Home ព័ត៌មានជាតិ សង្គម ​ទូត​កម្ពុ​ជា...

​ទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង ចែករំលែក​ពី​វិធី​ថែទាំ​សុខភាព នាពេល​អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង ដល់​ពលរដ្ឋ​ខ្មែរ​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានចេញ​សេច​កី្ត​ណែនាំ​មួយ ស្ដីពី​ការថែទាំ​សុខភាព នា​រដូវរងា ក្នុង​គោលបំណង លើកកម្ពស់​សុខមាលភាព ក៏ដូចជា ការការពារ និង​ទប់ស្កាត់​នូវ ហានិភ័យ​ផ្សេងៗ ដែល​អាចធ្វើឱ្យ​ប៉ះពាល់ ដល់​សុខភាព និង​អាយុជីវិត​ដ៏​មានតម្លៃ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ជាការ​ចែករំលែក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ និង​ស្នាក់នៅ សាធារណរដ្ឋ​កូរ៉េ ពី​ប្រការ​គួរ​យល់ដឹង​សំខាន់ៗ មួយចំនួន អំពី​ការថែទាំ​សុខភាព នាពេល​អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង​។​

​យោង​សេច​កី្ត​ណែនាំ​របស់ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មានន័យ​ទាំងស្រុង​ថាៈ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស ចែករំលែក​ប្រការ គួរ​យល់ដឹង​សំខាន់ៗ មួយចំនួន អំពី​ការថែទាំ​សុខភាព នាពេល​អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ និង​ស្នាក់នៅ​សាធារណរដ្ឋ​កូរ៉េ ដូចខាងក្រោមៈ​

១.​ពេលធ្វើ​ដំណើរ ឬ​ទៅ​ធ្វើការ នៅ​ខាងក្រៅ​ផ្ទះ សូម​ស្លៀក​សម្លៀកបំពាក់ ឱ្យបាន​ក្រាស់ និង​ប្រើ​កន្សែង​រុំ ក ពាក់មួក ព្រមទាំង​ពាក់​ស្រោមដៃ​ផង ។​
២. សូម​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​ងាយៗ នៅក្នុង​ផ្ទះ ឱ្យបាន​ទៀងទាត់ ។​
៣. ពេល​គេង ត្រូវ​បើក​ម៉ាស៊ីន​សំណើម ឬ​ត្រូវដាក់​ទឹក​មួយ​ផ្តិល នៅក្នុង​បន្ទប់ ឬ​បង្ហើប​បង្អួច​បន្ដិច សូមកុំ​បើក​ម៉ាស៊ីនកម្តៅ​ខ្លាំងពេក ដោយ​រក្សា​កម្តៅ ក្នុង​បន្ទប់ ឱ្យនៅ​ត្រឹម​សីតុណ្ហភាព​ពី ២០ ទៅ ២៥ អង្សារ ។​
៤.​សូមកុំ​បិទ​បង្អួច​បន្ទប់​ជិត​ពេក ត្រូវ​ទុកចន្លោះ​បង្អួច ឱ្យមាន​ខ្យល់​អុកស៊ីសែន ចេញចូល​គ្រប់គ្រាន់ ក្នុង​មួយថ្ងៃ ២ ទៅ ៣ ដង អាច​បើក​ម្ដង រយៈពេល ១០ នាទី ។ ៥.​សូម​បរិភោគ​អារ​ហារ ដែល​សំបូរ​ជីវជាតិ ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស​ប្រភេទ​អាហារ ដែលមាន​វីតាមីន D មានដូចជា ត្រី ស៊ុត​លឿង ថ្លើម ឈី​ស ជាដើម ។ ៦.​សូម​ពិសា​ទឹក ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ជៀសវាង​ការបាត់បង់ ជាតិ​ទឹក​នៅក្នុង​ខ្លួន ពិសា​យ៉ាងតិច ១,៥ លីត្រ ក្នុង​មួយថ្ងៃ​។​
៧. សូម​លាង​សម្អាត​ដៃ ឱ្យបាន​ស្អាត ជាមួយនឹង​សាប៊ូ ពេល​ត្រឡប់​មកពី​ខាងក្រៅ ហើយ​ជៀសវាង យកដៃ​ទៅ​ប៉ះ ភ្នែក​ច្រមុះ និង​មាត់ ។​
៨. ជៀសវាង​ការទទួល​ទាន គ្រឿង​ស្រវឹង និង​បារី ច្រើន​លើស​កម្រិត ។​
៩.​ប្រសិនបើ​មាន​អកា​រៈ មិន​ស្រួលខ្លួន ឬ​មាន​បញ្ហា​សុខភាព សូម​ទៅពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ ជាបន្ទាន់ ជៀសវាង​បញ្ហា​កើតឡើង ជាយថាហេតុ​។ បើ​មាន​ករណី​បន្ទាន់ សូម​ទាក់ទង​ទៅ​លេខ ១១៩​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន ខាងលើ ស្ថាន​ឯកអគ្គរាជទូត សូម​អំពាវនាវ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់ មេត្តា​យកចិត្តទុកដាក់ ឱ្យបាន​ខ្ពស់​លើ ការថែរក្សា​សុខភាព និង​ចូលរួម​អនុវត្ត និង​ជួយ​ផ្សព្វផ្សាយ អំពី​ការថែទាំ​សុខភាព ឱ្យបាន​ទូលំទូលាយ ជាមួយនឹង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular