ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំកាមន បាននាំយកថវិកាឧបត្ថម្ភ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ១២នាក់ (ស្រី១១នាក់) រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា និងបានធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមាន វីរុសកូវីដ-១៩។
លោក ថេង សុថុល បានថ្លែងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្រគល់មកដល់ រដ្ឋបាលខណ្ឌចំកាមន សម្រាប់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាត ដែលបានរងផលប៉ះពាល់នឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ដោយពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ និងបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ។
គួរបញ្ជាក់ថា ក្រៅពីថវិកាឧបត្តម្ភ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងម្នាក់ៗ ៣០ ម៉ឺនរៀល ហើយនោះ, សម្រាប់លោកអភិបាលខណ្ឌចំការមន ក៏បានចែកជូននូវអង្ករ ក្នុងម្នាក់ ១បាវ ទម្ងន់ ២០ គីឡូក្រាម និងម៉ាសចំនួន ១០ ម៉ាសផងដែរ ៕/V