កម្ពុជា​-​រុស្សី គ្រោង​ចុះហត្ថលេខា​រួមគ្នា​មួយ​លើ​ផែនទី​បង្ហាញផ្លូវ​វិស័យ​ឧស្សាហកម្ម​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ដើម្បី​សម្រេច​ទិសដៅ​រួមគ្នា ក៏ដូចជា​ជម្រុញ​លើកកម្ពស់​ជញ្ជីងពាណិជ្ជកម្ម មន្ត្រី​ជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា ក្នុង​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​-​រុស្សី បាន​កំពុង​ខិតខំ​រួមគ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​ក្នុងការ​ឈានទៅ​ចុះហត្ថលេខា​នាពេល​ឆាប់ៗ​ខាងមុខ​។​

ក្នុងជំនួប​ការងារ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ ២០២០​កន្លងទៅ រវាង​លោក អាណា​តូ​លី បូ​រ៉ូ​វិក ​(Anatoly BOROVIK)​​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា លោក​បណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា កម្ពុជា​-​រុស្សី មាន​ទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ក្នុងនោះ​រុស្សី​បាន​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា ដោយ​សម្រេចបាន​នូវ​សមិទ្ធិផល​ថ្មីៗ​ជាច្រើន ទាំង​លើ​វិស័យ​នៃ​ការវិនិយោគ សេដ្ឋកិច្ច និង​លើក​កំពស់​ជញ្ជីងពាណិជ្ជកម្ម។

ដោយឡែក សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​វិស័យ​ឧស្សាហកម្ម កម្ពុជា​-​រុស្សី លោក​រដ្ឋមន្ត្រី បានផ្តល់​សារៈសំខាន់​លើ​ការងារ​នេះ នឹងត្រូវ​ខិតខំ​រួមគ្នា​ធ្វើ​ឲ្យ​សម្រេច ដើម្បី​ឈានទៅ​ចុះហត្ថលេខា​នាពេលខាងមុខ​។ លោក​បាន​បន្តថា នៅក្នុង​ទស្សវត្ស​ន៍​ឆ្នាំ​៨០ និស្សិត​កម្ពុជា បានទទួល​ការបណ្តុះបណ្តាល​ពី​អ​តី​តៈ​សហភាពសូវៀត មាន​ចំនួន​ប្រមាណ ៨,០០០​នាក់ ទាំងនោះ​សុទ្ធតែជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​រហូតមកដល់​បច្ចុប្បន្ន​។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​បន្ថែម និង​ចំណេះដឹង​ថ្មីៗ ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​៤.០ ស្នើរ​ឲ្យ​រុស្សី​ជួយ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​អតីត​និស្សិត​កម្ពុជា​ទាំងនោះ តាមរយៈ​ធ្វើការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ឬ​តាម​លទ្ធភាព​ណាមួយ​ដែល​អាច​ទៅបាន​។

ជាមួយគ្នានេះ លោក​បានស្នើ​ឲ្យ​រុស្សី ពិនិត្យ​លទ្ធភាព​ជួយ​ជំនួយ​បច្ចេកទេស ដូចជា​ការបំពាក់​ឧបករណ៍​ពិសោធន៍ ដល់​មជ្ឈមណ្ឌល​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ទើប​បង្កើតឡើង សម្រាប់​ម​ជ្ឈ​ម​ស្រាវជ្រាវ និង​ការបង្កើត​រោងចក្រ​ផលិត​ថ្នាំពេទ្យ​ជាដើម នឹង​ស្នើរ​ឲ្យ​សហព័ន្ធ​រុស្សី​ចាប់អារម្មណ៍​ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ​ចុះ​បញ្ជី និង​ទទួលស្គាល់​សុពល​ប្រកាសនីយបត្រ​តក្កកម្ម (Patent) សម្រាប់​ការពារ​កម្មសិទ្ធិបញ្ញា ដល់​ស្នាដៃ​ម្ចាស់​តក្កករ ដែលមាន​បច្ចេកវិទ្យា ឬ​របប​គំហើញ​ថ្មីៗ សម្រាប់​ក្រុមហ៊ុន​កំពុង​វិនិយោគ និង​មានបំណង​មក​វិនិយោគ​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប ភាគី​ជំនួប​បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​លើ​ផ្នែក​ការទូត និង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ហើយ​នៅ​ខែឧសភា ឆ្នាំ​២០២១​ខាងមុខ គឺជា​ខួប​ទំនាក់ទំនង​លើក​ទី​៦៦​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​។ ដោយឡែក ចំពោះ​ផ្នែក​ពាណិជ្ជកម្ម លោក​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា កម្ពុជា​-​រុស្សី បាន​ចុះហត្ថលេខា​រួចហើយ ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ជម្រុញ​វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម តាំងពី​ឆ្នាំ​២០១៦ ក្នុងនោះ​ទាក់ទង និង​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​វិស័យ​ឧស្សាហកម្ម កម្ពុជា​-​រុស្សី លោក​បានចាត់ទុក​ជាគ​ន្លឹះ​សំខាន់​មួយ នៃ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​ប្រទេស​ទាំងពីរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular