ដោយៈ សរិទ្ធ-ភ្នំខៀវ/បាត់ដំបងៈ សាកសពជនរងគ្រោះ ទាំង ៨ នាក់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង ៩ និង២០នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានស្គាល់អត្តសញ្ញាណអស់ហើយ។ ក្រុមគ្រួសារ ក៏បានយកសព ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ តាមប្រពៃណី តាមផ្ទះរៀងៗខ្លួន។ នេះបើតាមការបញ្ជាក់ របស់លោក ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ។
លោក ផង់ សុភាព បានឱ្យយដឹងថាៈ ជនរងគ្រោះទាំង ៨ នាក់នោះ រួមមានៈ ១. អ្នកបើក បររថយន្ត ហ៊ីយ៉ាន់ដាយ ឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរជាមួយ ឈ្មោះ ហ៊រ ហាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (របួសស្រាល)។
ចំណែកអ្នកបើកបររថយន្ត តូយ៉ូតា កាមរី (គូថហើម) ឈ្មោះ ឆន អុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) ព្រមទាំងអ្នករួមដំណើរ ជាមួយ រួមមានៈ ១. ឈ្មោះ យឿន សុខ ភេទប្រុស អាយុ៣៩ឆ្នាំ (ស្លាប់)។ ២. ឈ្មោះ រស់ ពៅ ភេទស្រី អាយុ៣៨ឆ្នាំ (ស្លាប់)។ ៣. ឈ្មោះ រស់ មី ភេទស្រី អាយុ៥៧ឆ្នាំ (ស្លាប់)។ ៤. ឈ្មោះ យឿន ចាន់នី ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)។ ៥. ឈ្មោះ យឿន ចាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ (ស្លាប់)។ ៦. ឈ្មោះ យឿន សាន់ ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់)។ ៧. ឈ្មោះ យឿន វណ្ណឆាយ ភេទប្រុស អាយុ១ឆ្នាំ (របួសស្រាល) ។ ទាំង ៧នាក់នេះ មានលំនៅ នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ៨. ឈ្មោះ ឃុត គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់)។
ចំពោះអ្នករងរបួស បានត្រូវសមត្ថកិច្ច បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក ។ ចំណែករថយន្តទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំ ក៏ត្រូវបានកម្លាំងការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង យកទៅរក្សាទុក ដើម្បីចាត់ការ តាមនីតិវិធីនៅពេល ក្រោយ៕/V-PC