ប្រែសម្រួល : កញ្ញាដាលីស ៖ ពិភពម៉ូតគឺពោរពេញដោយការផ្លាស់ប្តូរ ប៉ុន្តែស្តែលឡា ថេនណា គឺជាអ្នករួចផុតពីការផ្លាស់ប្តូរនេះយ៉ាងកម្របំផុតដោយបន្តជោគជ័យនៅលើវេទិកាដើរម៉ូតនិងមានវត្តមានលើគម្របទស្សនាវដ្តីជិត៣០ឆ្នាំ។
កូនអភិជនប្រែមកជាតារាងបង្ហាញម៉ូតអង់គ្លេសដ៏ជោគជ័យរូបនេះបានរៀបការជាមួយជាងថតរូបបារាំងឈ្មោះ ដេវីដ ឡាសណេត រួមរស់ជាមួយគ្នាជាង២ទសវត្សរ៍ មានកូនបួននាក់ជាមួយគ្នា ហើយរស់នៅយ៉ាងសុខសាន្តនៅផ្ទះជនបទមួយនៅស្កុតឡែន។
កាលពីខែសីហាកន្លងទៅថ្មីៗនេះ ស្តែលឡាអាយុ៥០ឆ្នាំបានលែងលះប្តីស្ងាត់ៗ ក្រោយរៀបការបាន២១ឆ្នាំ។ ហើយដំណឹងមរណភាពរបស់នាងត្រូវបានប្រកាសកាលពីថ្ងៃអង្គារទី២២ធ្នូគឺក្រោយប្រារព្ធខួប៥០ឆ្នាំរបស់នាងទើបតែបាន៥ថ្ងៃ។
សេចក្តីថ្លែងការណ៍ពីគ្រួសាររបស់នាងបានសរសេរថា “វាពិតជាសោកសង្រេងជាទីបំផុតដែលយើងប្រកាសអំពីមរណភាពភ្លាមៗរបស់ស្តែលឡា ថេនណាន។ស្តែលឡាជាស្ត្រីអស្ចារ្យនិងជាការជំរុញទឹកចិត្តដល់យើងទាំងអស់គ្នា”។
ប៉ូលិសស្កុតឡែននិយាយថា មានមនុស្សតេទូរស័ព្ទហៅក្រុមមន្ត្រីទៅអាសយដ្ឋានក្បែរភូមិដាន់ជិតផ្ទះរបស់ស្តែលឡានៅម៉ោងប្រហែល១១៖៣០នាទីព្រឹកថ្ងៃអង្គារ ដោយបន្ថែមថាគ្មានអ្វីគួរឱ្យសង្ស័យចំពោះមរណភាពរបស់នាងនោះទេ។
ក្រោយទទួលដំណឹងមរណភាពនេះ ពិភពបង្ហាញម៉ូតបានចូលរួមរំលែកទុក្ខដល់នាងនៅទូទាំងពិភពលោក៕
ស្តែលឡា ថេនណាន ស្លាប់នៅអាយុ៥០ឆ្នាំនៅស្កុតឡែនកាលពីថ្ងៃអង្គារ