ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន៦៧នាក់ទៀត ក្នុងនេះ៥៨នាក់ជាករណីឆ្លងក្នុងស្រុក និង៨នាក់ជាអ្នកធ្វើចត្តាឡីស័កក្រោយមកដល់ពីក្រៅប្រទេស ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បាននិយាយថា ៥៥នាក់ក្នុងចំណោមអ្នកឆ្លងក្នុងស្រុក៥៨នាក់ ជាប់ពាក់ព័ន្ធនឹងការផ្ទុះកូវីដ១៩នៅខេត្តសាមុត សាខន ហើយអ្នកឆ្លងភាគច្រើនជាអ្នកលក់ដូរនិងពលករថៃ។
សារព័ត៌មានបាងកកប៉ុស្តិ៍បាននិយាយទៀតថា អ្នកឆ្លងទី៦៧ ជាមនុស្សឆ្លងព្រំដែនខុសច្បាប់ទៅពីកម្ពុជា។
អ្នកនាំពាក្យបានបន្ថែមថា តាំងពីផ្ទុះកូវីដ១៩នៅខេត្តសាមុត សាខនមក កម្មករពលករចំណាកស្រុកមកពីប្រទេសជិតខាងចំនួន១.២៧៣នាក់ត្រូវបានធ្វើតេស្តិ៍ឃើញកូវីដ១៩។
នៅទូទាំងពិភពលោកនៅ២៤ម៉ោងមកនេះ ការឆ្លងកូវីដ១៩បានកើន៦៨៣.០០៨នាក់ទៀត រហូតដល់ចំនួន៧៩,០៥លាននាក់ និងជាង១,៧៤លាននាក់បានស្លាប់ បន្ទាប់ពីអ្នកជំងឺ១៣.៤២៣នាក់ទៀតស្លាប់។អាម៉េរិកមានអ្នកឆ្លងឡើងដល់១៨,៩២លាននាក់ និង៣៣៤.២១៨ស្លាប់ ក្រោយ៣.៤០១នាក់ទៀតបានស្លាប់ដោយកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ។
មានព័ត៌មានមួយទៀតពាក់ព័ន្ធនឹងកូវីដ១៩នៅថៃនេះដែរ គឺថាថៃនឹងមិនបិទប្រទេសដោយសារតែការផ្ទុះវីរុសកូរ៉ូណានៅមួយរយៈពេលចុងក្រោយនេះទេតែអាជ្ញាធរកំណត់តំបន់គ្រប់គ្រងកូវីដ១៩ដោយផ្អែកលើចំនួននិងទំហំនៃការឆ្លងដូច្នេះការអបអរបុណ្យណូអែល និងឆ្លងឆ្នាំនឹងត្រូវអនុញ្ញាតក្រោមការរឹតត្បិតដ៏តឹងរឹង។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បាននិយាយថា មានតំបន់អនុវត្តវិធានការកូវីដ១៩ចំនួន៤ គឺតំបន់ក្រហម ទឹកក្រូច លឿងនិងបៃតង។
តំបន់ក្រហម ត្រូវធ្វើការត្រួតពិនិត្យអតិបរមា ដោយសារចំនួនឆ្លងច្រើនដូចជានៅខេត្តសាមុត សាខន រីឯតំបន់បៃតងជាកន្លែងដែលមិនមានការឆ្លង។ការអបអរពិធីជួបជុំសប្បាយអាចអនុញ្ញាតអោយធ្វើនៅតំបន់២ចុងក្រោយ តែបន្ថយទំហំនិងមិនអោយមានការជួបជុំមនុស្សជាហ្វូងធំៗទេ៕
កម្មករបន្តសម្អាតផ្សារនៅខេត្តសាមុត សាខន កន្លែងដែលស្ថិតនៅតំបន់ក្រហម