ដោយៈ សរិទ្ធ/រតនគិរីៈ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាល ខេត្តរតនគិរីម្នាក់ បានដាក់ពាក្យបណ្តឹងផ្ទាល់ មកអយ្យការ អមសាលាដំបូងខេត្ត ដែលមាន កម្មវត្ថុ ប្តឹងអធិការរង នគរបាលស្រុកអូរជុំ នៃស្នងការដ្ឋាននគបាលខេត្ត ម្នាក់ ពីបទ ប៉ុនប៉ងមនុស្សឃាត ដោយចេតនា។
ហេតុការណ៍នេះ បានកើតឡើង តាំងពីម៉ោង ១១និង៣០ នាទី យប់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ តែពាក្យបណ្តឹង បានដាក់ចូលមក អយ្យការអមសាលាដំបូង ខេត្តរតនគិរី នៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងិន ពេជ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះថាៈ ចំពោះពាក្យបណ្តឹង នេះ តុលាការ កំពុងចាត់ការ តាមនីតិវិធី។
សំណុំរឿងនេះ មានដើមបណ្តឹងឈ្មោះ ហេង គោរព ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ជាមន្ត្រីនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាល ខេត្តរតនគីរី។ ចំណែកជនសង្ស័យ ឈ្មោះ រុំ សារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មានតួនាទីជា អធិការរងនគរបាល ស្រុកអូរជុំ ខេត្តរតនគិរី មានលំនៅ ភូមិតាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។
ប្រភពមួយ បានបង្ហើបឲ្យដឹងថាៈ ក្នុងហេតុការណ៍បង្កទំនាស់ ពាក្យសម្តី រហូតឈានដល់ ហិង្សា ដោយចេតនានោះ គឺផ្តើមចេញពីផឹកស៊ីជុំគ្នា នៅផ្ទះមិត្តភក្តិ និយាយរឿងគំនុំ យូរមកហើយ នាំឱ្យជនដៃដល់ មានកំហឹង ឈានទៅយកកំប៉ុងស្រាបៀរ មិនទាន់គាស់ មកគប់ទៅលើជនរងគ្រោះ មួយទំហឹង។
ពេលនោះ ជនរងគ្រោះ ស្ទុះហក់ទៅបំណងតប ត តែត្រូវជនដៃដល់ ចាប់បានកូនកាំបិត ស្ទុះចាក់ចំសៀតថ្កាខាងឆ្វេង បណ្តាលឱ្យបាក់ចុង ជាប់កប់ក្នុងសាច់ ហើយដួលទៅនឹងដី បាត់មាត់បាត់ក រួចក៏ត្រូវគេជួយឃាត់ ទាញចេញរៀងៗខ្លួន នឹងបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ ។ បន្ទាប់មក ជនរងគ្រោះ ត្រូវបានបញ្ជូនបន្ត ដល់មន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវបានក្រុម គ្រូពេទ្យ វះកាត់រួចរាល់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ៕/V-PC