Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ​ក...

ប្រជាពលរដ្ឋ​កម្ពុជា​កោតសរសើរ​ដល់​ពលរ​ដ្ឋ​គំរូ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ការចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​លើ​ការសម្រួល​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​ការកកស្ទះ ការប្រើ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ទិញ​សៀវភៅ​សម្រាប់​សិស្ស និង​ការគាំទ្រ​កុមារកំព្រា និង​មនុស្ស​ចាស់ គឺ​គ្រាន់តែ​ជា​អំពើ​ល្អ​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ធ្វើ​សម្រាប់​មិត្តភក្តិ និង​អ្នកជិតខាង​របស់​ពួកគេ និង​សម្រាប់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ក្នុងប្រទេស​។​

​នៅក្នុង​ការស្ទង់មតិ​ក្រៅផ្លូវការ​មួយ ដែល​ធ្វើឡើង​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​អ្នករៀបចំ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​កម្ពុជា​បាន​កោតសរសើរ​ដល់​អ្ន​ក​ដែល​ពួកគេ​បាន​ស្គាល់ ដែល​បាន​ធ្វើអំពើ​ល្អជា​ប្រចាំ​។​

លោក ទឹម ម៉ន អាយុ ៤៨​ឆ្នាំ ដែលជា​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ

​លោក ទឹម ម៉ន អាយុ ៤៨​ឆ្នាំ ដែលជា​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា “​ខ្ញុំ​ចង់ឱ្យ​លោក សួស សារិន ចៅសង្កាត់​បឹងទំពន់​ទី​១ ប្រកួតប្រជែង​នៅ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart”​។
​លោក​បាន​បន្ថែមថា “​ម៉ោង ៥ យើង​ចប់​ម៉ោង​រដ្ឋបាល គាត់​អត់​ទៅផ្ទះ​ទេ គាត់​នៅចាំ​នៅ​សង្កាត់​។ គាត់​ឱ្យកម្លាំង​ប្រជា​ការពារ​មក​កែង​វត្ត មកលើ​ថ្នល់​។ កាលណា​ដឹងថា​ផ្លូវ​ស្ទះ​ហើយ គាត់​បញ្ជា​កម្លាំង​ចេញពី​សង្កាត់​មកជួយ ហើយ​គាត់​អត់​ទៅផ្ទះ​ទេ គាត់​ធ្វើ​តាំងពី​ម៉ោង ៥ ចប់​ហើយ​ត​សកម្មភាព និង​ធ្វើ​ជុំវិញ​វត្ត លើ​ថ្នល់ ២៧១ មុខ​ពេទ្យរុស្ស៊ី ហើយ​គ្មាន​កម្រៃ គ្មាន​អ្នកណា​ជូន​ស្អី​មកពីណា​ទេ គឺ​គាត់​មាន​ទឹកចិត្ត​ជួយ​ប្រជាពលរដ្ឋ​គាត់​”​។​

ប្រជាពលរដ្ឋ​ម្នាក់ទៀត​គឺ​លោក លឹម សុខ​ផេង អាយុ ៣៣ ឆ្នាំ មកពី​ខេត្តកណ្តាល បាន​កោតសរសើរ​ដល់​នាយក​សាលា​ម្នា​ក់នៅ​ខេត្តកណ្តាល​។​

លោក លឹម សុខ​ផេង អាយុ ៣៣ ឆ្នាំ មកពី​ខេត្តកណ្តាល

​លោក លឹម សុខ​ផេង “​ខ្ញុំ​ធ្លាប់​ស្គាល់​ម្នាក់​។ គាត់​ជានា​យក​សាលា​នៅ​ភូមិ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ ការជួយ​របស់គាត់​នៅ​សាលា​ហ្នឹង​ដូចជា​ពាក់ព័ន្ធ​ជាមួយ​សិស្ស​ក្រីក្រ ដែល​អត់​មាន​សម្ភារ​សិក្សា​គ្រប់គ្រាន់ គាត់​ជួយ​ជា​ថវិកា ឬ​គាត់​ទិញ​ជា​សម្ភារៈ​សិក្សា​ឱ្យ​សិស្ស​”​។

​លោក​បន្តថា “​សម្រាប់​មាតាបិតា​សិស្ស​ដែល​ខ្វះខាត ឧទាហរណ៍​ថា​គាត់​ស្លាប់​។ អញ្ចឹង គាត់​មាន​ថវិកា ឬ​រៃអង្គាស​នៅក្នុង​សាលា​ដើម្បី​ជួយ​ដល់​សិស្ស​ហ្នឹង​។ គាត់​ជួយ​ជា​កម្លាំងចិត្ត​ដល់​សិស្ស​កុំឱ្យ ដូច​ថា ឪពុកម្តាយ​គ្នា​ស្លាប់​ចឹ​ង​ទៅ វា​អាច​នឹង​ចង់​បោះបង់​ការសិក្សា​។ គាត់​ជួយ​ពន្យល់​សិស្ស ហើយ​ជួយ​ជា​ថវិកា​។ បើ​សិស្ស​អត់​មាន​មធ្យោបាយ​ធ្វើដំណើរ គាត់​ទិញ​ជា​កង់​ឱ្យ បើទោះជា​គាត់​អត់​មាន​ថវិកា​គ្រប់គ្រាន់​ក្តី គាត់​អាច​រៃអង្គាស​ពី​ក្នុង​សហគមន៍​ដើម្បី​ជួយ​ដល់​សិស្ស​”​។​

​អ្នកស្រី សិទ្ធិ ស្រី​ទៀង ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ

​អ្នកស្រី សិទ្ធិ ស្រី​ទៀង ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​កោតសរសើរ​ដល់​ព្រះសង្ឃ​មួយអង្គ​ដែល​ចំណាយពេល​វេលា​របស់​ព្រះអង្គ​ក្នុង​ការជួយ​យកអាសារ​ដល់​កុមារកំព្រា និង​មនុស្ស​ចាស់​។​

អ្នកស្រី​បាន​ថ្លែងថា​៖ “​ខ្ញុំ​ស្គាល់​លោក​មួយអង្គ​។ លោក​គង់នៅ​វត្ត​ភ្នំពេញ​ថ្មី លោក​ព្រះនាម យី ហាក់​។ លោក​តែ​ជួយ​ចាស់ជរា ក្មេង​កំព្រា ជនក្រីក្រ​។ លោក​មាន​ព្រះទ័យ​ទុកដាក់​ជាមួយ​អ្នកក្រ​។ លោក​តែង​យកអាសារ​ជាមួយ​អ្នកក្រ​ច្រើន​។ ចិត្ត​ខ្ញុំ​ចង់ឱ្យ​លោក​ចូល​ប្រកួត​ដែរ តែ​មិនដឹងថា លោក​ទៅ​អត់​”​។​

​ក្នុង​រយៈពេល​បួន​ខែ​ខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬ​ខេត្ត​របស់​ពួកគេ​។ កម្មវិធី​ដែលមាន​ឈ្មោះថា ពានរង្វាន់​ពលរដ្ឋ​គំរូ Smart គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata ដែលមាន​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នៅ​ទូទាំងប្រទេស​។​
​ក្រុមហ៊ុន Smart Axiata សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជ្រើសតាំង​អ្នក​ដែល​បាន​ធ្វើអំពើ​ល្អៗ​ជាច្រើន​សម្រាប់​មិត្តភក្តិ និង​អ្នកជិតខាង​របស់​ពួកគេ ព្រមទាំង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេងទៀត​។​

រូបភាព៖ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ “​យើង​ពិតជា​សង្ឃឹមថា ពលរដ្ឋ​គំរូ​ណា​ម្នាក់ នឹងត្រូវ​បានទទួល​ស្គាល់ សម្រាប់​ទង្វើ​ដ៏​ល្អ​ដែល​គេ​បាន​ធ្វើឡើង ក្នុង​ការជួយ​អ្នកដទៃ​”​។​

​ក្នុងនាម​ជា​អ្នករៀបចំ​កម្មវិធី​ពានរង្វាន់​នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់​នឹង​ជ្រើសតាំង​អ្នកណាម្នាក់​ដែល​បាន​ធ្វើអំពើ​ល្អ ដែល​ការជ្រើសតាំង​នេះ​អាច​ធ្វើឡើង​តាមរយៈ​គេហទំព័រ https://bit.ly/3lZwpVl​។​

ព្រះតេជគុណ ព្រះនាម យី ហាក់ គង់នៅវត្តភ្នំពេញថ្មី

​អ្នក​របៀប​ចំ​កម្មវិធី គ្រោង​នឹង​ជ្រើសរើស​បេក្ខជន​១០​នាក់ ដែល​ពួកគេ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជ័យលាភី ពលរដ្ឋ​ល្អ​នឹង ត្រូវបាន​ជ្រើសរើស​ដោយ​គណៈកម្មការ​មួយ​ដែលមាន​សមាសភាព​បី​រូប ដើម្បី​ឈ្នះ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​។ ឈ្មោះ​របស់​គណៈកម្មការ​នឹងត្រូវ​បានប្រកាស​នៅ​ដើមឆ្នាំ​២០២១​។​

​អ្នក​ជ្រើសតាំង​មាន​ពេល​រហូតដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ដើម្បី​ជ្រើសតាំង​អ្នក​ដែល​ពួកគេ​គិតថា​ជា​ពលរដ្ឋ​គំរូ​របស់ខ្លួន​៕​

រូបភាព៖ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ កំពុងសម្រួលចរាចរណ៍

លោក ឡុញ នី នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ក្រាំងយ៉ូវ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular