ប្រែសម្រួលៈវាសនា/ហុងកុង៖ ហុងកុងបានបង្កើនរយៈពេលធ្វើចត្តាឡីស័ក៧ថ្ងៃទៀត ពី២សប្តាហ៍ទៅ៣សប្តាហ៍ សំរាប់ភ្ញៀវចូលមកទាំងអស់លើកលែងតែចិនចាប់ពីថ្ងៃសុក្រទី២៥ធ្នូនេះទៅក្នុងកិច្ចខិតខំខ្លាំងឡើងដើម្បីទប់ស្កាត់កុំអោយវីរុសកូរ៉ូណាប្រភេទថ្មីឆ្លងចូលមកពីខាងក្រៅ។
អាជ្ញាធរក៏ហាមប្រាមមនុស្សទាំងអស់ដែលស្នាក់នៅអាហ្វ្រិកខាងត្បូងនៅ២១ថ្ងៃកន្លងមកចូលមកហុងកុងផងដែរ។
សូមបញ្ជាក់ថា ទីក្រុងចិនមួយនេះបានហាមប្រាមជើងហោះហើរមកពីអង់គ្លេសចាប់តាំងពីថ្ងៃចន្ទមក និងកាលពីថ្ងៃពុធអាជ្ញាធរទីក្រុងនេះបាននិយាយថាសិស្ស២នាក់មកពីអង់គ្លេស ទំនងជាបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដែលមានអត្រាចម្លងខ្លាំង។
ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃសុក្រ អាជ្ញាធរបាននិយាយថា ជនណាដែលបានស្នាក់នៅក្រៅប្រទេសចិនក្នុងរយៈពេល២១ថ្ងៃមុនមកដល់ចិន ត្រូវធ្វើចត្តាឡីស័ក២១ថ្ងៃ នៅតាមសណ្ឋាគារដែលកំណត់ទុក។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា « ដោយសំគាល់ឃើញការមានប្រែប្រួលស្ថានការណ៍ជំងឺឆ្លងសកលយ៉ាងគំហ៊ុក និងវីរុសកូរ៉ូណាប្រភេទថ្មីត្រូវបានរកឃើញនៅប្រទេសកាន់តែច្រើនឡើង រដ្ឋាភិបាលត្រូវដាក់ចេញវិធានការបន្ទាន់…ដើម្បីធានាថា មិនមានករណីឆ្លងណាមួយនឹងលិចធ្លាយតាមសំណាញ់…»៕