ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រទេសអាម៉េរិកឡាទីនចំនួន ៣ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍ទី២៤ធ្នូខណៈដែលការភ័យខ្លាចបានកើនឡើងនៅក្នុងទ្វីបអឺរ៉ុបជុំវិញវីរុសកូរ៉ូណាប្រែរូបរាងថ្មី ដែលគេជឿថាឆ្លងខ្លាំងជាងមេរោគដើម។
បុគ្គលិកពេទ្យជួរមុខនៅម៉ិកស៊ិកនិងឈីលីគឺស្ថិតក្នុងចំណោមអ្នកដំបូងគេដែលទទួលវ៉ាក់សាំង ខណៈប្រទេសកូស្តារីកាបានចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការរោគដោយខ្លួនឯងដោយលោកប្រធានាធិបតីកាឡូស អាល់វ៉ារ៉ាដូ កោតសរសើរនូវអ្វីដែល “អាចជាការចាប់ផ្តើមនៃទីបញ្ចប់នៃជំងឺរាតត្បាត”។
ប៉ុន្តែសុទិដ្ឋិនិយមពិភពលោកត្រូវបានបន្ទាប នៅពេលចិននិងប្រេស៊ីលបានចូលរួមជាមួយរដ្ឋាភិបាលជាង ៥០ដែលបានរឹតត្បិតការហោះហើរពីចក្រភពអង់គ្លេសឬចរាចរណ៍ផ្លូវអាកាសក្នុងទិសដៅទាំងពីរ បន្ទាប់ពីមេរោគកូរ៉ូណាប្រភេទថ្មីឆ្លងខ្លាំងជាងមុនបានលេចឡើងនៅទីនោះ។
រថយន្តដឹកទំនិញរាប់ពាន់គ្រឿងនៅតែបន្តជាប់គាំងនៅកំពង់ផែអង់គ្លេស ខណៈដែលបារាំងបញ្ជូនឧបករណ៍តេស្តិ៍ចំនួន ១០.០០០ឈុតដើម្បីធ្វើតេស្តិ៍អ្នកបើកបរមុនពេលអនុញ្ញាតឱ្យពួកគេឆ្លងកាត់ផ្លូវរូងក្រោមដីនៅក្រោមច្រកសមុទ្រអង់គ្លេស។
ត្បិតមានវីរុសកូរ៉ូណាប្រភេទថ្មីដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន និយាយថា “អាចឆ្លងលឿនជាងមុន ៧០ ភាគរយ” ក្តីក៏អង់គ្លេសនិយាយថាការតភ្ជាប់ផ្លូវដែកនិងសមុទ្រជាមួយបារាំងនឹងនៅតែបើកចំហនៅថ្ងៃបុណ្យណូអែល។
ម៉ិកស៊ិកបានផ្សាយផ្ទាល់តាមទូរទស្សន៍នូវការចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំរបស់ខ្លួន បន្ទាប់ពីទទួលបានវ៉ាក់សាំង Pfizer / BioNTech ចំនួន ៣.០០០ ដូសដំបូងពីប្រទេសបែលហ្ស៊ិក។
គិលានុប្បដ្ឋាយិកាវ័យ ៥៩ ឆ្នាំឈ្មោះ ម៉ារីយ៉ា អាយរីន រ៉ាមីរ៉េស បាននិយាយខណៈពេលដែលនាងបានទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យក្នុងរដ្ឋធានី យ៉ាងដូច្នេះថា”វាជាអំណោយដ៏ល្អបំផុតដែលខ្ញុំអាចទទួលបាននៅឆ្នាំ ២០២០”។
ម៉ិកស៊ិកបានចុះបញ្ជីអ្នកស្លាប់ដោយកូវីដ១៩ជាង ១២ ម៉ឺននាក់ ដែលជាចំនួនខ្ពស់បំផុតទី ៤ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិកប្រេស៊ីលនិងឥណ្ឌា៕
ពេទ្យយោធាម៉ិកស៊ិកចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNTech កាលពីថ្ងៃសុក្រទី២៤ធ្នូ២០២០