ដោយៈ សរិទ្ធ-ដេប៉ូ / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជា ឲ្យតុលាការ ចាត់វិធានការ តាមច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុត លើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថ យ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ដោយយោងមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២៩ នៃក្រម នីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងលិខិតចុះថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០ លោក កើត រិទ្ធ ផ្ញើជូនលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ ជ្រាបថាៈ ឈ្មោះ សម រង្ស៊ី បានបង្ហោះសារ តាមរយៈ គណនី ហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសាថាៈ “… ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាប ក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយ សប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោង ផងដែរ”។
ខ្លឹមសារនៃសារ ដែលឈ្មោះ សម រង្ស៊ី បាននិងកំពុងផ្សព្វផ្សាយ ជាសាធារណៈ តាមរយៈ បណ្តាញសង្គមនេះ គឺជាការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។ ទង្វើនេះ គឺជាការរំលោភបំពាន លើរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិ នៃមាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ។
លិខិតដដែល បានអះអាងថាៈ យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជា ណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ សូមឯកឧត្តម ព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ និងតឹងរ៉ឹងបំផុត ចំពោះអំពើប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្ត ស្របតាមនីតិវិធី ជាធរមាន៕/V-PC