ដោយៈសុផល/ភ្នំពេញៈក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ រួចហើយ ដែលផែនទីចង្អុលផ្លូវនេះចែកចេញជាបីដំណាក់កាល។
បីដំណាក់កាលនេះមានៈ ដំណាក់កាលទី១. ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ(២០២០-២០២១),ដំណាក់កាលទី២.ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ កូវីដ-១៩ (២០២២-២០២៣)និង ដំណាក់កាលទី៣. ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។
សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍និងបានទទួលការគាំទ្រពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំចុងក្រោយរបស់គណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍និងដាក់ឆ្លងរាជរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ។
ដើម្បីឈានទៅអនុវត្តប្រកបដោយផ្លែផ្កាកាលពីព្រឹកថ្ងៃទី២៤ខែធ្នូនៅទីៅស្តីការក្រសួងលោកថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ដឹកនាំប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩៕សរន