរ​ដោយយោង​លិខិត ០៦៨/២០ លស​.​គ ចុះ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០២០ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ,​លិខិត​លេខ​៦៥៤​ខន /០២០ សជណ​ចុះ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​,​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០​។​

​ក្នុង​លិខិត​បញ្ជាក់ថា ករណី​ខាងលើ​ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាបជូន​ថា រាជរដ្ឋាភិបាល​បានសម្រេច​ដូចខាងក្រោម ធ្វើ​ប្រទានកម្ម​ជូន​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី នូវ​ផ្ទៃដី​បឹង​តា​មោក​(​កប់​ស្រូវ​) ទំហំ​២០(​ម្ភៃ​)​ហិកតា ស្ថិតនៅ​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដូច​មាន​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ភ្ជាប់​ជាមួយ​ដោយ​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី ត្រូវប្រគល់​ផ្ទៃដី​កម្មសិទ្ធិ​ទំហំ ១.៥៧១,១៨៩ ( មួយ​ពាន់​ប្រាំ​រយ​ចិតសិប​មួយ​ក្បៀស​មួយរយ​ប៉ែត សិប ប្រាំបួន​)​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ចំណាយ​ថវិកា​បន្ថែម ដើម្បី​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល​ទំហំ ២១,៧ ម៉ែត្រ គុណ​នឹង​៤២​ម៉ែត្រ កម្ពស់​៣​ជាន់ និង​បំពាក់​សម្ភារៈ​បរិក្ខារ​ចាំបាច់​នានា នៅលើ​ទីតាំង​ខាងលើ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​លិខិត​បានបញ្ជាក់​ទៀតថា លោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់​ធី ត្រូវ​ផ្ទេរកម្មសិទ្ធិ​ដី​ទំហំ ១.៥៧១,១៨៩​ម៉ែត្រក្រឡា​នេះ មកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវធ្វើ​ការសាងសង់​អគារ​ទីបញ្ជាការ​ស្រាល ទំហំ ២១,៧ ម៉ែត្រ​គុណ​នឹង​៤២​ម៉ែត្រ​កម្ពស់​៣​ជាន់​និង​បំពាក់​សម្ភារៈ​បរិក្ខារ​ចាំបាច់ នានា នៅលើ​ទីតាំង​ខាងលើ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យបាន​រួចរាល់​ជា​ស្ថាពរ ក្នុង​រយៈពេល​១៨(​ដប់​ប្រាំបី​)​ខែ ក្រោយពី​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។ ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ទាំងអស់​ខាងលើ ពន្ធ អាករ​និង​សេវា​អន្តរ ក្រសួង​នានា​ជា​បន្ទុក​របស់​រដ្ឋ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular