ដោយៈមុនីរ័ត្ន,ស.រិទ្ធ/ភ្នំពេញៈបុរសម្នាក់ដែលជំនាញខាងធ្វើសកម្មភាពឆក់កាបូបឆក់ខ្សែកនិងធាក់ម៉ូតូអ្នកដទៃតាមផ្លូវសាធារណៈនៅក្នុង រាជធានីភ្នំពេញយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ និងបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ មាស កុសល ហៅស្តាល់ អាយុ២៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្នាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី២១ ខែធ្នូ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ការចាប់ខ្លួននេះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពអំពើឆក់កាបូបស្ពាយជនរងគ្រោះ ហើយប្រើហិង្សាធាក់ម៉ូតូជនរងគ្រោះដួលបណ្តាលឱ្យរងរបួសស្ថិតនៅខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថាកម្លាំងនគរបាលការិយាល័យ ជំនាញបង្ក្រាបចាប់ខ្លួនជនសង្ស័យសម្រេចបាននៅពេលនេះ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានបញ្ជាឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលត្រូវស្រាវជ្រាវស្វែងរកបង្ក្រាបមុខសញ្ញាឆក់នេះឱ្យបានដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់អនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសឆក់ឱ្យមានប្រសិទ្ធភាព។
លោកបន្តថាជាមួយនឹងការចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិជនរងគ្រោះទាំងនោះពិតប្រាកដមែន។ វត្ថុតាងចាប់យករួមមានៈម៉ូតូធ្វើសកម្មភាពមួយគ្រឿង។ បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់បក្ខពួកជនជាប់ពាក់ព័ន្ធជាមួយជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវបន្តទៀត។
រូបថតៈជនរងគ្រោះដោយសារស្នាដៃជនល្មើស
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៩លើក បានជោគជ័យ។លើកទី១.ធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ត្នោតមិនបានសម្រេចនិងធាក់ម៉ូតូជនរងគ្រោះដួលបណ្តាលឱ្យរងរបួសស្ថិតនៅចំណុចបណ្តោយផ្លូវបេតុងភូមិរោងចក្រសង្កាត់គោកឃ្លៀងខណ្ឌសែនសុខ។លើកទី២.ធ្វើសកម្មភាពឆក់ប្រព្រឹត្តអំពើហិង្សាយកកាបូបស្ពាយចំហៀងពណ៌ខ្មៅនៅចំណុចមុខផ្ទះលេខ៨៧ផ្លូវលេខ៦១៤ភូមិ១៦សង្កាត់បឹងកក់២ខណ្ឌទួលគោកជនរងគ្រោះបាត់បង់ចិញ្ចៀនពេជ្រ០១វង់,ខ្សែដៃពេជ្រចំនួន០១ខ្សែ,ប្រាក់ខ្មែរ៣លានរៀល,ប្រាក់អាមេរិច៩០០ដុល្លារនិងទូរស័ព្ទដៃម៉ាកអាយហ្វូន៧ផ្លឺស០១គ្រឿង។ លើកទី៣. ធ្វើសកម្មភាពឆក់ដោយអំពើហិង្សាខ្សែក នៅចំណុចផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ដោយបាត់បង់ខ្សែកផ្លាទីនទម្ងន់៨ជី។ លើកទី៤. ធ្វើសកម្មភាពប្រព្រឹត្តអំពើហិង្សាឆក់កាបូបក្រវ៉ាត់ចង្កេះពណ៌ត្នោត ស្ថិតនៅផ្លូវលេខ៣៧១ភូមិទ្រា១សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបាត់បង់ប្រាក់អាម៉េរិកចំនួន៥០០ដុល្លារ,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួនមួយសន្លឹក,ទូរស័ព្ទដៃម៉ាកអូបប៉ូមួយគ្រឿង។លើកទី៥.ធ្វើសកម្មភាពឆក់ប្រព្រឹត្តអំពើហិង្សាយកកាបូបស្ពាយចំហៀងពណ៌សលាយខ្មៅ បាត់បង់ទ្រព្យសម្បត្តិមូយចំនួនស្ថិតនៅចំណុចផ្លូវលេខ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ លើកទី៦. ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិចពណ៌សមួយគ្រឿងផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ លើកទី៧. ធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីក្រោយបាត់បង់ទ្រព្យសម្បត្តិមួយចំនួននៅចំណុចលើស្ពានអាកាសផ្សារដីហ៊ុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លើកទី៨.ធ្វើសកម្មភាពឆក់យកកាបូបពណ៌ក្រហមបាត់បង់ទ្រព្យសម្បត្តិមួយចំនួននៅចំណុចផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងលើកទី៩. ធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ខ្មៅ នៅលើកកំណាត់ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដែលបានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដែរ៕សរន