Home ព័ត៌មានជាតិ នយោបាយ សម្តេច​ភក្តី ...

សម្តេច​ភក្តី សាយ ឈុំ អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្តែង​ការគួរសម​

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ បានអនុញ្ញាត​ឱ្យ​លោក​ប៉ាក ហឺ​ង​ឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងឱកាស​នោះ លោក ប៉ាក ហឺ​ង​ឃ្យង បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​ឃើញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់ ជាពិសេស​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​លោក​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។ លោក​សង្ឃឹមថា ក្នុងឱកាស​ដែល​សាធារណរដ្ឋ កូរ៉េ​នឹង​រៀបចំ​ខួប​លើក​ទី​៤០ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹងមាន​ឱកាស​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក​ថែមទៀត​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​កត់សម្គាល់ថា ទំនាក់ទំនង និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​ឡើងដល់​ចំនួន ០១​កោដិ​ដុល្លារ នៅ​ឆ្នាំ​២០១៩ ហើយ​ក្នុងនោះ ទំហំ​នៃ​ការវិនិយោគ​របស់​សាធារណៈ​កូរ៉េ​នៅ​កម្ពុជា ស្ថិតក្នុង​លំដាប់​ទី​ពីរ ដែលមាន​ទឹកប្រាក់​ចំនួន ៥,៧ ប៊ី​លាន​ដុល្លារ​។ ក្នុងការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ អ្នកទេសចរ​កូរ៉េ​បានមក​ទស្សនា​កម្ពុ​ជាមាន​ជាង​៤​សែន​នាក់​ជា​រៀងរាល់ឆ្នាំ​។ ចំណែកឯ​ពល​-​ករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​មាន​ចំនួន​៤​ម៉ឺន​នាក់ ហើយ​បើទោះបីជា​ឆ្នាំនេះ មានការ​ផ្ទុះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ក៏​សាធារណៈរដ្ឋ​កូរ៉េ​នៅតែ​បន្ត​ទទួលយក​ពលករ​កម្ពុ​ជា​មក​ធ្វើការ​នៅ​សា​ធា​- រណៈ​កូរ៉េ​ដដែល​។

​លោក​បាន​បន្តថា ការចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​រៀបចំ​យ៉ាង​យកចិត្ត​ទុក​ក្នុង​ឆ្នាំ​២០២០​នេះ ហើយ​សាធារណៈ​កូរ៉េ បានផ្តល់​សច្ចាប័ន​ទៅលើ​ច្បាប់​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា លើ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​រួចហើយ​។ លោក​នឹង​ខិតខំ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ពង្រីកពង្រឹង​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែង​អរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​។ សម្តេច​បាន​សម្តែង​នូវ​ការអបអរសាទរ​ដ៏​កក់ក្តៅ​ជូន​ឯកឧត្តម ប៉ាក ហឺ​ង​ឃ្យង ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​ប្រធានព្រឹទ្ធសភា​មាន​ជំនឿ​ជាក់​ថា តាមរយៈ​បេសកកម្ម​ការទូត​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នឹង​ខិតខំ​បន្ត​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន​កម្ពុជា និង ប្រជាជន​កូរ៉េ​ទាំង​ពេលបច្ចុប្បន្ន និង​ក្នុង​ពេលអនាគត​។​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​យើង​ទាំងពីរ ដែលមាន​ការរីកចម្រើន​ឥតឈប់ឈរ​។ ទំនាក់ទំនង​ល្អ​នេះ ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ប្រទេស​យើង​ទាំងពីរ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ ជាពិសេស​នៅ​អង្គការសហប្រជាជាតិ​។​

​ក្នុងនាម​ព្រឹទ្ធសភា ប្រជាជន​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​និង​ដ៏​ថ្លៃថ្លា​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​ផ្លូវការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ធនធានទឹក និង​សុខុមាលភាព​សាធារណៈ អប់រំ អភិវឌ្ឍន៍ជនបទ កសិកម្ម ការ​បោសសំអាត​មីន ព្រមទាំង​បាន​បន្ត​ផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី និង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​តំបន់​មេគង្គ​។

សម្តេច​បាន​ឯកភាព​ចំពោះ​ប្រសាសន៍​របស់​លោក​ឯកអគ្គរដ្ឋទូត​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​កើន​ឡើងជា​បន្តបន្ទាប់​។​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​ពលករ​កម្ពុជា ដែល​បច្ចុប្បន្នកំពុង​បំពេញការងារ​នៅ​កូរ៉េ​។ ពលករ​នៅ​កូរ៉េ បានរួម​ចំណែក​ដ៏​សំខាន់​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​របស់​ពួកគេ និង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក​ឯកអគ្គរដ្ឋទូត សម្តេច​ប្រធានព្រឹទ្ធសភា​បានស្នើ​សុំឱ្យ​សាធារណរដ្ឋ​កូរ៉េ​បង្កើន​ចំនួន​កូតា​សម្រាប់​ពលករ​កម្ពុ​ជា​បន្ថែមទៀត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​ក៏បាន​ស្នើ​លោក​ឯកអគ្គរដ្ឋទូត​ជួយ​ចលនា និង​លើកទឹកចិត្ត​អ្នកវិនិយោគ និង​អ្នកទេសចរ​កូរ៉េ​មក​បណ្តាក់​ទុនវិនិយោគ​និង​ធ្វើ​ទេសចរណ៍​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ជម្រាបជូន​ឯកអគ្គរដ្ឋទូត​ជ្រាបថា ក្នុង​ក្របខណ្ឌ​កិច្ច​សហ​ប្រតិ​-​ប​តិ្ត​ការ​រវាង​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​នៃ​ប្រទេស​ទាំងពីរ ព្រឹទ្ធសភា​កម្ពុ​ជាមាន​ក្រុម​មិត្តភាព​ជាមួយនឹង​រដ្ឋសភា​សា​ធា​- រណ​រដ្ឋ​កូរ៉េ​។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន​នៃ​សភា​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​ពិធីសារ​កិច្ច​សហប្រតិបត្តិ​-​ការ​ជាមួយគ្នា ហើយ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ​បានផ្តល់​ជំនួយ​កុំព្យូទ័រ ចំនួន ១២០ គ្រឿង ដល់​ព្រឹទ្ធសភា​កម្ពុជា ផងដែរ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បា​នស​ជំ​រុញឱ្យ​សភា​ប្រទេស​ទាំងពីរ​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កាន់តែ​ជិតស្និទ្ធ​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ស្នើ​សុំឱ្យ​រដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ ជួយ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​(ICT) នៅ​សាធារណរដ្ឋ​កូរ៉េ​។

​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​សហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏ដូចជា​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ជូន ឯកឧត្តម​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រកបដោយ​ការគោរព​រាប់អាន និង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​បំផុត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular