Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​នាំចូល​វ៉ាក់សាំង​កូវី​ដ​១៩​របស់​J&J, Pfizer​សំរាប់​មនុស្ស​១៦​លាន​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​Pfizer Inc និង Johnson & Johnson´s Janssen​ដើម្បី​នាំ​ចូល​វ៉ាក់សាំង​កូវី​ដ​១៩​សំរាប់​ចាក់​អោយ​មនុស្ស​១៦​លាន​​នាក់ នៅ​ពេល​ប្រទេស​នេះ​កំពុង​ប្រឈម​ដោះស្រាយ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ទី​៣ នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ប្រឈម​សម្ពាធ​ពី​សាធារណជន​កាន់តែ​ខ្លាំង​ឡើង​អំពី​ផែនការ​រក​វ៉ាក់សាំង​មក​ចាក់​អោយ​ប្រជាជន​នៅ​ពេល​ប្រទេស​ជួប​ការឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​ពុធ​។​

​បើ​តាម​នាយករដ្ឋមន្ត្រី ជុង ស្យេ​គ្យុន វ៉ាក់សាំង​ចាក់​២​ដង​របស់​Pfizer/BioNTech​ល្មម​សំរាប់​មនុស្ស​១០​លាន​នាក់​នឹង​ត្រូវ​ដឹក​មកដល់​កូរ៉េខាងត្បូង​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២១​។​

​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​របស់ Pfizer និង Janssen ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​រក​វ៉ាក់សាំង​អោយបាន​គ្រប់គ្រាន់​ពី​ក្រុមហ៊ុន​ឳ​សថ​ចំនួន​៤ និង​ពី​កម្មវិធី​COVAX​ដែល​គាំទ្រ​ដោយ​​អង្គការ​សុខភាព​ពិភពលោក សំរាប់​ចាក់​អោយ​មនុស្ស​៨៥​ភាគរយ​ក្នុងចំណោម​ប្រជាជន​កូរ៉េ​ខាងត្បូង​៥២​លាន​នាក់​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​រួច​ហើយ​ជាមួយ​ក្រុមហ៊ុន AstraZeneca Plc ហើយ​ការផ្តល់​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​ក៏​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​Moderna Inc ដើម្បី​​ទិញ​វ៉ាក់សាំង​២០​លាន​ដូស​។​

​បើ​តាម​មន្ត្រី​ម្នាក់​នៅ​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ អាជ្ញាធរ​សុខាភិបាល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ហើយ​នឹង​បញ្ចប់​នៅ​ប្រហែល​ខែវិច្ឆិកា​មុន​ការចាប់ផ្តើម​រដូវ​កើត​ផ្តាសាយ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​លៃ​ប្រាក់​ទុក​១,២​ពាន់​លាន​ដុល្លារ​សំរាប់​ការចាក់​វ៉ាក់សាំង​នៅ​ឆ្នាំក្រោយ​។​

​កាលពី​យប់​ថ្ងៃ​ពុធ កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​ឆ្លង​៩៨៥​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ នាំ​អោយ​ចំនួន​ឆ្លង​សរុប​ឡើងដល់ ៥៣.៥៣៣​នាក់ ក្នុងនេះ​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន ៧៥៦​នាក់​ស្លាប់​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular