Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​ ជូនពរបង​ប្អូន​ខ្មែរ ​ខ្សែស្រឡាយ​ចិន ​និង​បងប្អូន​ខ្មែរ​ ដើមកំណើត​ចិន​ ក្នុងឱកាស​ខួប​ទី​៣០​ ថ្ងៃ​បង្កើត​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​ នៅ​កម្ពុជា​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើលិខិត​អបអរសាទរ​ ជូនពរ​ចំពោះ​បងប្អូន​ខ្មែរ​ ខ្សែ​ស្រឡាយ​ចិន​ និង​បងប្អូន​ខ្មែរ​ ដើមកំណើត​ចិន​ក្នុងឱកាស​ខួប​ទី​៣០ ថ្ងៃ​បង្កើត​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​ នៅ​កម្ពុជា​។​

​នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ទៅកាន់​អ្នកឧកញ៉ា ពុង ឃាវ​សែ ចុះ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២០ ​បាន​លើកឡើងថា​៖ «​ក្នុងឱកាស​ខួប​ទី ៣០ ​ថ្ងៃ​បង្កើត សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ​នៅ​កម្ពុជា ​(២៦-​ធ្នូ​-១៩៩០ ដល់ ២៦-​ធ្នូ​-២០២០) ខ្ញុំ​សូម​សម្តែង​ការអបអរសាទរ ​និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​អ្នកឧកញ៉ា ​និង​សមាជិក​ សមាជិកា​ទាំងអស់ នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​ ដែល​ទទួលបាន​នូវ​ សមិទ្ធផល​យ៉ាង​ធំធេង ​ក្នុង​កិច្ចការ​របស់​សមាគម ​រយៈពេល​កន្លងមកនេះ​» ។​

​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ​នៅ​កម្ពុជា ​គឺជា​សមាគម​បង្កើតឡើង​ ដោយ​បងប្អូន​ខ្មែរ​ ខ្សែស្រឡាយ​ចិន​ និង​បងប្អូន​ខ្មែរ​ ដើមកំណើត​ចិន ​នា​ថ្ងៃទី​២៦​ ខែធ្នូ​ ឆ្នាំ​១៩៩០​ ក្រោម​ទង់​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ (​បច្ចុប្បន្ន​ជា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​) ដើម្បី​ឲ្យ​បងប្អូន​ បាន​ចូលរួម​ក្នុង​កិច្ចការ​កសាង​ និង​អភិវឌ្ឍ​សង្គមជាតិ។ រយៈពេល​ ៣០ ​ឆ្នាំ កន្លងមកនេះ​ ក្រោម​ការដឹកនាំ​របស់​ អតីត​ប្រធាន​លោក ពៅ លាង​ស៊ីន និង​ឧកញ៉ា ដួង ឈី​វ ហើយ​បច្ចុប្បន្ន​គឺ អ្នកឧកញ៉ា ពុង ឃាវ​សែ ជា​ប្រធាន​សមាគម​ បាន​រីកចម្រើន យ៉ាង​ឆាប់រហ័ស​ ដោយមាន​សមា​គម​និកាយ​ទាំង​ប្រាំ ​(​សមាគម​និកាយ​ទាជីវ សមាគម​និកាយ សមាគម​និកាយ​កា​តាំង សមាគម​និកាយ​ហុកគៀន និងសមាគម​និកាយ ចិន​ហៃណាំ​) សមាគម​ត្រកូល សមាគម​ខ្មែរ​ចិន​ តាម​បណ្តា​ខេត្ត ក្រុង ស្រុក សាលារៀន​ខ្មែរ​ចិន វិហារ​ចិន និងសមាគម​ពាណិជ្ជកម្ម​ចិន​ ផ្សេងទៀត រួម​សាមគ្គី​គ្នា កសាងនិង​អភិវឌ្ឍ​សង្គមជាតិ​កម្ពុជា ​តាមរ​យៈ​ការចូលរួម​រក្សា​ទំនៀមទំលាប់ ​និង​វប្បធម៌​រស់នៅរ​បស់បង​ប្អូន​ខ្មែរ​ចិន​ ការចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ដោយ​បង្កើត​សាលារៀន​ខ្មែរ​-​ចិន ការទាក់ទង​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ជាមួយ​បរទេស​។​ល​។ ជាពិសេស ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ​បានរៀបចំ​កម្មវិធី​ពិសា​បាយ​សាមគ្គី​ ជាមួយ​បងប្អូន​ខ្មែរ​ចិន រាប់ពាន់នាក់ ​រៀបចំ​វេទិកា​វិនិយោគ ​និង​ធុរកិច្ច​នៅ​កម្ពុជា ​ដោយមាន​វិនិយោគិន​ ពី​បរទេស​រាប់រយ​នាក់ មក​ចូលរួម បាន​ធ្វើជា​ស្ពាន​ សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ​ដោយ​នាំមក​នូវ​ផលប្រយោជន៍​ សម្រាប់ធ្វើ​កា​រ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ជំនឿ​ជឿជាក់ថា​ក្រោម​ការដឹកនាំ​របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ សមាជិក​សមាជិកា​ទាំងអស់​ក្នុង​សម្ព័ន្ធ​ខ្មែរ​ចិន​បងប្អូន​ខ្មែរ​ចិន​យើង​នឹង​បន្ត​រួមសាមគ្គី​រួមចំណែក​ថែរក្សា​សុខសន្តិភាព​ដែលជា​កត្តាចាំបាច់​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ដើម្បី​កសាង​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​របស់​បងប្អូន​ខ្មែរ​ចិន​និង​បងប្អូន​ខ្មែរ​ទូទាំងប្រទេស​។ ក្នុងឱកាស​ខួប​ទី ៣០ ថ្ងៃ​បង្កើត​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​សម្តេច​បាន​ជូនពរ​សមាគម​ឲ្យ​បន្ត​រីកចម្រើន​ទទួលបាន​សមិទ្ធផល​ថ្មី​ថែមទៀត និង ជូនពរ​បងប្អូន​ខ្មែរ​ចិន​ទាំងអស់ មាន​សុខ​ភាពល្អ ជោគជ័យ​គ្រប់​ភារកិច្ច និង​ជួបតែ​សុខ​សុភមង្គល​ក្នុង​គ្រួសារ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular