ដោយៈ គង់ហេង / កំពង់ចាមៈ សប្បុរសជន ជាព្រះសង្ឃ ជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ចាម បានចូលរួមសកម្មភាព មនុស្សធម៌ជាមួយ រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ.១៩ បានកើនឡើងដល់ជាង ២០០ លានរៀល គឺប្រមាណជាង ប្រាំម៉ឺន ដុល្លារអាមេរិក រយ:ពេលប្រហែល ពីរសប្តាហ៍ កន្លងទៅនេះ។
មន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី២៤ ធ្នូនេះថាៈ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ សប្បុរសជន តាមបណ្តាមន្ទីរ ស្រុក អង្គភាពនានា បានបន្តនាំយកថវិកា មកបរិច្ចាគជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ដោយមានលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ និងអភិបាលរងខេត្ត រង់ចាំទទួល នៅសាលាខេត្ត ជាប្រចាំ។
ប្រភព បានបន្តថាៈ សប្បុរសជនច្រើនអង្គភាព របស់ខេត្តកំពង់ចាម បានជួយឧបត្ថម្ភផ្ទាល់ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែភាគច្រើន បានឧបត្ថម្ភ តាមរយៈរដ្ឋបាល ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៤ ដល់ ២៣ ខែធ្នូ ឆ្នាំ២០២០ សរុបចំនួនជាង ២០០លាន រៀល គឺស្មើនឹងប្រមាណ ប្រាំម៉ឺន ដុល្លារអាមេរិក៕/V