ដោយៈ បូកគោ / កំពត: ប្រជាពលរដ្ឋ រស់នៅជុំវិញបរិវេណ ភ្នំកំពង់ត្រាច និងអមសងខាងផ្លូវ ឆ្ពោះទៅកាន់រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ មួយនេះ កំពុងមានក្តីសង្ឃឹម សម្រាប់ប្រាក់ចំណូលប្រចាំថ្ងៃ បន្ទាប់ពីទទួលបានផ្លូវបេតុង ដ៏ល្អស្អាត ធំទូលាយមួយខ្សែ។
ស្ត្រីឈ្មោះ អ៊ុក សុធា អាជីវករលក់ចាប់ហួយ ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច បានរៀបរាប់ថាៈ ជាយូរឆ្នាំមកហើយ ដែលអ្នកស្រី ប្រកបរបរលក់ដូរ តាមបណ្តោយផ្លូវ ទៅភ្នំកំពង់ត្រាចនេះ។ ការប្រកបអាជីវកម្ម កន្លងទៅ ជួបភាពលំបាក គ្រប់រដូវកាល ដោយខែប្រាំង ពេលរថយន្ត បើកបរឆ្លងកាត់ ឬមានខ្យល់បក់ម្តងៗ ដីហុយចូលផ្ទះ ប្រឡាក់អីវ៉ាន់ និងសម្លៀកបំពាក់ ស្ទើរមើលពុំយល់។ ចំណែកខែវស្សា ផ្លូវរអិល រួមទាំងជង្ហុកជ្រៅៗ ធ្វើឱ្យបាត់បង់ភ្ញៀវ ឆ្លងកាត់ទៅមក ពោលគឺមានតែអ្នកស្រុកប៉ុណ្ណោះ ដែលធ្វើដំណើរជាប្រចាំ ព្រោះមិនអាចខកខានបាន។
អាជីវករ ដដែល បានបន្តថាៈ ចាប់ពីមានផ្លូវបេតុង ល្អស្អាតនេះ តទៅ អ្នកស្រី សង្ឃឹមថា ភ្ញៀវនឹងមកលេងកម្សាន្ត នៅរមណីយដ្ឋាន ភ្នំកំពង់ត្រាច កាន់តែច្រើន ហើយគ្រប់អ្នកលក់ដូរ ក៏អាចរកប្រាក់ចំណូល ប្រចាំថ្ងៃ កើនឡើងបន្ថែមទៀតដែរ ។
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថាៈ ផ្លូវបេតុង ប្រវែង ១.៨៨០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ បែកចេញពី ផ្លូវជាតិលេខ ៣៣ ដល់រមណីយដ្ឋាន ភ្នំកំពង់ត្រាច ដែលជាអំណោយ របស់រដ្ឋបាលខេត្ត មួយខ្សែនេះ បានស្ថាបនារួចរាល់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីចាប់ផ្តើម សាងសង់ កាលពីចុងឆ្នាំ២០១៨ មក។ ផ្លូវនេះ មានសារសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជុំវិញបរិវេណ ភ្នំកំពង់ត្រាច និងអមសងខាងផ្លូវ តាមរយៈការដឹកជញ្ជូន របស់របរសព្វសារពើ ការលក់ដូរទំនិញ ក៏ដូចជា ដំណើរកម្សាន្តរបស់ ភ្ញៀវទេសចរទាំងឡាយ។ លើសពីនោះ ផ្លូវបេតុងដ៏ធំទូលាយនេះ នឹងបង្កភាពងាយស្រួល ចំពោះក្រុមគ្រួសារអ្នកជំងឺ ឬស្ត្រីឆ្លងទន្លេ ដែលត្រូវឆ្ពោះទៅកាន់ មន្ទីរពេទ្យបង្អែកស្រុក ក៏ដូចជា សិស្សានុសិស្ស ធ្វើដំណើទៅសាលារៀន។
ម្ចាស់អាហារដ្ឋាន ស្រីនាង មានទីតាំងស្ថិតនៅ ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច បានរៀបរាប់ថាៈ ពេលទទួលបានផ្លូវបេតុង ចូលមកដល់ភ្នំកំពង់ត្រាច គឺប្រជាជនសប្បាយចិត្ត ទាំងអស់គ្នា។ សង្ឃឹមថា ទៅថ្ងៃមុខ នឹងមានភ្ញៀវ មកលេងច្រើន ហើយការលក់ដូរ ពិតជាកាក់កបជាងមុន។ ដូច្នេះ ក្នុងនាមពលរដ្ឋ នៅស្រុកកំពង់ត្រាច គាត់សូមថ្លែងអំណរគុណ ចំពោះលោកអភិបាល ស្រុកកំពង់ត្រាច និងលោកអភិបាលខេត្តកំពត ដែលបានគិតគូរ ពីសុខទុក្ខរបស់អ្នករស់នៅ ជនបទបែបនេះ៕/V