ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំមួយនៅកម្ពុជា កំពុងជួយឧបត្ថម្ភដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ “កំណប់កំបាំងភ្នែក” (Significance of theInsignificance”)។ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ធ្នូដោយត្រូវបានរៀបចំដោយមានការសហការពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ក្នុងនោះមានការចូលរួមពីវារគ្មិននានា រួមមានលោក Scott Neeson ស្ថាបនិករបស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) អ្នកស្រី យឹម សុធារី អ្នកចិត្តវិទ្យាដ៏ល្បីឈ្មោះ និងជាទីប្រឹក្សាផ្នែកជម្លោះ និងសន្តិភាព និងលោក កែវ សុធា សហមេធាវីនៃសាលាក្ដីខ្មែរក្រហម ។ ក៏មាន វាគ្មិន ចំនួន ៦ រូបផ្សេងទៀតដែរ។
រូបថតៈលោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា
វាគ្មិនទាំង ៩ រូប នឹងជជែកពិភាក្សាលើប្រធានបទ ដែលមានចំណងជើងថា “កំណប់កំបាំងភ្នែក” ។ លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជាបាននិយាយថា “កម្មវិធីនេះជាកម្មវិធីមួយដើម្បីអបអរដល់ដំណាច់ឆ្នាំនេះ ហើយដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មានសេចក្ដីរីករាយ ក្នុងការជួយឧបត្ថម្ភដល់កម្មវិធី TEDxRUPPសម្រាប់កិច្ចពិភាក្សាលើប្រធានបទដ៏ ពិសេសនេះ” ។
លោកស្រីបានបន្ថែមថា “ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែព្យាយាម ‘ដើរតួសំខាន់’ គ្រប់កិច្ចការដែលយើងធ្វើរាប់ចាប់តាំងពីការគាំទ្រដល់ ការងារបរិយាប័ន្នហិរញ្ញវត្ថុ រហូតដល់ការដើរតួនាទីឈានមុខគេក្នុងការដាក់ចេញនូវ បច្ចេកវិទ្យាហិរញ្ញវត្ថុមុនគេផងដែរ”។
ព្រឹត្តិការណ៍ TEDxRUPP នេះត្រូវបានរំពឹងថា នឹងមានអ្នកទស្សនាតាមអនឡាញប្រមាណ ២០០ ទៅ ៣០០ នាក់។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកមកទស្សនាផ្ទាល់ក្នុងចំនួនមានកំណត់ផងដែរនៅអគារ The Desk Flagship ស្ថិតក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកស្រី ឃួន ហ្វ្រង់ដារា បញ្ជាក់ថា “យើងតែងតែមានក្ដីរីករាយក្នុងការគាំទ្រដល់កម្មវិធី TEDxRUPP។ ស្រដៀងគ្នានឹងមោទនភាពរបស់កម្មវិធី TEDxRUPP ដែរ ក្រុមហ៊ុនទ្រូម៉ាន់នីមានមោទនភាពដែលតែងតែនាំមកនូវគំនិតផ្ដួចផ្ដើម ថ្មីៗសម្រាប់ទីផ្សារដែលផ្ដោតជាពិសេសលើយុវជនបច្ចុប្បន្ន” ។
ចាប់តាំងពីក្រុមហ៊ុនបានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាងមួយ ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារនៅឡើយ៕សរន