ដោយៈ វណ្ណះ-សរិទ្ធ/ព្រះសីហនុៈ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា សមត្ថកិច្ចជំនាញបានបង្កសំណុំរឿងបញ្ជូន បុរសជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពី ចាប់ខ្លួនពាក់ព័ន្ធការកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កន្លងមក។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបន្តថា ប្រជាពលរដ្ឋរាយការណ៍ថា ឃើញជនជាតិចិនម្នាក់ពាក់អាវខ្មៅ មានកាបូបសង្ស័យមានអាវុធខ្លី បានឡើងជិះរថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌សស្លាកលេខ ភ្នំពេញ 2AT-6732 នៅចំណុចចាប់ខ្លួនខាងលើ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ ចុះទៅដល់កន្លែងទីតាំងខាងលើ រួចធ្វើការត្រួតពិនិត្យរថយន្ត ជាលទ្ធផលឃើញមានជនជាតិចិនម្នាក់ និងរកឃើញមានអាវុធខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ បង់កាំភ្លើង១ មានគ្រាប់៩គ្រាប់ ។
ជនសង្ស័យឈ្មោះ Wu Hai Zhu អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
វត្ថុតាងចាប់យកបាន អាវុធខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ, ទូរស័ព្ទដៃ៣គ្រឿង, រថយន្ត១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-6732 ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងស្ថិតក្នុងកណ្តាប់ដៃតុលាការបន្តនិតិច្បាប់៕