ដោយ:ដេប៉ូ/ភ្នំពេញ:ក្រសួងបរិស្ថានបានរៀបចំព្រឹត្តិការណ៍សំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “យុវជន និងបរិស្ថាន”ដោយមានយុវជនប្រមាណ២០០នាក់ចូលរួមអនាម័យបរិស្ថាននៅបរិវេណក្រោយទីស្តីការក្រសួងបរិស្ថាន ចាប់ទីតាំងស្ពាននាគ រហូតដល់ ស្ពានឥន្ធនូ(កោះពេជ្រ)។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកសូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប និងយុវជនក្រសួងបរិស្ថាន សរុបប្រមាណ២០០នាក់ ចូលរួម។
នាឱកាសនោះ លោក សូ ខនឬទ្ធីគុណ បានមានប្រសាសន៍ថាការធ្វើអនាម័យបរិស្ថាន ពិតជាមានសារសំខាន់ ចំពោះបរិស្ថានរស់នៅ និងសុខភាពមនុស្ស។ ការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងការចូលរួមអនុវត្តការញែកសំរាមទៅតាមប្រភេទ គឺជារឿងចាំបាច់ដែលយើងគ្រប់គ្នាត្រូវចូលរួមធ្វើ។
លោកបន្តថា ការរៀបចំព្រឹត្តការណ៍ថ្ងៃនេះ គឺជាសកម្មភាពគំរូមួយ ជួយបំផុសដល់សាធារណជនឱ្យចូលរួម និងយល់អំពីសារៈសំខាន់នៃអនាម័យបរិស្ថានល្អ។ ឯកឧត្តម សង្ឃឹមថាព្រឹត្តការណ៍នេះ នឹងត្រូវបានបន្តរៀបចំជាបន្តបន្ទាប់ទៀត៕សរន