ប្រែសម្រួល : កញ្ញាដាលីស/ទុយនីស ៖ អាជ្ញាធរទុយនីស៊ីនិយាយថា ជនអន្តោប្រវេសន៍អាហ្វ្រិកប្រហែល ២០នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី២៤ធ្នូបន្ទាប់ពីទូករត់ពន្ធរបស់ពួកគេលិចនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ខណៈពេលព្យាយាមទៅឱ្យដល់ទ្វីបអឺរ៉ុប។ អ្នកនៅរស់រានមានជីវិត ៥ នាក់ត្រូវបានជួយសង្គ្រោះហើយកងទ័ពជើងទឹកទុយនីស៊ីកំពុងស្វែងរកអ្នកបាត់ខ្លួនរហូតដល់ ២០ នាក់ផ្សេងទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ម៉ូហាម៉េត បិន ហ្សេគ្រី បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន APថាទូកឆ្មាំសមុទ្រទុយនីស៊ីនិងអ្នកនេសាទក្នុងស្រុកបានរកឃើញនិងស្រង់សាកសពនៅក្នុងដែនទឹកនៅឯនាយឆ្នេរទីក្រុងស្វាច់ ស្ថិតនៅភាគកណ្តាលប្រទេសទុយនីស៊ី។
លោកបិន ហ្សេគ្រី និយាយថា យោងតាមអ្នកនៅរស់ ទូករត់ពន្ធជនភៀសខ្លួននេះបានដឹកមនុស្សប្រហែល ៤០ ឬ ៥០ នាក់ឆ្ពោះទៅអ៊ីតាលី។
អ្នកនាំពាក្យឆ្មាំសមុទ្រជាតិលោក អាលី អាយ៉ារី បាននិយាយថា ទូកបានដឹកលើសទម្ងន់និងស្ថិតក្នុងស្ថានភាពពុកផុយ ហើយបានប្រឈមនឹងខ្យល់បក់ខ្លាំងនៅព្រឹកថ្ងៃព្រហស្បតិ៍ដែលអាចរួមចំណែកដល់ការលិចនេះ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទូកបានដឹកជនចំណាកស្រុកមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។
អង្គភាពកងទ័ពជើងទឹកទុយនីស៊ីកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត៕
កងទ័ពអេស្ប៉ាញសង្គ្រោះជនភៀសខ្លួននិងជនអន្តោប្រវេសន៍ពីលីប៊ីកាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២០