ដោយៈសួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញៈសេង ហុក ភេទប្រុស អាយុ៦៦ឆ្នាំមានទីកន្លែងកំណើតនៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។
រូបថត៖សេង ហុក ភេទប្រុស អាយុ៦៦ឆ្នាំមានទីកន្លែងកំណើតនៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ សេង ហុក បានផ្តល់បទសម្ភាសន៍អំពីជីវិតរបស់គាត់ដែលបានបួសជាសង្ឃនៅក្នុងខេត្ដកំពង់ស្ពឺ និងក្រោយមកចូលធ្វើយោធានៅក្នុងកងពល៨០១របស់ខ្មែរក្រហម ហើយចុងក្រោយបានមករស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។(សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សេង ហុក បានរៀបរាប់អំពីការតស៊ូរបស់ខ្លួនចាប់តាំងពីគ្រាដំបូងដែលខ្លួនបានបួសជាសង្ឃនៅក្នុងខេត្ដកំពង់ស្ពឺ រហូតបានក្លាយជាយោធានៅក្នុងកងពល៨០១របស់ខ្មែរក្រហមថា នៅក្នុងឆ្នាំ១៩៧១ ខ្ញុំបានបួសជាសង្ឃនៅវត្ដថ្មហោង ក្នុងខេត្ដកំពង់ស្ពឺ។ កាលណោះ ខ្ញុំបានឈប់រៀនដោយសារស្រុកទេសមានភាពចលាចល បន្ទាប់មកខ្ញុំបានបួសជាព្រះសង្ឃ។ ជីវិតរបស់ខ្ញុំបានផ្សាភ្ជាប់ទៅនឹងព្រះពុទ្ធសាសនារហូតដល់ឆ្នាំ១៩៧៣ ទើបខ្មែរក្រហមបានផ្សឹកខ្ញុំ និងព្រះសង្ឃជាច្រើនអង្គទៀតឲ្យចូលបម្រើយោធាប្រឆាំងនឹងរបប លន់ នល់។
ដំបូងខ្មែរក្រហមបានបើកអង្គសន្និបាតមួយ និងឲ្យព្រះសង្ឃឡើងប្ដេជ្ញាចិត្ដពីការលះបង់ និងការរួមចំណែកក្នុងការជួយរំដោះជាតិមាតុភូមិរបស់ខ្លួនចេញពីការគាបសង្កត់ពីរបប លន់ នល់។ ខ្ញុំយល់ថា ការបួសជាព្រះសង្ឃគឺដើម្បីសន្សំបុណ្យកុសល និងការកសាងអំពើល្អ ប៉ុន្ដែផ្ទុយទៅវិញអ្វីៗក៏ត្រូវបានផ្លាស់ប្ដូរទាំងស្រុង នៅពេលខ្មែរក្រហមបានចូលមកដល់ភូមិរបស់ខ្ញុំ។
បន្ទាប់ពីអង្គសន្និបាតចប់ ខ្មែរក្រហមបានបញ្ជូនខ្ញុំ និងកងកម្លាំងមួយចំនួនទៅកាន់តំបន់ឈើជ្រុងនៃខេត្ដកំពង់ស្ពឺរយៈពេលកន្លះខែ ដើម្បីហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រយោធា។ ខ្ញុំរស់នៅក្នុងខេត្ដកំពង់ស្ពឺរហូតដល់ចុងឆ្នាំ១៩៧៥ ទើបខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកាន់ខេត្ដក្រចេះ ដើម្បីវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ខ្ញុំចាំបានថា កងទ័ពរបស់ខ្មែរក្រហមបានស្លាប់ច្រើនណាស់ ហើយកងទ័ពវៀតណាមក៏បានបាត់បង់ជីវិតនៅក្នុងពេលវាយប្រយុទ្ធដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ សមរភូមិខេត្ដក្រចេះ បានចាប់ផ្ដើមតានតឹងឡើងៗ និងបើកការវាយប្រយុទ្ធគ្នាឥតឈប់ឈរ។ ក្រោយមក កងកម្លាំងរបស់ខ្មែរក្រហមបានចាប់ផ្ដើមចុះខ្សោយទៅៗ ខណៈដែលកងកម្លាំងវៀតណាមចាប់ផ្ដើមកើនឡើងជាលំដាប់។ ដោយសារកងទ័ពវៀតណាមមានចំនួនច្រើនលើសលប់ ទើបបណ្ដាលឲ្យកងកម្លាំងរបស់ខ្ញុំចាប់ផ្ដើមបែកខ្ញែកខ្ចាត់ខ្ចាយ និងរត់ចូលទៅសម្ងំលាក់ខ្លួនក្នុងព្រៃនៅដើមឆ្នាំ១៩៧៩។
ជីវិតរបស់ខ្ញុំនិងកងកម្លាំងខ្មែរក្រហមនៅពេលនោះ គឺក្រខ្សត់ និងលំបាកខ្លាំងណាស់។ យើងមានតែវ៉ាល់ឡូមួយ និងសម្ភារបន្ដិចបន្ដួចប៉ុណ្ណោះនៅជាប់នឹងខ្លួន។ ខ្ញុំបានកាន់កាំភ្លើងមួយដើម និងមានគ្រាប់ប្រមាណតែ៥គ្រាប់ប៉ុណ្ណោះនៅជាប់នឹងបង់ដើម្បីការពារខ្លួននៅពេលទាល់ច្រក។ ជារឿយៗខ្ញុំជក់បារីមូស្លឹកសង្កែ រួចឃ្លាំមើលហេតុការណ៍ទាំងឡាយដែលកើតមានឡើងនៅជុំវិញខ្លួន។ ខ្ញុំនឹកស្រមៃថា ជីវិតរបស់ខ្ញុំមិនគួរជួបការលំបាកបែបនេះទេ។
ខ្ញុំបានពឹងផ្អែកទាំងស្រុងទៅលើព្រៃឈើ។ ជារៀងរាល់ថ្ងៃ ខ្ញុំបាននាំគ្នាជីកដំឡូងព្រៃ និងមើមក្ដួចមកធ្វើជាអាហារ។ ពេលខ្លះ ខ្ញុំបានធ្វើដំណើរចូលទៅក្នុងភូមិដែលមានប្រជាជនរស់នៅដើម្បីសុំស្បៀងអាហារ ផ្លែចេក និងផលដំណាំផ្សេងៗ យកមកហូបនៅក្នុងក្រុម។ យើងមានអង្ករចំនួន៥កំប៉ុងដែលយើងបានលាក់ទុកជាយូរមកហើយ គឺសម្រាប់តែបរិភោគនៅពេលណាដែលចាំបាច់ប៉ុណ្ណោះ ដូចជានៅពេលឈឺថ្កាត់ ឬហូបអ្វីលែងកើត។ ដោយសារការអត់ឃ្លានខ្លាំងពេក នៅពេលប្រយុទ្ធម្ដងគ្នាម្តងៗ និងនៅពេលគ្រាប់ផ្លោងធ្លាក់ចូលទៅក្នុងបឹង ខ្ញុំបានប្ដូរជីវិតចុះក្នុងបឹងនោះដើម្បីហែលចាប់ត្រីមកដុតធ្វើជាអាហារ។
ពេលខ្លះ ខ្ញុំបានយករបបអាហារពីមិត្ដរួមក្រុមដែលបានស្លាប់បាត់បង់ជីវិតនៅពេលប្រយុទ្ធក្នុងសមរភូមិមកហូបចម្អែតក្រពះដើម្បីរួចផុតពីការដាច់ពោះស្លាប់។ មុនពេលយប់ងងឹតចូលមកដល់ យើងបាននាំគ្នាកាប់ដើមឬស្សី រួចជ្រៀកជាចម្រៀកតូចៗដើម្បីធ្វើជាអង្រឹងសម្រាប់ដេកបណ្ដោះអាសន្ន។ ខ្ញុំកម្រស្នាក់នៅទីកន្លែងណាមួយឲ្យលើសពីពីរយប់ណាស់ បើមិនដូច្នោះទេ កងទ័ពវៀតណាមនឹងវាយប្រហារយើងនិងអាចបណ្តាលឲ្យស្លាប់។ កងកម្លាំងនៅក្នុងអង្គភាពរបស់ខ្ញុំប្រមាណមួយពាន់នាក់ បានធ្វើដំណើរដោយថ្មើជើងឆ្ពោះទៅខេត្ដស្ទឹងត្រែងដោយឆ្លងកាត់ទឹកទន្លេមេគង្គ។ យើងមិនមានទូកសម្រាប់ជិះឆ្លងទេនៅពេលនោះ។ យើងបានយកដើមឬស្សីមកចងផ្អោបជាបាច់ ដើម្បីតោងឆ្លងទៅកាន់ត្រើយម្ខាងទៀត។ ការឆ្លងទឹកគឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារកងកម្លាំងភាគច្រើនរបស់យើងមិនចេះហែលទឹក ហើយទឹកនៅពេលនោះគឺហូរខ្លាំងណាស់។ កងកម្លាំងប្រមាណជិតពាក់កណ្ដាលនៅក្នុងអង្គភាពរបស់ខ្ញុំបានលង់ស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេគ។ កងកម្លាំងដែលនៅរស់ ហាក់មានភាពទ្រុឌទ្រោម ប៉ុន្ដែយើងនៅតែអាចធ្វើដំណើរទៅមុខបាន។ យើងបានបន្ដដំណើរទៅមុខទាំងលំបាកលំបិនដើម្បីឲ្យបានដល់សមរភូមិក្នុងខេត្ដស្ទឹងត្រែង។
យើងធ្វើដំណើរជាច្រើនសប្ដាហ៍ទើបទៅដល់ខេត្តស្ទឹងត្រែង ហើយបានរស់ទីនោះអស់រយៈពេលមួយឆ្នាំ។ ក្រោយមកថ្នាក់លើ បានប្ដូរអង្គភាពរបស់ខ្ញុំឲ្យទៅកាន់មុំបី ឬតំបន់១០០១។ នៅទីនោះ ខ្មែរក្រហមបានផ្គត់ផ្គង់ស្បៀងអាហារ និងបំពាក់បំប៉នខាងផ្នែកយោធាដល់យើង ដើម្បីត្រៀមវាយបកទៅកងទ័ពវៀតណាមនៅសមរភូមិខាងក្នុងប្រទេស។ រាល់ពេលចេញទៅសមរភូមិខាងក្នុងប្រទេសម្ដងៗ យើងបានវាយប្រយុទ្ធផង និងដើរធ្វើគោលនយោបាយទាក់ទាញកម្លាំងប្រជាជនឲ្យចូលក្នុងចលនារបស់យើងផង ពីព្រោះកងកម្លាំងរបស់យើងចាប់ផ្ដើមថយចុះបណ្តើរៗ។
ប្រជាជនជាច្រើននាក់បានមកតាមយើង ដោយសារការភ័យខ្លាចចំពោះកងទ័ពវៀតណាមដែលបន្ដរាតត្បាតនៅក្នុងភូមិស្ថានដែលខ្លួនរស់នៅ។ ជាពិសេសប្រជាជនមួយចំនួនបានមើលឃើញអំពីភាពប្រសើរឡើងវិញនៃការរស់នៅ និងការទទួលបានស្បៀងអាហារនៅតាមបណ្ដោយព្រំដែនក្នុងតំបន់ខ្មែរក្រហម។ ក្រុមរបស់ខ្ញុំបានផ្សាភ្ជាប់ការប្រមែរប្រមូលប្រជាជនទៅគោលនយោបាយដែលបំផុសនូវកំហឹងចំពោះការឈ្លានពានរបស់កងទ័ពវៀតណាមមកលើប្រទេសកម្ពុជា។ មកទល់នឹងឆ្នាំ១៩៨៦ កងកម្លាំងរបស់ខ្ញុំបានចូលទៅរស់នៅក្នុងទឹកដីថៃមួយរយៈ ព្រោះកងទ័ពវៀតណាមបានវាយរុញច្រានយើងឲ្យចេញពីតំបន់១០០១។ ក្រោយមក ខ្មែរក្រហមក៏ចាប់ផ្ដើមរៀបចំផែនការដឹកជញ្ជូនរំសេវបុប្ផា មកកាន់តំបន់អន្លង់វែង ដើម្បីវាយរំដោះយកទីតាំងឈរជើងរបស់ខ្លួនដែលបានបាត់បង់ទៅ។
កងកម្លាំងរបសខ្ញុំបានដឹកជញ្ជូនរំសេវ១០០បន្ទះក្នុងម្នាក់ ដើម្បីទៅដាក់នៅក្នុងធុងសាំងធំមួយៗនៅអន្លង់វែង។ បន្ទាប់មក យើងបានបំផ្ទុះធុងសាំងនោះតាមរយៈខ្សែភ្ជាប់វែងមួយ នៅពេលកងទ័ពវៀតណាមធ្វើដំណើរមកដល់។ កងទ័ពវៀតណាមមួយចំនួនបានស្លាប់ដោយសារការដាច់ទងសួត ឬបេះដូង នៅពេលរំសេវនោះបានផ្ទុះកក្រើកនៅលើដី។ យើងបានរំដោះទឹកដីអន្លង់វែងពីការគ្រប់គ្រងរបស់កងទ័ពវៀតណាម នៅដើមឆ្នាំ១៩៩០។ ក្រោយមក យើងបានមកបោះទីតាំងឈរជើងនៅទីនោះសាជាថ្មី។
ការគ្រប់គ្រងរបស់ តាម៉ុក នៅតំបន់អន្លង់វែងនៅពេលនោះហាក់បានផ្ដល់នូវភាពកក់ក្ដៅទៅលើការសាមគ្គីរវាងយុទ្ធមិត្ដនៃកងយោធាខ្មែរក្រហមដើម្បីវាយរុញច្រានកងទ័ពវៀតណាមចេញពីទឹកដីអន្លង់វែង។ តាម៉ុក បានផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យសម្រាប់កងទ័ព និងប្រជាជនបានល្អប្រសើរឡើងវិញ។ ប៉ុន្ដែខ្ញុំអស់ជំនឿបន្ដិចម្ដងៗនៅពេល តាម៉ុក បានបែងចែកប្រជាជនមួយចំនួនចេញជាសមាសភាពល្អ និងមិនល្អ។ ខ្ញុំបានរស់ជីវិតពីសង្គ្រាមរុំារ៉ៃ ហើយនៅពេលសង្គ្រាមត្រូវបានបញ្ចប់នៅចុងឆ្នាំ១៩៩៨ ខ្ញុំបានកសាងជីវភាពរស់ឯកជនពីបាតដៃទទេ រហូតមានភាពប្រសើរមកដល់ពេលបច្ចុប្បន្ននេះ៕សរន