Home ព័ត៌មានជាតិ សេដ្ឋកិច្ច អត្រា​ពលរដ្ឋ​...

អត្រា​ពលរដ្ឋ​ដែលមាន​បង្គន់​ប្រើប្រាស់​ឈានដល់​ជិត ៧៥​ភាគរយ​

ដោយៈ សីហៈ​/​ភ្នំពេញៈ អត្រា​ពលរដ្ឋ​កម្ពុជា​ដែលមាន​លទ្ធភាព​ទទួល​ទឹកស្អាត និង ប្រើប្រាស់​បង្គន់​បាន​កើនឡើង​ប្រហាក់​ប្រហែលជា ៧៥​ភាគរយ ។ លោក​វេជ្ជបណ្ឌិត លន់ សាយ​តេង ប្រធាន​នាយក​ដ្នា​ន​ថែ​រទាំ​សុខភាព​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន ប្រសាសន៍ថា នៅ​កម្ពុជា​អត្រាកំណើន​ការទទួលបាន​ទឹកស្អាត អនាម័យ និង​ការសំអាត មានការ​កើនឡើង​គួរអោយកត់សំគាល់​។

​លោក​បាន​បន្តថា យោងតាម របាយការណ៍​អង្កេត​សង្គម​សេដ្ឋកិច្ច​ឆ្នាំ ២០១៧ អត្រា​ប្រជា ជន​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​មាន 58.7% និង​អត្រា​មាន​បង្គន់​ប្រើប្រាស់ 71.2%​។ លើសពីនេះទៅទៀត ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ផ្នែក​ទឹកស្អាត និង​អនាម័យ (MRD-MIS 2019) បានបង្ហាញ​ពី​កំណើន​គួរអោយកត់សំគាល់ ដែល​អត្រា គ្របដណ្តប់​ទឹកស្អាត កើន​ដល់ 75.12% និង​អត្រា​អនាម័យ 74.57% គិត​ត្រឹម​ចុងឆ្នាំ ២០១៩​។​

​លោក​បាន​បន្តថា ទោះបី​មាន​កំណើន​គួរអោយកត់សំគាល់ កង្វះ​ចន្លោះ នៅតែមាន​ដោយ យោងតាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់​ក្រសួង​អភិវឌ្ឍន៍ (MRD-MIS 2019) កម្ពុជា​នៅតែ មាន​ប្រជាជន​ប្រមាណ 25% ប្រមាណ​ជាង ៣​លាន នាក់​ទៀត នៅ​មិនទាន់មាន​បង្គន់ ប្រើប្រាស់​។​

​បើតាម​របាយការណ៍​អង្កេត​សង្គម​សេដ្ឋកិច្ច​ឆ្នាំ ២០១៧ នៅមាន​ប្រជាជន​ប្រមាណ 784,224 គ្រួសារ​ទៀត មិនទាន់មាន​បង្គន់ (28.8% នៃ​គ្រួសារ​នៅ​ជនបទ​សរុប 2,723,000)​។ ក្នុង ចំណោម​គ្រួសារ​ទាំងនោះ មាន​ប្រមាណ 236,000 គ្រួសារ​ជា​គ្រួសារ​ក្រីក្រ​។ ចំនួន​នេះ តំណាងអោយ 30% នៃ​គ្រួសារ​សរុប​ដែល​មិនមាន​បង្គន់​ប្រើប្រាស់​។ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​គោលដៅ​យ៉ាង​មុតមាំ​អោយសម្រេចបាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​នៅ​ជនបទ​អោយបាន ១០០% នៅ​ឆ្នាំ ២០២៥ មុន​គោលដៅ​អភិវឌ្ឍន៍​និរន្តរ ភាព​ឆ្នាំ ២០៣០​។

​លោក​វេជ្ជបណ្ឌិត​បានលើកឡើង​នូវ​តួរ​លេខ​នេះ នៅក្នុង​អំឡុង​ពេលដែល ក្រសួង​អភិ​វ​ឌ្ឈ​ន៍ ជនបទ​នៅថ្ងៃនេះ បានរៀបចំ កម្មវិធី​បណ្តុះបណ្តាល​និង​ពិភាក្សា​តាម​អន​ឡាញ​ដើម្បី​អបអរ ទិវា​ជាតិ​លើក​កំពស់​អនាម័យ​ជនបទ ក្រោម​ប្រធានបទ អនាម័យ​និង​ការសំអាត​សម្រាប់ ទាំងអស់គ្នា ។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​បញ្ជាក់ “​ក្រសួង​អភិវឌ្ឍន៍ជនបទ ប្តេជ្ញា​សម្រេច​អោយបាន គោលដៅ​របស់​រាជរដ្ឋាភិបាល អោយទទួល​បាន​អត្រា​គ្រប់​ដណ្តប់​ទឹកស្អាត និង​អនាម័យ ១០០% នៅ​ឆ្នាំ ២០២៥​។ យើង​ចង់ឃើញ​សហគមន៍​រស់នៅ​ជនបទ រស់នៅក្នុង​បរិស្ថាន ដែលមាន​អនាម័យ មាន​សុខ​ភាពល្អ និង​ការរស់នៅ​ល្អ ជាពិសេស​ក្មេងៗ និង​ជំនាន់​ក្រោយ របស់​យើង​។​”

​លោក​បាន​បន្តថា ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ឆ្នាំនេះ គឺ​ដើម្បី​រំលឹក និង​អំពាវនាវ អោយមាន​ការយកចិត្ត​ទុកដាក់ បន្ថែមទៀត​ដើម្បី បង្កើន​សន្ទុះ និង​អត្រា​គ្របដណ្តប់ អនាម័យ​នៅ​តំបន់​ជនបទ​។ នេះ​ជាការ​ក្រើន​រំលឹកថា ឆ្នាំ ២០២៥ នៅ​មិនយូរ​ទៀត​ទេ​។ វា​ជាការ​ចាំបាច់​ណាស់​នៅពេលនេះ ដែល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​វិនិយោគ បន្ថែម លើ​វិស័យ​អនាម័យ និង​ការសំអាត ដែល​អាចអោយ​ប្រជាជន​គ្រប់រូប​រួមទាំង ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍​យើង មាន​សុខ​ភាពល្អ និង​មាន​អនាគត​។ ហើយ​យើង នឹងមិន​ទុក​នរណាម្នាក់​ចោល​ទេ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular