ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹងទាំង ៩៥បណ្តឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង ពោលគឺ ប្តឹងតវ៉ាទាមទារឲ្យគ.ជ.ប.លុបឈ្មោះប្រជាពលរដ្ឋខ្មែរ ចំនួនជាង ២.៧០០នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត។
លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាក្រុមប្រឹក្សាជំនុំជម្រះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបិទបញ្ចប់បណ្តឹងសរុបចំនួន ៩៥បណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តាំងពីសវនាការលើកទី១. កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៨បណ្តឹង , លើកទី២ កាលពីថ្ងៃទី២៣ ខែធ្នូ ចំនួន ២៣បណ្តឹង និងលើកទី៣. នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៤៤បណ្តឹង សរុបទាំងអស់ ៩៥បណ្តឹង។ នៅក្នុងបណ្តឹង គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើសុំលុបឈ្មោះប្រជាពលរដ្ឋចំនួន ២៧៣៣នាក់ ចេញពីបញ្ជីបោះឆ្នោត។ ក្នុងនាមស្ថាប័នធានាការពារឲ្យមានការគោរពរដ្ឋធម្មនុញ្ញ គឺក្រុមប្រឹក្សាធម្មនុញ្ញបានអនុវត្តស្របទៅតាមច្បាប់ហើយបាន សម្រេចច្រានចោលបណ្តឹងទាំង៩៥នោះនិងរក្សាឈ្មោះប្រជាពលរដ្ឋទាំង២.៧៣៣នាក់ទុកដោយសារពួកគាត់មានលក្ខខណ្ឌគ្រប់សម្រាប់ការចុះឈ្មោះបោះឆ្នោត។
លោកបន្តថា នៅក្នុងសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ម្ចាស់ដើមបណ្តឹងអវត្តមានក្នុងសវនាការជំនុំជម្រះ។ ដូច្នេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រេចមិនលើកយកមកពិចារណាឡើយតម្កល់សេចក្តីសំរេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការមានអនុភាពអនុវត្ត និងបិទផ្លូវតវ៉ា៕សរន