Home ព័ត៌មានជាតិ សង្គម បណ្តាញ​សហគមន៍...

បណ្តាញ​សហគមន៍​បង្ហាញ​យុទ្ធសាស្ត្រ​៥​ចំណុច​ពី​ការអភិរក្ស​ធនធានធម្មជាតិ​

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​វេទិការ​កិច្ចប្រជុំ «​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​» ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​៥​ចំណុច និង​ក្នុងនេះ​ក៏មាន​ការ ពិនិត្យមើល​នូវ​វឌ្ឍនភាព​, បញ្ហា​ប្រឈម ដែល​បាន​អនុវត្តន៍​កិច្ចការងារ​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​កន្លងមក និង​កំណត់​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្តន៍​បន្ត​។​

​លោក​ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន និង​ជា​ប្រធាន​គណៈកម្មាធិការ​សហព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ បញ្ជាក់​ឲ្យ​ដឹងថា ការរៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ គឺជា​សកម្មភាព​មួយ ដែល​បាន និង​កំពុង​អនុវត្តន៍​ស្របទៅតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ក្នុង​គោលដៅ​ផ្តល់​សិទ្ធិ​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន ក្នុងការ​ចូលរួម​គ្រប់​គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ បម្រើ​សេចក្តីត្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ និង​ក្នុង​តំបន់ការពារធម្មជាតិ ដែលមាន​ជីវភាព​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ​។

​លោក​បាន​បន្ត​ឱ្យដឹងថា វេទិកា​នេះ​រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​គណៈកម្មការ​បណ្តា​ញ​ថ្នាក់ជាតិ សមាជិក​គណៈកម្មការ​បណ្តាញ​ថ្នាក់​តំបន់ និង​មន្ត្រី​ជំនាញ​អភិវឌ្ឍន៍​ជីវភាព​សហគមន៍​មួយចំនួន និង​ក្នុង​គោលបំណង​ពិនិត្យមើល​នូវ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម ដែល​បាន​អនុវត្តន៍​កិច្ចការងារ​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​កន្លងមក និង​កំណត់​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្តន៍​បន្ត​។

​លោក​ខៀវ បូ​រិ​ន​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្រោយពី​ការធ្វើ​បទ​បង្ហាញ​ស្តីពី​លទ្ធផល​ការងារ​នៃ​កិច្ច​បណ្តាញ​ថា្នក់​តំបន់​ទាំង​៣ រួមមាន​បណ្តាញ​សហគមន៍​ខាងត្បូង​បឹង​ទន្លេសាប បណ្តាញ​សហគមន៍​ខាងជើង​បឹង​ទន្លេសាប និង​បណ្តាញ​សហគមន៍​ខាងកើត​ទន្លេមេគង្គ ជា​លទ្ធផល​បញ្ជាក់​ឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ នូវ​យុទ្ធសាស្ត្រ​អនុវត្ត​មួយចំនួន​ដូចខាងក្រោម​៖

១. ចងក្រង​របាយការណ៍​គ្រប់​កម្រិត​បណ្តាញ​សហគមន៍ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​ក្នុង​ឆ្នាំ​២០២១
២. រៀបចំ​បង្កើត​ក្រុមការងារ​អភិរក្ស​ធនធានធម្មជាតិ និង​អភិវឌ្ឍន៍​សហគមន៍​
៣. បង្កើន​កិច្ចសហការ​រវាង​គណៈ​ក​ម្មា​ធិ​ការ​បណ្តាញ​សហគមន៍ ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ រួមជាមួយ​ថ្នាក់មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍន៍​ដែលមាន​គម្រោង​នានា​នៅតាម​តំបន់​គោលដៅ​
៤.​រៀបចំ​បំពេញ​បទដ្ឋាន​គតិយុត្ត​ទាំងអស់​ដែល​សហគមន៍​ស្នើសុំ​មក​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ដើម្បី​សម្របសម្រួល​ជាមួយ​មន្ទីរ​បរិស្ថាន​នៅតាម​ខេត្ត​នានា​ពាក់ព័ន្ធ និង​បណ្តាញ​ដែល​បាន​បង្កើត​រួចរាល់​
៥. រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​គណៈ​ក​ម្មា​ធិ​ការ​បណ្តាញ​សហគមន៍​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់មូលដ្ឋាន​ស្តីពី​ការប្រមូល​ព័ត៌មាន វិភាគ របៀបរបប​ការងារ និង​ការរៀបចំ​របាយការណ៍​ជាដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular