ដោយៈសុផល / ភ្នំពេញ៖បណ្តាញទូទាត់ប្រាក់លំដាប់ពិភពលោក UnionPay បានប្រកាសនៅថ្ងៃនេះថាបាន ធ្វើកិច្ចសហការក្នុងភាពជាដៃគូបែបស៊ីជម្រៅជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត Mpay ក្នុងការចេញនូវកាត Contactless Prepaid Card ដំបូងបង្អស់របស់ UnionPay នៅក្នុងទីផ្សារនិងដាក់ឱ្យដំណើរការនូវ QR Codeសម្រាប់ធ្វើការទូទាត់ប្រាក់ដល់ដៃគូអាជីវកម្មខ្លួននៅក្នុងព្រះរាជាណា ចក្រកម្ពុជា។តាមរយៈកិច្ចសហប្រតិបត្តិការនេះអ្នកប្រើប្រាស់និងអាជីវករនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនត្រឹមតែទទួលបាននូវសេវាកម្មទូទាត់ប្រាក់ដែលមានភាពច្នៃប្រឌិតជាងមុនប៉ុណ្ណោះទេប៉ុន្តែពួកគេក៏នឹងទទួល បាននូវបទពិសោធន៍ទូទាត់ប្រាក់ដែលមានភាពងាយស្រួល និង ប្រសើរជាងមុនផងដែរ។
តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយ UnionPay ទាំងការចេញនិងទទួលបាននូវសេវាកម្ម MPay នឹងចេញនូវកាតបង់ប្រាក់ជាមុនចំនួន២ប្រភេទដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ប្រាក់យ៉ាងងាយស្រួលតាម រយៈភ្នាក់ងារលក់ (Point-of-Sale) ដែលមាននៅទូទាំងប្រទេសដោយគ្រាន់តែធ្វើការដាក់កាតពីលើឧប ករណ៍ទូទាត់ប្រាក់ឬធ្វើការទិញទំនិញតាមប្រព័ន្ធអនឡាញពីដៃគូអាជីកម្មជាង១០លានកន្លែងដែលទទួលយក កាត UnionPay ។
លើសពីនេះMpayបានដាក់ឱ្យដំណើរការ UnionPay QR Code សម្រាប់ធ្វើការទូទាត់ប្រាក់ដល់ដៃគូអាជីវកម្មជាង៣,០០០កន្លែងដែលរួមមានដៃគូអាជីវកម្មខ្នាតតូចនិងមធ្យមសម្រាប់ធ្វើការទូទាត់ប្រចាំថ្ងៃ។ដៃគូអាជីវកម្មទាំង នោះ រួមមាន ក្រុមហ៊ុនE-Gets ក្រុមហ៊ុនNHAM24 ភោជនីយដ្ឋានLao Di Fang ភោជនីយដ្ឋានDe Yue Lou ក្រុមហ៊ុនXiaomi ក្រុមហ៊ុនអាកាសចរCambodia Airline និង JC Airline។ការដាក់ឱ្យដំណើរការទទួលយកUnionPay QR Code ក្នុងការទូទាត់ប្រាក់របស់ដៃគូអាជីវកម្មយើង នឹងជួយឱ្យមានការកើនឡើងនៃអ្នកប្រើ ប្រាស់ ក្នុងស្រុកដែលនឹងទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យាថ្មី និង ប្រកបដោយភាពច្នៃប្រឌិតនេះ ។
យោងទៅតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាចំនួននៃអ្នកប្រើប្រាស់សកម្មនៃកាបូបអេឡិចត្រូនិ ក (e-wallet) ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកើនឡើង ចំនួន៦៤% ត្រូវជា៥.២២ លាននាក់នៅក្នុងឆ្នាំ២០១៩ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ។
ការសហការរវាង UnionPay និង Mpay នេះគឺធ្វើឡើងស្របនឹងពេលដែលសហគមន៍ផ្នែកធនាគារនិងហិរញ្ញ វត្ថុ (Banking and Financial Sector: BFIs) ដែលមានតំណាងពីសមាគមធនាគារនៅកម្ពុជា (Association of Banks in Cambodia: ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association: CMA)សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា(Cambodian Association of Finance and Technology: CAFT) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និង មិនចាំបាច់ប្រើសាច់ប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជម្ងឺរាតត្បាតដែលកំពុងតែកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កញ្ញា លាង ចិន្តា នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International South EastAsia