Home ព័ត៌មានសំខាន់ៗ ​រាជរដ្ឋាភិបា...

​រាជរដ្ឋាភិបាល​បន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២១

ដោយៈ​ច្រាយ​ចំណាន​ភ្នំពេញៈសំរាប់​ឆ្នាំ​២០២១​ខាងមុខនេះ​រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង​បន្ទុក​វិស័យ​ឯកជន​និង​ពលរដ្ឋ​បន្ថែមទៀត ក្នុងនោះ​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​អាមេរិក ក៏ត្រូវ​បាន​បន្ត​លើកលែង​រហូតដល់​ដំណាច់ឆ្នាំ​២០២១​។


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​វិធានការ​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​នៃ​វិបត្តិ ការស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយ​វិបត្តិ​នៃ​ជ​ងឺ​កូ​វីដ​១៩ ជុំ​ទី​០៧ បានឱ្យដឹងថា បន្ទាប់ពី​បាន​ពិនិត្យ ថ្លឹងថ្លែង​និង​ផ្លាស់ប្តូរ​យោបល់​លើ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​វិនិយោគ​ទាំង​ក្នុង​ក្របខណ្ឌ​សកលលោក​តំបន់​និង​ក្នុងស្រុក​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ជុំ​ទី​៧​ក្នុង​គោលបំណង​បន្ត​ដាក់ចេញ​និង​អនុវត្ត​វិធានការ​រក្សា​លំនឹង​អាជីវកម្ម​ខណៈដែល​កម្ពុ​ជា​កំពុង​បន្ត​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដូចជា​ទ្រទ្រង់​និង​ស្ដារ​អាជីវកម្ម​និង​ធុរកិច្ច​ឱ្យ​ងើប​ឡើងវិញ​ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​និង​បន្ត​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​តាម​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​បំផុត​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។
​យោងតាម​សេចក្តីប្រកាស​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​រដ្ឋាភិបាល​បានសម្រេច​បន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​តម្លៃ​ទាប​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​គិតពី​ខែមករា​ឆ្នាំ​២០២១​ដល់​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២១​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ដែល​ចុះបញ្ជី​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឬ​នៅតាម​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ទន្ទឹមនឹង​នេះដែរ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បញ្ចុះតម្លៃ​ផ្ទះ​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ដើម្បីឱ្យ​ពលរដ្ឋ​អាចមាន​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​ស្នាក់នៅ​។


​កន្លងមក​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ផងដែរ​ពី​ការពន្យារពេល​ក្នុងការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ដល់​ដើមឆ្នាំ​២០២២​ផងដែរ​។​អ្នកជំនាញ​នៃ​វិស័យ​អចលនវត្ថុ​បាន​សាទរ​នូវ​វិធានការណ៍ និង​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​ការជួយ​ដល់​វិស័យ​អចលនទ្រព្យ​។​លោក​ច្រឹ​កសុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា​ការអន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នឹង​អាចជួយ​ស្រោចស្រង់​ដល់​វិស័យ​អចលនទ្រព្យ​ដែល​រងគ្រោះ​ដោយសារតែ​កូ​វីដ​១៩​បាន​មួយកម្រិត​ទៀតហើយ​នឹង​ជួយ​ដល់​ពលរដ្ឋ​ម្ចាស់​អចលនទ្រព្យ​ក្នុង​ការទិញ​លក់​អចលនទ្រព្យ​ក្នុងពេល​វិបត្តិ​ផងដែរ ៕​ mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular