Home ព័ត៌មានសំខាន់ៗ លោក​ច​ន​សុន​ស...

លោក​ច​ន​សុន​សាទរ “​ការចាប់ផ្តើម​ថ្មី​” សម្រាប់​ចក្រភព​អង់គ្លេស ក្រោយ​ធានាបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ លោក បូរី​ស ច​ន​សុន បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​សហភាព​អឺរ៉ុប ដោយ​ចាត់ទុកថា​ជា “​ការចាប់ផ្តើម​ថ្មី​” សម្រាប់​ចក្រភព​អង់គ្លេស ដែល​ដោះស្រាយ​បាន​នូវ​បញ្ហា​របស់​អឺរ៉ុប​ដែល​បាន “​រំខាន​ចិត្ត​” អ្នកនយោបាយ​អង់គ្លេស​ជា​ច្រើន​ជំនាន់​។​

​បន្ទាប់​ពី​ការចរចា​ជា​ច្រើន​ខែ កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​មួយ​ថ្ងៃ​មុន​បុណ្យ​ណូអែល​រវាង​ភាគី​ទាំងពីរ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​នៅ​ពេល​បន្ទាប់​ថា ចក្រភព​អង់គ្លេស​”​បាន​ដណ្តើម​​ការគ្រប់គ្រង​លើ​អនាគត​របស់​ខ្លួន​ត្រឡប់​មក​វិញ​ហើយ​”​។​

​ប៉ុន្តែ​មេដឹកនាំ​បក្ស​ការងារ​គឺ​លោក សឺ កៀ ស្តាមឺ បានចាត់ទុក​វា​ជា “​កិច្ចព្រមព្រៀង​តូចតាច​មួយ​” ទោះបីជា​លោក​សារភាពថា គណបក្ស​របស់​លោក​នឹង​គាំទ្រ​វា​នៅក្នុង​ការបោះឆ្នោត​ដែល​រំពឹងថា​នឹងប្រ​​ព្រឹត្ត​ទៅ​នៅ​សភា​សប្តាហ៍​ក្រោយក៏​ដោយ​។​

​កិច្ចចរចា​នាទីចុងក្រោយ​ប្រកប​ដោយ​ការភ្ញាក់ផ្អើល​បាន​នាំឱ្យ​មាន​សេចក្តីប្រកាស​ដែល​បាន​រំពឹងទុក​នេះ​ដោយ​ភាគី​ទាំងពីរ ក្រោយ​ត្រូវ​បាន​ពន្យារ​ជា​បន្តបន្ទាប់​រហូតដល់​ឱកាស​បុណ្យ​ណូអែល ដោយ​ចំណុច​មិន​ដាច់​ស្រេច​នឹង​គ្នា​ធំ​បំផុត​គឺ​សិទ្ធិ​នេសាទ ដែល​នាំ​ឱ្យ​រាំងស្ទះ​ដល់​កិច្ចព្រមព្រៀង​។​

​ខណៈ​ដែល​ឈុត​ឆាក​នយោបាយ​បាន​ឈាន​ដល់​ទី​បញ្ចប់​នៅ​ទីក្រុង​ឡុង​ដ៍​និង​ព្រុច​សែល​បន្ទាប់​ពី​ការចរ​ចា​ដ៏​ជូរចត់​រយៈពេល​៩​ខែ លោក​ច​ន​សុន​បានបង្ហាញ​ថា​ចំណាត់ការ​នេះ​គឺជា​ការចាប់ផ្តើម​ថ្មី​មួយ​​សម្រាប់​ប្រទេសជាតិ​។​

​នៅក្នុង​សន្និសីទ​កាសែត​នៅ​វិមាន​រដ្ឋាភិបាល លោក​ច​ន​សុន​បាន​និយាយថា ចក្រភព​អង់គ្លេស​បាន​នាំមក​នូវ​អ្វី​ដែល​បាន​សន្យា​នៅក្នុង​ការធ្វើប្រជាមតិ​អំពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) ឆ្នាំ ២០១៦ ។​

​លោកនាយក​រដ្ឋមន្ត្រី​និយាយថា “​យើង​បាន​ដណ្តើម​ការគ្រប់គ្រង​ច្បាប់​និង​ជោគវាសនា​របស់​យើង​ត្រឡប់មកវិញ​។​យើង​បាន​ដណ្តើម​ការគ្រប់គ្រង​លើ​រាល់​ចំណុច​តូចៗ​នៃ​បទបញ្ញត្តិ​របស់​យើង​តាម​របៀប​​មួយ​ដែល​ពេញលេញ​និង​គ្មាន​ចំណង​”​។​

​លោក​បន្តថា “​ចាប់ពី​ថ្ងៃទី​០១ ខែ​មករា យើង​នឹង​ស្ថិតនៅ​ក្រៅ​សហភាព​គយ​និង​នៅ​ក្រៅ​ទីផ្សារ​តែ​មួយ​។ ច្បាប់​អង់គ្លេស​នឹងត្រូវ​តាក់តែងឡើង​ដោយ​សភា​អង់គ្លេស ដែល​បកស្រាយ​ដោយ​ចៅក្រម​អង់គ្លេស ដែល​អង្គុយ​នៅ​តុលាការ​អង់គ្លេស ហើយ​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អឺរ៉ុប​នឹងត្រូវ​បញ្ចប់​”​។​

​នៅក្នុង​សារ​បុណ្យ​ណូអែល​ដែល​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម Twitter កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ធ្នូ លោក​បាន​ពណ៌នា​កិច្ចព្រមព្រៀង​នេះ​ថា​ជា “​ដំណឹង​ដ៏​រីករាយ​បំផុត​” ហើយ​បាន​ស្នើ​ឱ្យ​មនុស្ស​គួរតែ​អាន​តាមរយៈ​ឯកសារ​កម្រាស់ ៥០០ ទំព័រ​បន្ទាប់ពី​ការចេញផ្សាយ​ឯកសារ​នោះ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន​ដេ​ឡេន បាន​កត់សម្គាល់​ថា “​យើង​បាន​រកឃើញ​កិច្ចព្រមព្រៀង​ហើយ​។ វា​បាន​ស្ថិត​នៅលើ​ផ្លូវ​វែងឆ្ងាយ​និង​មាន​ខ្យល់​បក់បោក​ខ្លាំង ប៉ុន្តែ​ឥឡូវ​យើង​មាន​កិច្ចព្រមព្រៀង​ល្អ​ដើម្បី​បង្ហាញ​។ វា​យុត្តិធម៌ វា​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តុល្យភាព ហើយ​វា​ជា​រឿង​ត្រឹមត្រូវ​និង​មាន​ទំនួល​ខុស​ត្រូវ​ដើម្បី​ធ្វើ​សម្រាប់​ភាគី​ទាំងសងខាង​”​។​

​វា​នឹង​មាន​រយៈពេល​អន្តរកាល ៥ ឆ្នាំ​កន្លះ​សម្រាប់​ឧស្សាហកម្ម​នេសាទ​ហើយ​កិច្ចសហប្រតិបត្តិការ​នឹង​បន្ត​លើ​បញ្ហា​ជាច្រើន​រួម​មាន​ការប្រែប្រួល​អាកាសធាតុ ថាមពល សន្តិសុខ និង​ការដឹកជញ្ជូន​។​

​កិច្ចព្រមព្រៀង​បុណ្យ​ណូអែល​បាន​កើតឡើង​មួយ​សប្តាហ៍​មុន​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ផុតកំណត់​នៅពេល​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​ទីផ្សារ​និង​សហភាព​គយ​តែមួយ​។​

​លោក​ច​ន​សុន​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ប្រហែល ៦៦០ ពាន់​លាន​ផោន ហើយ​មានន័យថា ៖

– ទំនិញ​និង​គ្រឿងបន្លាស់​អាច​ត្រូវ​បាន​លក់​ដោយ​គ្មាន​ពន្ធ​និង​កូតា​ក្នុង​ទីផ្សារ​អឺរ៉ុប​។​

– វា​នឹង​អនុញ្ញាត​ឱ្យ​មាន​ចំណែក​ចាប់​ត្រី​នៅក្នុង​ដែនទឹក​អង់គ្លេស​ដែល​ចក្រភព​អង់គ្លេស​អាច​ចាប់​ត្រី​កើន​ឡើង​ជាង​មុន​គឺ​ពី​ពាក់កណ្តាល​រហូតដល់ ២ ភាគ ៣ នៅ​ចុងបញ្ចប់​នៃ​រយៈពេល​អន្តរកាល ៥ ឆ្នាំ​កន្លះ​។​

– ការចោទប្រកាន់​អំពី​ការប្រកួតប្រជែង​អយុត្តិធម៌​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​ក្រុម​អាជ្ញាកណ្តាល​ភាគី​ទី​បី​ឯករាជ្យ ជាមួយនឹង​លទ្ធភាព​នៃ​ការឆ្លើយតប​ដោយ​គិត​លើ “​សមាមាត្រ​”៕

​លោក​ច​ន​សុន​សាទរ​ការចាប់ផ្តើម​ថ្មី​សម្រាប់​អង់គ្លេស​ក្រោយ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular