ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ ពិតជាមានក្តីរំភើមែនទែន សម្រាប់តារាចម្រៀង ឈួន ស្រីម៉ៅ ព្រោះនាងបានទទួលកាដូ ក្នុងថ្ងៃ Christmas យ៉ាងពេញចិត្តតែម្តង ព្រោះថារយៈពេលជិត១០ឆ្នាំហើយ ដែលនាងទន្ទឹងផ្លូវនូវកាដូដ៏មានតម្លៃមួយនេះ។
ជាមួយរូបថត ប៉ុន្មានសន្លឹក ដែលថតអបអរបុណ្យណូអែល របស់ពួកបច្ចឹមប្រទេស ឈួន ស្រីម៉ៅ ដែលបានរៀបការជាមួយបុរសអនិកជន ហើយបានរើបង្វិចទៅតាមស្វាមី រស់នៅសោយសុខ ឯនាយសមុទ្រ ជាច្រើនឆ្នាំនោះ ពេលនេះ សុបិន្តរបស់នាង បានក្លាយជាការពិតហើយ។
ស្រីម៉ៅ និយាយថា «ឆ្នាំនេះ កាដូ Christmas មានតែប៉ុណ្ណឹងឯង» អមដោយរូបថត ដ៏ភ្ញាក់ផ្អើលរបស់ស្វាមី ឈួន ស្រីម៉ៅ គឺជាប្រដាប់ពិនិត្យមើលទឹកនោម ដែលបញ្ជាក់ពីការមានគភ៌។ ដំណឹងនេះ ពិតជាធ្វើអោយស្វាមី និងរូបនាងផ្ទាល់ញញឹម បិទមាត់មិនជិតទេ ព្រោះថា ពួកគេបានក្រាបផ្ទឹមការ ចាប់តាំងពីថ្ងៃទី១៤ វិច្ឆិកា ២០១៤ មកម្លេះ៕