ដោយៈ ម៉េងឆៃ /ភ្នំពេញៈ នៅពេលនេះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី កំពុងអនុវត្តនូវគម្រោង «ប្លាស្ទិកដូរយកអង្ករ»។ នោះគឺប្រជាពលរដ្ឋ តាមសហគមន៍តំបន់បឹងទន្លេសាប អាចរើសកាកសំណល់ប្លាស្ទិកដើម្បីយកទៅដូរយក អង្ករ។ គម្រោងនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក ក៏ដូចជា ទប់ស្កាត់នូវការបោះចោលថង់ប្លាស្ទិក ពាសវាលពាសកាល។ គម្រោងប្លាស្ទិកដូរយកអង្ករ កំពុងអនុវត្តនៅក្នុងសហគមន៍បឹងទន្លេសាប ក្នុងខេត្តសៀមរាប។ ប្លាស្ទិក ដែលប្រមូលបានត្រូវយកស្តុកទុក នៅក្នុងកន្លែងមួយ ដែលទើបបង្កើតឡើងឈ្មោះថា «ជង្រុកប្លាស្ទិក»។
រូបថតៈលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន(រូបឯកសារ)
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងពេលចុះពិនិត្យការអនុវត្តគម្រោង ក្នុងសហគមន៍មេជ្រៃ ស្រុកពួក ខេត្តសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅ បានឲ្យដឹងថា គោលបំណងសំខាន់ ក្នុងការបង្កើតជង្រុកបា្លស្ទិកក៏ដូចជាការអនុវត្ត នូវគម្រោង ប្លាស្ទិក ដូរអង្ករនេះ ក្នុងទិសដៅ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលពាស កាល ជាពិសេសការបំពុល ក្នុងបឹងទន្លេសាប មច្ឆាជាតិ និងជីវចម្រុះផ្សេងៗទៀត។
បើតាមលោក នេត្រ ភក្ត្រា ការយកប្លាស្ទិកដូរអង្ករនេះ គឺពលរដ្ឋ ដែលរើសកាកសំណល់ សំរាមប្លាស្ទិកបាន ៥គីឡូក្រាម ពួកគាត់អាចដូរយកអង្ករ បាន ១០គីឡូក្រាម។
គម្រោងនេះ ត្រូវបានក្រសួងបរិស្ថាន ប្រកាសថា បានទទួលជោគជ័យ គួរកត់សម្គាល់ នៅក្នុងសហគមន៍មេជ្រៃនិងក៏មានអនុវត្តនៅ ឃុំកំពង់ភ្លុក កំពង់ឃ្លាំង និងចុងឃ្នាស ខេត្តសៀមរាបផងដែរ។ ចំពោះសំណល់ប្លាស្ទិក ដែលប្រមូលបានតាមរយៈគម្រោង ប្លាស្ទិកដូរអង្ករនេះ គឺមួយផ្នែក នឹងយកទៅកែច្នៃ ធ្វើជាឥដ្ឋបរិស្ថាន ព្រោះថា ការដុតសំណល់ប្លាស្ទិក នឹងនាំឲ្យបំពុលបរិយាកាស។ ដូច្នេះក្រសួង បានសហការជាមួយអង្គការដៃគូ កែច្នៃសំរាមកាកសំណល់ប្លាស្ទិក ធ្វើជាឥដ្ឋបរិស្ថាន។
ក្រៅពីទទួលបានអង្ករ អង្គការមូលនិធិទំពាំងស្នងឫស្សី ក៏បានរង្វាន់លើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍បឹងទន្លេសាប ជាថវិកា និងគ្រឿងបរិភោគផ្សេងទៀត។
ក្នុងនោះ ប្រជាពលរដ្ឋ នៅភូមិពាមតាអួរ ជាង ៣០០គ្រួសារ រស់តាមផ្ទះបណ្តែតទឹក លើផ្ទៃបឹងទន្លេសាប បានបញ្ឈប់ការចោលប្លាស្ទិក ទៅក្នុងទឹក និងឈប់ដុតប្លាស្ទិក ដោយពួកគាត់ ចេះញែកកាកសំណល់សំរាមទុកផ្សេងៗពីគ្នា ពិសេសសំណល់ប្លាស្ទិក ដើម្បីយកទៅដូរអង្ករ។
ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ មានថង់ប្លាស្ទិករាប់សិបលាន បានហូរពីស្ទឺងសៀមរាប ចាក់ចូលទៅបឹងទន្លេសាប។ ក្នុងឆ្នាំ២០១៩ កន្លងទៅ មានថង់ប្លាស្ទិក ជាង ៤ពាន់ការ៉ុង ត្រូវបានប្រមូលចេញពីបឹងទន្លេសាប និងក្នុងឆ្នាំ២០២០នេះ កើនឡើងជាង ៥ពាន់ការ៉ុង ស្មើប្រមាណ ២៥០តោន។ សំរាមកាកសំណល់ប្លាស្ទិកទាំងនោះ ត្រូវបានប្រមូលចេញពីបឹងទន្លេសាប។
រូបថតៈក្រសួងបរិស្ថាន
នៅពេលទទួលបានជោគជ័យហើយ នៅក្នុងខេត្តសៀមរាប ក៏គួរតែក្រសួងបរិស្ថាន សហការជាមួយដៃគូអង្គការនានា បន្តអនុវត្តនូវគម្រោងប្លាស្ទិក ដូរអង្ករ នៅក្នុងសហគមន៍ជាច្រើនទៀត នៅជាប់បឹងទន្លេសាប ដូចជា នៅបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។
