ដោយ: មុនីរ័ត្ន / ភ្នំពេញ: មនុស្សចំនួន ៩៨០នាក់បានស្លាប់ និង ២៩២១នាក់ បានរងរបួសក្នុងនោះរបួសធ្ងន់ចំនួន ១៧៧២នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន ១៩៥៤លើកលើក ក្នុងរយៈពេល ២៣៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទ២៤ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កើតឡើងចំនួន ៧លើក ស្លាប់ ៥នាក់ និងរបួស ៦នាក់ ក្នុងនោះរបួសធ្ងន់ ៤នាក់ និងស្រាល ២នាក់ ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២៣៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៤២៨៧០គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៧៨៧៥៨គ្រឿង និងរថយន្តមានចំនួន ៦៤១១២គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