ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃទី២៤ ខែធ្នូ លោក រដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយ និងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម។
នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក រដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយ និងពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបូកសរុបបញ្ចប់ការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម(រូបថតកក្រសួងកសិកម្ម)
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានលើកឡើងថាស្ថិតិដំណាំកសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលពីព្រោះវាគឺជាសូចនាករណ៍មួយអាចវិភាគ និងឆ្លុះបញ្ចាំងឱ្យឃើញនូវការប្រែប្រួល និងលើកវិធានការដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មដែលជះឥទិ្ធពលមកលើគម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មទាំងក្នុងរយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងមានវិធានការទប់ស្កាត់នូវបាតុភាពអតុល្យភាព “រវាងផ្គត់ផ្គង់ និងតម្រូវការ”។លោកបានបន្តថា ជារៀងរាល់ឆ្នាំ ក្រសួងបានរៀបចំចងក្រង និងផ្សព្វផ្សាយឯកសារស្ថិតិស្តីពីដំណាំកសិកម្មប្រចាំឆ្នាំ ដែលតួលេខទាំងអស់បានធ្វើការដកស្រង់ និងបូកសរុបដោយផ្អែកទៅលើការធ្វើអង្កេតរបាយការណ៍របស់មន្ទីរ។
លោកបន្តថា ការប្រមូលទិន្នន័យស្ថិតិដំណាំកសិកម្ម បានអនុវត្តដោយផ្អែកលើការបូកបញ្ចូលទិន្នន័យនៅរដូវវស្សា (ចាប់ពីខែមេសា ដល់តុលា) និងរដូវប្រាំង (ចាប់ពីខែវិច្ឆិកា ដល់ខែមីនា)។
នាឱកាសនោះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាលទ្ធផលនៃការចុះស្រង់ស្ថិតិ ឆ្នាំ២០២០ នៃដំណាំកសិកម្មសម្រេចបានលទ្ធផលដូចខាងក្រោម៖
១. ដំណាំស្រូវមានផ្ទៃដីដាំដុះចំនួន ៣,៣៩០លានហ.ត ទិន្នផលជាមធ្យមប្រមាណ ៣,៣៣ត/ហ.ត និងទទួលបានបរិមាណផលសរុបចំនួន ១០ ៩១៤ ៧០៥តោន។
២. ដំណាំសាកវប្បកម្មរយៈពេលខ្លីមានចំនួន ១០២.១៩១ហិកតាទទួលបរិមាណផលចំនួន ៩ .៩៩៣.០៣០ រយៈពេលវែងមានចំនួន ២១០.៤៥៥ ហិកតា ទទួលបានបរិមាណផលចំនួន ៧២៩.៩៤៣តោនសរុបបរិមាណផល ១០.៧២២.៩៧៣ តោន។
៣. ដំណាំឧស្សាហកម្មរយៈពេលខ្លីមានផ្ទៃដីដាំដុះចំនួន ៨៧៦.២៥៣ហិកតា និងទទួលបានបរិមាណផលចំនួន ១២.៦៦៧.៩៨៩តោន។ ផ្ទៃដីដាំដុះរយៈពេលវែងមានចំនួន ២៤៦.៨១៥ហិកតា និងអាចទទួលបានបរិមាណផលចំនួន ៣៥២.២៧៩តោន។
ភ្ជាប់ទៅនឹងសមិទ្ធផលនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីរាជការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ដែលបានយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូអំណត់ព្យាយាម ជំនះបាននូវរាល់ឧបសគ្គ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហការល្អក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងនូវការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដោយឈរលើឧត្តមគតិរួមមួយគឺគាំទ្រ និងចូលរួម “ប្រែក្លាយកសិកម្មកម្ពុជាឲ្យទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរ ភាពដើម្បីបង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍដោយនិរន្តរភាព” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម និងប្រែក្លាយវិស័យនេះពីដំណាក់កាលផលិតកម្មបែបយថាផល ឈានទៅរកដំណាក់កាលផលិតកម្មបែបប្រពលវប្បកម្ម ព្រមទាំងលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ ដែលត្រូវចូលរួមឱ្យបានសកម្មថែមទៀតដើម្បីប្រែក្លាយមុខរបរកសិកម្មឱ្យទៅជា “កសិ-ពាណិជ្ជករ កសិកម្មគឺជាជីពចរនៃពលរដ្ឋកម្ពុជា” ទទួលបានតម្លៃបន្ថែម និងធានាបាននូវអតិរេកសម្រាប់ការនាំចេញ៕សរន