ក្រៅពីនេះ នៅតំបន់ផ្សេងទៀត ទូទាំងប្រទេស មិនថា តាមដងទន្លេមេគង្គ ទំនប់ ឬក៏អូរ ស្ទឹងព្រែក ឬក៏ស្រះទឹកទេ នៅតាមទីប្រជុំជន ឬតាមជនបទទេ សូម្បីតែស្រះទឹក នៅក្នុងវត្ត ក៏កើតមានបញ្ហាកាកសំណល់ប្លាស្ទិកអណ្តែតពាសវាលពាសកាលដែរ។
ក្រៅពីគម្រោងសាកល្បង ប្លាស្ទិកដូរយកអង្ករ នេះ ក្រសួងបរិស្ថាន ក៏គួរតែសហការជាមួយអាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ភូមិ ដល់ឃុំសង្កាត់ ស្រុក ខណ្ឌក្រុង និងខេត្តរាជធានី ដើម្បីគ្រប់គ្រងកាកសំណល់សំរាម ពិសេសប្លាស្ទិក ដែលមានតាំងពីថង់ប្លាស្ទិក ប្រអប់ជ័រ កែវជ័រ និងដបទឹកសុទ្ធ ជាដើម។
តាមភូមិឃុំសង្កាត់ គួរតែមានកន្លែងចាក់សំរាមរួម យ៉ាងតិចមួយ។ លើកលែងតែនៅរាជធានីភ្នំពេញ ខេត្ត ស្រុកក្រុងមួយចំនួន ដែលមានសេវាប្រមូលសំរាម។
ក្រៅពីនោះ នៅតាមភូមិឃុំសង្កាត់តាមក្រុងខេត្តផ្សេងទៀត ក៏ត្រូវតែមានសេវាប្រមូល និងដឹកជញ្ជូនសំរាមដែលអនុវត្តដោយភ្នាក់ងារ ក្រុមហ៊ុនឯកជន ឬក៏អាជ្ញាធរភូមិឃុំសង្កាត់ នៅមូលដ្ឋានទាំងនោះតែម្តង។
ប្រជាពលរដ្ឋគ្រប់រូប ពិសេសនៅតាមមូលដ្ឋានភូមិឃុំសង្កាត់ ត្រូវតែចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយត្រូវបង់វិភាគទានលើអនាម័យសំរាមដែលមានតម្លៃសមល្មមណាមួយដែលអាចទទួលយកបាននិងសមស្រមតាមស្ថានភាពភូមិសស្ត្រនីមួយ គឺប្រជាពលរដ្ឋយើង សុទ្ធតែមានលទ្ធភាព ដើម្បីបរិស្ថានស្អាត អនាម័យល្អ និងការរស់នៅស្អាត តាមស្រុកតាមភូមិយើង។
រូបថតៈក្រសួងបរិស្ថាន
អាជ្ញាធរសមត្ថកិច្ច ក្រៅពីរៀបចំឲ្យមានការដឹកជញ្ជូន ប្រមូលកាកសំណល់សំរាមនេះហើយ ក៏ត្រូវតែរៀបចំឲ្យមានធុងដាក់សំរាម នៅតាមទីសាធារណៈ តាមផ្លូវ ពិសេសនៅទីប្រជុំជនឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ព្រោះថា បើមិនមានធុងសំរាមទេ នោះប្រជាជនយើង ក៏មិនដឹងយកសំរាមទៅបោះចោលនៅទីណាដែរ។
ក្រៅពីមានធុងសំរាមហើយ គឺជាការចូលរួមរបស់ប្រជាពលរដ្ឋ ដែលត្រូវបោះចោលសំរាម និងកាកសំណល់ នៅក្នុងធុង ឬក៏ត្រូវវេចខ្ចប់កាកសំណល់ ដែលទទួលទានរួច យកទៅបោះចោល ព្រោះថា អ្នកអាចដឹកជញ្ជូនវេចខ្ចប់ចំណីអាហារទាំងនោះ យកទៅទទួលទានក្រៅផ្ទះបាន ចុះហេតុអ្វី ក៏អ្នកមិនអាចវេចខ្ចប់យកកាកសំណល់ពីការទទួលទាននោះ យកទៅបោះចោលក្នុងធុងសំរាម ឬកន្លែងចោលសំរាម ឬក៏យកមកផ្ទះវិញបាន?។
ដូច្នេះការចាប់ផ្តើមរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ លើគម្រោងប្លាស្ទិក ដូរអង្ករ នៅសហគមន៍បឹងទន្លេសាប គឺជាការចាប់ផ្តើមមួយដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយកាកសំណល់សំរាម ពិសេសប្លាស្ទិក ចេញពីបឹងទន្លេសាប។ តែដើម្បីឲ្យសហគមន៍មូលដ្ឋានភូមិឃុំសង្កាត់របស់យើង កាត់បន្ថយ និងគ្រប់គ្រងសំរាមកាកសំណល់ប្លាស្ទិកបាន ក៏គួរតែបង្កើតឲ្យមានសេវាប្រមូល ដឹកជញ្ជូនសំរាមឲ្យដល់ភូមិឃុំសង្កាត់នៅទូទាំងប្រទេស តាមរយៈការចូលរួមវិភាគទានពីប្រជាជន និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន។ វិភាគទានសំរាមនោះ គឺអាចចំណាយលើសេវាប្រមូល និងដឹកជញ្ជូនសំរាមនៅមូលដ្ឋាននោះ ហើយបើនៅសល់ ក៏អាចអភិវឌ្ឍន៍នៅមូលដ្ឋាន ជួយដល់បងប្អូនប្រជាពលរដ្ឋវិញផងដែរ៕សរន
រូបថតៈក្រសួងបរិស្ថាន