ដោយៈ ទេ មង្គល / ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្ដេជ្ញាជំរុញកំណើនអនាម័យ ក្នុងអត្រា ៥ ភាគរយ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យប្រជាជនទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និងមាននិរន្តភាព នៅឆ្នាំ២០២៥។ លោក ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញបែបនេះ នៅក្នុងឱកាសអបអរសាទរ ទិវាជាតិលើកកម្ពស់ អនាម័យជនបទ លើកទី១១ ឆ្នាំ២០២០ លើប្រធានបទ “អនាម័យ និងការសំអាត សម្រាប់ទាំងអស់គ្នា” នា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
លោកបានបញ្ជាក់ថាៈ ការជំរុញឱ្យមានកំណើនអនាម័យ គឺកាន់តែមានសារសំខាន់ថែមទៀត ដែលមិនត្រូវមើលរំលង ឬធ្វេសប្រហែស ក្នុងការតាមដាន និងរកវិធីសាស្ត្រគ្រប់បែបយ៉ាង ធ្វើយ៉ាងណា ឱ្យស្ថានភាពអនាម័យជនបទ នៅកម្ពុជា មានសន្ទុះបន្ថែមទៀត ក្នុងអត្រាកំណើន ៥ ភាគរយ ជារៀងរាល់ឆ្នាំ ទើបអាចសម្រេចបាន នូវទស្សនវិស័យ របស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យមន្ត្រីជំនាញ បន្តសហការជាមួយ ដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យមើលខេត្ត ដែលមានកម្រិតអនាម័យទាប ក្រោម ៧០ ភាគរយ ដោយខិតខំរកលទ្ធភាព គ្រប់បែបយ៉ាង ក្នុងការគាំទ្រ និងជម្នះនូវកត្តារាំងស្ទះ ធ្វើយ៉ាងណា ឱ្យសន្ទុះអនាម័យ តាមខេត្តទាំងនោះ មានការកើនឡើង ល្អប្រសើរជាងមុន។
ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញកំណើនអនាម័យ ក្នុងអត្រា ៥ ភាគរយ ជារៀងរាល់ឆ្នាំ
លោកបានមានប្រសាសន៍ថាៈ គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ រៀបចំឱ្យមានសេវា និងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រង កាកសំណល់លាមក ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស ចៀសវាងការបង្ហូរ កាកសំណល់លាមក ចូលក្នុងបរិស្ថាន បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពប្រជាជន។ ជាមួយគ្នានោះ គ្រប់បណ្តាខេត្ត ដែលមានតំបន់បរិស្ថានប្រឈម ត្រូវគិតគូរពិភាក្សា ជាមួយផ្នែកពាក់ព័ន្ធ ដើម្បីផ្ដល់នូវ បច្ចេកទេសសមស្រប និងធនធានដល់ គ្រួសារក្រីក្រ ដើម្បីមានលទ្ធភាព ក្នុងការទទួលបានបង្គន់អនាម័យ ចៀសវាងការមើលរំលង ដែលជាហេតុធ្វើឱ្យរាំងស្ទះ ដល់កំណើនអនាម័យ ក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះ លោកបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ព្រមទាំងការចូលរួម យ៉ាងសកម្មពីសំណាក់ប្រជាជន ក្នុងការធ្វើឱ្យមានការប្រែប្រួល ជាវិជ្ជមាន ក្នុងវិស័យទឹកស្អាត ការសំអាត និង អនាម័យជនបទ ដែលជាផ្នែកមួយ យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជនបទ នៅប្រទេសកម្ពុជា៕/V