ដោយៈ ទេព មង្គល – ទេពកង្រី / កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារម៉ូតូ និងរថយន្ត ប៉ះទង្គិចគ្នាខ្លាំង នៅក្នុងដំណើរខ្វែងទិសគ្នា ហើយភ្លាមៗនោះ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង ១១ កន្លះ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវ ចាក់កៅស៊ូ មួយកន្លែង នៅចំណុចផ្លូវបែកជាបួន ក្រោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ ដើមចម នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺម៉ូតូពាក់ស្លាកលេខ កំពង់ឆ្នាំង 1C 23-79 បើកបរដោយស្ត្រី ឈ្មោះ ម៉ូ សារឹម អាយុ ៥០ ឆ្នាំ មានលំនៅ ក្នុងភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីទិសខាងជើង ទៅខាងត្បូង ។ ដោយឡែក រថយន្តបង្កម៉ាក ហ្វរដ៍ ( Ford ) ពាក់ស្លាក់លេខ ភ្នំពេញ 2AL 84-27 បើកបរដោយបុរស ឈ្មោះ វី គឹមឡុង អាយុ ៣២ ឆ្នាំ មានលំនៅ នៅភូមិវត្តភ្នំ ឃុំភ្នំកូ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីខាងលិច ទៅខាងកើត លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ យ៉ាងពេញទំហឹង បណ្ដាលឱ្យស្ត្រី ជាអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ តែម្តង។
ក្រោយពេលកើតហេតុ សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់អោយទៅសាច់ញាតិ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។ ដោយឡែក អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន រួមនឹងដកហូតរថយន្ត ហើយកសាងសំណុំរឿង ចាត់ការបន្ត ទៅតាមនីតិវិធី៕/V..mara