ដោយ៖បញ្ញាសាស្ត្រ / ភ្នំពេញ៖ អាកាសធាតុត្រជាក់ៗ ពីរបីថ្ងៃនាចុងខែធ្នូ បានធ្វើអោយនឹកឃើញដល់ចាស់ៗតែងតែនិយាយចំអន់គ្នាលេង ថាកក្តិកធ្លាក់ខ្យល់ត្រូវតែរកភួយសាច់ មកស្អំកំដៅ ដើម្បីកុំអោយរងា។ ចៃដន្យអី តារាសម្តែងថ្ពាល់ខួច មាន សូនីតា បានបង្ហើរសារមួយតាមហ្វេសប៊ុក ធ្វើអោយអ្នកគាំទ្រសាទរភ្លេតតែម្តង។
ទើបតែមានដំណឹងពីទំនាក់ទំនង ស្នេហាក្រៅឆាក នឹងតារាចម្រៀង ហ្សូណូ ដែលធ្វើអោយហ្វេនរបស់អ្នកទាំងពីរពេញចិត្តពេញថ្លើមផងនោះ ស្រាប់តែ មាន សូនីតា ប្រាប់ថា នាងចង់បានប្តី មួយឃ្លានេះធ្វើអោយអ្នកគាំទ្រជាបុរសនៅលីវ ឬ ពោះម៉ាយស្តុកខ្លះអាចមានសង្ឃឹម ពេលដែលនាងបើកភ្លើងខៀវបែបនេះ។
យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ កញ្ញា រាជនីក្រមា នាងបានស៊ែនូវរូបភាពមួយ ដែលនិយាយពីការបង្កើតមុខរបរមួយ ដោយបន្ថែមឃ្លោងឃ្លា គួរអោយចាប់អារម្មណ៍ថា «មុខរបរមានហើយ អ្វីដែលចង់បាននោះគឺប្តី» ។
គ្រាន់តែទម្លាយអារម្មណ៍ប៉ុណ្ណឹង អ្នកគាំទ្រមិនតិចអ្នកទេ បានសាទរ និងបានជូនពរសូមអោយនាងបានឆាប់ជួបគូរគ្រង ដូចសេចក្តីប្រាថ្នា។ អ្នកខ្លះក៏បានលើកឡើងថា យកលោក ហ្សូណូ ទៅ សាកសមគ្នាហើយ ការខមិន បែបនេះ នាងបានឆ្លើយវិញថា ហ្សូណូ មានប្រពន្ធហើយ ការឆ្លយឆ្លងទៅវិញមក ហាក់បានបង្ហាញអារម្មណ៍ធូរស្រាលបន្តិច ព្រោះថា ហ្វេននាងបានបញ្ជាក់ថា ហ្សូណូ មិនមានប្រពន្ធទេ គឺមានសង្សារ តែមានកូនមួយប៉ុណ្ណោះ។
ទោះជាយ៉ាងណា ទាំងនោះគ្រាន់តែជាការបញ្ចេញអារម្មណ៍ តាមហ្វេសប៊ុក ប៉ុណ្ណោះ ព្រោះថា រូបសម្បតិ្តដ៏ស្រស់សោភា របស់ មាន សូនីតា មិនខ្វះទេប្រុសៗ តាមចោមរោមសុំស្នេហ៍នោះ គ្រាន់តែថា មិនដឹងថានាងសម្រេចចិត្តបែបណា និង រើសវេលាណាសម្រាប់ជីវិតគូរបស់នាងនោះទេ ខណៈដែលពេលនេះ នាងហាក់មានសញ្ញាវិជ្ជមាន ខ្លះៗជាមួយនឹងតារាចម្រៀង ហ្សូណូ ព្រោះមួយរយៈចុងក្រោយនេះ អ្នកទាំងពីរឧស្សាហ៍បង្ហាញរូបភាពផ្អែមល្ហែមតាមហ្វេសប៊ុកជាប់ជាហូរហែរផងដែរ៕