ដោយ: រ៉ាម៉ន / ភ្នំពេញ:អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវចំនូន៣ខ្សែ នៅក្នុងមូលដ្ឋានខណ្ឌចំការមន នឹងត្រូវធ្វើការជួសជុលឡើងវិញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីសំរួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌលោកនាយករដ្ឋបាលខណ្ឌ, ការិយាល័យពាក់ព័ន្ធ, រដ្ឋបាលសង្កាត់បឹងត្របែក, ប៉ុស្ដិ៍នគរបាលបឹងត្របែក និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលអ៊ុតកៅស៊ូ AC នៅកំណាត់ផ្លូវលេខ៩៩ ចាប់ពីផ្លូវលេខ៤៣២ដល់ផ្លូវលេខ៤៨៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានឲ្យដឹងថា៖ សម្រាប់គម្រោងជួសជុលផ្លូវឡើងវិញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានខណ្ឌចំការមនមានចំនួន៣ខ្សែក្នុងនោះមានផ្លូវលេខ៩៩ ផ្លូវលេខ២៩៤និងផ្លូវ៤៣២ ជាប់ភូមិសាស្ត្របឹងត្របែក ទួលទំពូងទី១ ទួលទំពូងទី២ និងសង្កាត់ទន្លេបាសាក់ ។ សម្រាប់ថ្ងៃទី២៥ធ្នូនេះតាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារបាននឹងកំពុងជួសជុលដោយអ៊ុតកៅស៊ូ AC កំរាស់៥សង់ទីម៉ែត្រនៅលើកំណាត់ផ្លូវលេខ៩៩ ប្រវែង៩៤០ម៉ែត្រ ទទឹង៩ម៉ែត្រ ដោយចាប់ពីផ្លូវលេខ៤៣២ ដល់ផ្លូវលេខ៤៨៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកអភិបាលបន្តថា៖ កន្លងមកឱ្យតែបើកការដ្ឋានជួសជុល ឬស្ថាបនាផ្លូវនានា នៅក្នុងមូលដ្ឋានខណ្ឌចំការមន ក្នុងនាមលោកជាអភិបាលខណ្ឌ លោកតែងតែផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង ជាមួយនិងការបើកវេទិកាសាធារណៈផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមសហការ និងលើកឡើងពីបញ្ហាផ្សេងៗ ដែលពួកគាត់ចង់បាន។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ដែលកំពុងតែដំណើរការជួសជុលនេះ ឲ្យមានការចូលរួមសហការអ្វីដែលមានផលប៉ះពាល់ទៅលើផ្លូវ និងចិញ្ចើមផ្លូវសូមបងប្អូនរំកិលចូលក្នុងឲ្យផុត ទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូន និងបានរួចរាល់តាមការគ្រោងទុក។
ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌចំការមន លោក ថេង សុថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ៕