បានមានប្រសាសន៍ថា«យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយដៃគូយុទ្ធសាស្ត្រនិងមានគំនិតដូចគ្នាដូចជា Mpay ដើម្បីពង្រីកកម្រិតនៃការប្រើប្រាស់ផលិតផលនិងសេវាកម្មទូទាត់ប្រាក់របស់ UnionPay ដែលផ្តល់ឱ្យអតិថិជនក្នុងស្រុករបស់យើងទទួលបាននូវជម្រើសច្រើនជាងមុនក្នុងការទូទាត់ប្រាក់ប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាព។យើងសង្ឃឹមថាកិច្ចសហការជាមួយ Mpay នឹងចូលរួមធ្វើឱ្យបរិយាប័ន្នហិរញ្ញវត្ថុមានភាពប្រសើរជាងមុន ដែលនឹងអនុញ្ញាតឱ្យទីកន្លែងដែលមិនទទួលបាននូវសេវាធនាគារអាចប្រើប្រាស់កាត UnionPay Prepaid cards ជួយដល់ពួកគេទទួលបាននូវសេវាកម្មធនាគារ និង ការទូទាត់ប្រាក់ដ៏សម្បូរបែប និង ពេញលេញ»។
បច្ចុប្បន្ននេះ ប្រតិបត្តិការភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែធ្វើឡើងក្រោមរួបភាពជាសាច់ប្រាក់ហើយប្រជាពលរដ្ឋភាគច្រើនមិនអាចនឹងទទួលបានសេវាធនាគារ ។ធនាគារជាតិនៃកម្ពុជាបានធ្វើការផ្តួចផ្តើមជាច្រើនក្នុងការបង្កើននូវបរិយាប័ន្នហិរញ្ញវត្ថុនិងលើកតម្កើងចរាចរហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពទូលំទូលាយជាងមុន។
លោក Sun Lei នាយកប្រតិបត្តិក្រុមហ៊ុនMpayបានមានប្រសាសន៍ថា«ក្រុមហ៊ុនMpayបានខិតខំប្រឹងប្រែងក្នុងការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់ឱ្យមានលក្ខណៈជាប្រព័ន្ធនិងប្រសើរជាងមុនដល់អតិថិជនរបស់យើងដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ។ ភាពជាដៃគូរបស់ពួកយើងជាមួយ UnionPay គឺជាការបោះជំហានឆ្ពោះទៅមុខថ្មីមួយដោយហេតុថា UnionPayមិនមែនគ្រាន់តែជាម៉ាកយីហោសេវាទូទាត់ប្រាក់អន្តរជាតិដែលធំជាងគេបង្អស់នៅលើពិភពលោកក្នុងការចេញកាតទូទាត់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែគឺជាអ្នកដឹកនាំពិភពលោកទាក់ទងទៅនឹងសេវាកម្មទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតដូចជា QR Code និង wallet សម្រាប់ការទូទាត់ប្រាក់។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជួយពន្លឿនដល់ការផ្លាស់ប្តូររបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីក្លាយជាសង្គមមួយដែលលែងប្រើប្រាស់សាច់ប្រាក់» ។
កាតបង់ប្រាក់ជាមុនរបស់ Mpay UnionPay មានពីរប្រភេទ៖ កាតគ្មានឈ្មោះ និង កាតមានឈ្មោះ ដែលនឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១ ។ អ្នកដែលចង់ដាក់ពាក្យស្នើសុំកាតបង់ប្រាក់ជាមុនដែលមានឈ្មោះត្រូវធ្វើការឆ្លងកាត់ដំណើរការ Know Your Customer (KYC)។Mpayអាចកែសម្រួលកាតបង់ប្រាក់ជាមុនទាំងពីរប្រភេទរបស់ UnionPay សម្រាប់ប្រភេទអតិថិជនផ្សេងៗគ្នា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគេ។ តាមរយៈការទាញយក Mpay app អ្នកកាន់កាត UnionPay Prepaid Card អាចធ្វើការបញ្ចូលកាតរបស់ពួកគេទៅនឹង app ហើយនឹងឃើញនូវរាល់ការចំណាយរបស់ពួកគេ។ នៅពេលអនាគត ពួកគេអាចប្រើប្រាស់ Mpay app ដើម្បីធ្វើការស្កេន UnionPay QR Code នៅតាមដៃគូអាជីវកម្មនានា។
ជាផ្នែកមួយនៃការដាក់ឱ្យដំណើរការនេះ អ្នកប្រើប្រាស់ថ្មីទាំងអស់ នឹងទទួលបាននូវការមិនគិតថ្លៃសេវាចំនួន ៦ ខែ(សម្រាប់កាតដែលគ្មានឈ្មោះ) និងមិនគិតថ្លៃសេវាចំនួន ១២ ខែ (សម្រាប់កាតដែលមានឈ្មោះ) សម្រាប់សេវាប្រចាំឆ្នាំ៕Ph