Home ព័ត៌មានសំខាន់ៗ ធាតុអាកាស​ត្រ...

ធាតុអាកាស​ត្រជាក់​ខ្លាំង​ត្រឡប់​មកដល់​វិញ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ធាតុអាកាស​ត្រជាក់​ខ្លាំង នឹង​ត្រឡប់​មកដល់​ជាថ្មី​ម្តងទៀត នៅ​អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល (២០២០-២០២១) ឯ​ស្ថានភាព​ភ្លៀង​ខុសរដូវ​នៅមាន​បន្ត​ធ្លាក់ ដោយ​កន្លែង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ អាចមាន​វិ​សម្ពាធ ឬ​កូន​ព្យុះ​កើតឡើង​មួយទៀត​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២០​ថា ភ្លៀង​ខុសរដូវ​នៅ​បន្ត​ធ្លាក់​ជា​បន្ត​បន្ទាប់មកទៀត ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម តែ​វា​មិន​រាយប៉ាយ​គ្រប់​ទីកន្លែង​ទេ ម្តង​មាន​ភ្លៀង​ខាង​នេះ​ម្តង​ខាង​នោះ ដោយ​ភ្លៀង​ជា​ប្រព័ន្ធ​អូស​វែង​។​

​នៅ​ល្ងាច​ថ្ងៃទី​២៥​ខែធ្នូ​នេះ អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​បញ្ជាក់ថា នៅលើ​ផ្នែក​ខ្លះ នៃ​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​បន្ថែម​មកទៀត ជាមួយនឹង​បណ្តា​ស្រុក​នៅ​ប៉ែក​ខាងកើត​និង​ខាងជើង​រាជធានី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​៦៣​មី​លី​ម៉ែត្រ នៅ​តម្រង​ទឹកភ្លៀង​ផ្សារ​ដើម​គរ​, ៦៦.៧​មី​លី​ម៉ែត្រ នៅ​ចោមចៅ​, ៣៤.៤​មី​លី​ម៉ែត្រ​នៅ​សាក់​សំពៅ​, ៣៧.៥​មី​លី ម៉ែត្រ នៅ​បឹង​ធំ​, ៧១​មី​លី​ម៉ែត្រ​នៅ​ទួល​សង្កែ​, ៣៩​មី​លី​ម៉ែត្រ​នៅ​ចាក់អង្រែ និង​៦៧.៤​មី​លី​ម៉ែត្រ នៅ​តម្រង​ទឹកភ្លៀង​សែន​សុខ កាលពី​យប់​ថ្ងៃទី​២៤​ខែធ្នូ​រួចមក​។​

​លោក ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​មិន​ស្មើ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​អាចមាន​វិ​សម្ពាធ ឬ​កូន​ព្យុះ​កើត​មាននៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​មួយទៀត​។ នៅ​អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០២០-២០២១ ធាតុអាកាស នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាថ្មី​ម្តង​ទៀង​។ អាកាសធាតុ​ត្រជាក់​កន្លងទៅ នៅ​កន្លែង​ខ្លះ​បាន​ចុះ​ដល់​រង្វង់​កម្រិត​១៦​អង្សា​សេ តែ​នៅពេលនេះ​(២៥​ធ្នូ​) សីតុណ្ហភាព​អប្បបរមា ជាទូទៅ​បាន​កើនឡើង​លើសពី​២០​អង្សា​សេ​វិញ​ហើយ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាល​ថ្ងៃទី​២២​ខែធ្នូ បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៣-២៤​ខែធ្នូ​ថា ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ឯ​ភាគខាងត្បូង​ទទួលរង​ឥទ្ធិពល​ពី​សម្ពាធ​ទាប​សកម្ម​របស់​ព្យុះ​ទី​២៣ ឈ្មោះ ក្រវាញ ដែល​បាន​រលាយ​ទៅវិញ​។ នៅ​អំឡុង​ពីថ្ងៃ​ទី​២៥-២៩​ខែធ្នូ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥ​ទិ្ធ​ពល​ពី​ខ្យល់មូសុង​ឦសាន​មធ្យម​។​

​ស្ថានភាព​អាកាសធាតុ​ដូចខាងលើ ធ្វើឱ្យ​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១-២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩- ៣២ អង្សា​សេ​, នៅ​អំឡុង​ពីថ្ងៃ​២៣-២៥​ខែធ្នូ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ ទៅ​បង្គួរ និង​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៥-២៨​អង​សង្សា​សេ​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២២​អង្សា​សេ សីតុណ្ហភាព​អតិបរមា​ពី​២៩-៣២​អង្សា​សេ នៅ​អំឡុង​ពីថ្ងៃ​ទី​២៣-២៥​ខែធ្នូ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ មធ្យម​។ សី​តុ ណ្ហ​ភាព​អប្បបរមា មាន​ពី​១៧-២០​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៤- ២៧​អង្សា​សេ​។ នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៥​អង្សា​សេ សី​តុ ណ្ហ​ភាព​អតិបរមា មាន​ពី​២៨-៣១​អង្សា​សេ​។​នៅ​ថ្ងៃទី​២៣-២៤​ខែធ្នូ​អាចមាន ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​និង​នៅលើ​ផ្ទៃសមុទ្រ​អាចមាន​ខ្យល់​បក់បោក​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ​។ សីតុណ្ហភាព​អប្បបរមា មាន​ពី​២០ -២៣​អង្សា​សេ និង​សី​តុ ណ្ហ​ភាព​អតិបរមា មាន​ពី ២៥-២៨​អង្សា​សេ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular