ប្រែសម្រួល : កញ្ញាដាលីស/បែរឡាំង ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ធ្នូអាឡឺម៉ង់បានកត់ត្រាករណីដំបូងនៃវីរុសកូរ៉ូណាបំលែងខ្លួនថ្មីដែលរាលដាលនៅចក្រភពអង់គ្លេសបន្ទាប់ពីស្ត្រីម្នាក់ដែលជិះយន្តហោះចេញពីទីក្រុងឡុងដ៍ បានធ្វើតេស្តិ៍វិជ្ជមានដានវីរុសថ្មីនេះ។
ក្រសួងសុខាភិបាលនៃរដ្ឋបាដិនវូថេមបឺកបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជាករណីដែលគេស្គាល់ដំបូងគេនៅក្នុងប្រទេសអាឡឺម៉ង់”។
ស្ត្រីរូបនោះបានមកដល់អាកាសយានដ្ឋានហ្វ្រែងហ្វឺតកាលពីថ្ងៃទី ២០ ធ្នូពីអាកាសយានដ្ឋានហ៊ីតស្រូនៃទីក្រុងឡុងដ៍។
សាច់ញាតិរបស់នាងបានដឹកនាងទៅផ្ទះធ្វើចត្តាឡីស័ក បន្ទាប់ពីតេស្តិ៍វិជ្ជមានកូវីដ១៩ ពេលមកដល់អាកាសយានដ្ឋាន។
មួយថ្ងៃក្រោយមកនាងចាប់ផ្តើមបង្ហាញរោគសញ្ញាស្រាល ហើយការធ្វើតេស្តិ៍លើកទី ២ ក៏ប្រែជាវិជ្ជមាន។
សំណាកតេស្តិ៍របស់នាងត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ជំនាញដើម្បីធ្វើការវិភាគបន្ត។
ក្រសួងក្នុងតំបន់នេះបានបន្ថែមថា “ថ្ងៃនេះ វីរុសបំលែងខ្លួនប្រភេទ B.1.1.7 ត្រូវបានរកឃើញនៅទីនោះ”។
អាឡឺម៉ង់កាលពីថ្ងៃអង្គារបានបន្លាយពេលហាមឃាត់ការធ្វើដំណើរពីចក្រភពអង់គ្លេសរហូតដល់ថ្ងៃទី០៦ខែមករាបន្ទាប់ពីការរកឃើញវីរុសកូរ៉ូណាប្លែងរូបថ្មីដែលអាជ្ញាធរអង់គ្លេសនិយាយថាឆ្លងខ្លាំងជាងមុននៅទីនោះ៕
វីរុសកូរ៉ូណាបំលែងខ្លួនប្រភេទ B.1.1.7 ត្រូវបានរកឃើញនៅអាឡឺម៉ង់