ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយម កាលពីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានបើកិច្ចប្រជុំពិភាក្សា លើគម្រោងស្តារ អូរ បឹងធម្មជាតិ ចំនួន ២២ គម្រោង នៅក្នុងស្រុកមុខកំពូល បន្ទាប់ពីគម្រោង សាច់ប្រាក់ពលកម្មនេះ ចាប់ផ្តើមអនុវត្ត បានបន្តិច មានអ្នកធ្វើការតវ៉ារួចមក។
លទ្ធផលនៃកិច្ចប្រជុំ ដែលដឹកនាំដោយលោក ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងមន្ត្រីជំនាញ បច្ចេកទេសពាក់ព័ន្ធ ជាមួយនឹងគម្រោងស្តារបឹង បួរ និងព្រែក ក្រោមក្របខណ្ឌគម្រោង សាច់ប្រាក់ពលកម្ម ដែលជាគម្រោងដឹកនាំអនុវត្ត ដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមនេះ មិនទាន់ត្រូវបានគេ ប្រកាសឱ្យដឹងនៅឡើយទេ។
កិច្ចប្រជុំ បានរូតរះធ្វើឡើង បន្ទាប់ពីគម្រោងខាងលើ ចាប់អនុវត្តបានបន្តិច ក៏មានការតវ៉ាពីអ្នកកាន់កាប់ដី នៅតំបន់នោះ ដោយគេបាននាំគ្នា យកលិខិតសុំ អន្តរាគមន៍ បញ្ឈប់គម្រោងខ្លះ ទៅដល់សាលាស្រុកមុខកំពូល សាលាខេត្តកណ្តាល និងក្រសួងធនធានទឹក និងឧតុនិយម កាលពីចុងសប្តាហ៍មុន ដោយគេយល់ថា គម្រោងនេះ មានផលប៉ះពាល់ ដល់ដីលំនៅដ្ឋាន និងដីស្រែចម្ការ ដែលពួកគេ បានអាស្រ័យផល ជាយូរមកហើយនោះរួចមក។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានជម្រាបទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អំពីការស្តារបឹងបួរ អូរធម្មជាតិ ចំនួន ២២ កន្លែង ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល ដោយនៅក្នុងលិខិតលេខ ១៤៧៨ធទឧ បានសរសេរថា ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុ និយម ធ្វើការអនុវត្តផែនការការងារ រយៈពេលវែង លើវិស័យធារាស្ត្រ ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាពនោះ ក្រសួងធនធាន ទឹក និងឧតុនិយម នឹងធ្វើការស្តារបឹងបួរអូរ ធម្មជាតិ ចំនួន ២២ កន្លែង ក្រោមក្របខណ្ឌគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និង ការគាំទ្រកសិករ សម្រាប់ការកំណត់ព្រំប្រទល់ បឹងបួរអូរធម្មជាតិ ដើម្បីរក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ ដូចនេះ ដើម្បីឱ្យការងារស្តារឡើងវិញ នូវបណ្តាអនុគម្រោង ខាងលើ ប្រព្រឹត្តទៅបានល្អ និងទទួលបានជោគជ័យ សូមលោកប្រធាន ចាត់វិធានការ ជាមួយនឹងអាជ្ញាធរ ដែនដី ដែលពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគម្រោង ខាងលើ រួមមាន លោកអភិបាលស្រុក មេឃុំ ប្រធានភូមិ ដើម្បីធ្វើការសហការ ជាមួយនឹងផ្នែកគ្រប់គ្រង គម្រោងរបស់ក្រសួង ក្នុងការអនុវត្តសកម្មភាពការងារ ស្តារបឹងបួរ អូរធម្មជាតិ ឱ្យសម្រេច បានល្អប្រសើរប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។
គម្រោងអូរ និងបឹង ចំនួន ២២ ដែលត្រូវស្តារ ក្រោមក្របខណ្ឌគម្រោង សាច់ប្រាក់ពលកម្ម នៅក្នុងស្រុកមុខកំបូល រួមមានៈ បឹងចំណីសព្វ, បឹងចំណីពពែ, អូរធម្ម ជាតិជ្រូងសណ្តាន់១.២ , ប្រឡាយអែបបឹងអន្ទាក់, បឹងអន្ទាក់ , មេទឹកផ្លូវឆ្ការ , បឹង អូរវែង, អូរធម្មជាតិព្រែក ក្រងស្វាយ, អូរធម្មជាតិព្រែកសណ្តាន់, មេទឹកកន្លងឆ្តោ, អូរធម្មជាតិព្រែកថ្កូវ, អូរធម្មជាតិលើងករ,អូរធម្មជាតិដើមជ្រៃ-ចុងថ្នល់,អូរធម្ម ជាតិ ដើមជ្រៃ, បឹងតូច, បឹងកំពីងពួយ, មេទឹកតាសែន,បឹងត្រាវធំ, មេទឹកដំរីឆ្លងនិង មេ ទឹកបែកក្អម៕/V..mara/srn