ដោយៈ ពៅនិមល / ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងម្ចាស់គម្រោងអភិវឌ្ឍន៍បុរី បានសម្តែងការសាទរ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលើកលែង ពន្ធប្រថាប់ត្រា នៃអចលនទ្រព្យ ដែលមានតម្លៃ ៧ ម៉ឺនដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ម្ចាស់គម្រោងអភិវឌ្ឍន៍ លំនៅដ្ឋាន ចាប់ផ្តើមប្រកាស ការបញ្ចុះតម្លៃពិសេស ជូនដល់អតិថិជន នៅឆ្នាំ២០២១ ខាងមុខ។
អ្នកនាង ហែម ស៊ីម៉ា អ្នកគ្រប់គ្រងផ្នែកលក់ នៃបុរី ណាឌី កាលពីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានលើកឡើងថាៈ នេះជាឱកាសដ៏ពិសេសណាស់ សម្រាប់អតិថិជន ដែលមានបំណង ចង់ទិញផ្ទះ ជាពិសេសអ្នកវិនិយោគ ផ្ទាល់តែម្តង នឹងចំណេញច្រើន ព្រោះថា ឱកាសបញ្ចុះតម្លៃផ្ទះ មិនមែនចេះតែមាន ហើយបើមាន ក៏មិនអាចបានច្រើនដែរ។ អ្នកនាង បានបន្តថាៈ ចំពោះបុរី ណាឌី ក្នុងឱកាសឆ្នាំថ្មី ខាងមុខ នឹងផ្តល់ជូនការបញ្ចុះតម្លៃពិសេស រហូតដល់ ១១ ភាគរយ និងលក្ខខណ្ឌ នៃការបង់ប្រាក់ ក៏ល្អផងដែរ សម្រាប់អតិថិជន ដែលចង់បង់រំលោះ ហើយតម្លៃនៃផ្ទះ ដែលគ្រោងនឹងសាងសង់ នាឆ្នាំខាងមុខ មានចាប់ពី ១៣ ម៉ឺនដុល្លារ ឡើងទៅ ដែលមានទីតាំង នៅផ្លូវជាតិ៦អា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្របគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគាំទ្រចំពោះ រដ្ឋាភិបាលអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ ធ្វើការបញ្ចុះតម្លៃផ្ទះ និងសម្រួលលក្ខខណ្ឌ ការបង់ប្រាក់ដល់អ្នកទិញ។ លោកបានបន្តទៀតថា លើសពីនេះទៀត គឺការលើកលែងពន្ធប្រថាប់ត្រារបស់រដ្ឋាភិបាល សម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាង ឬស្មើ ៧ ម៉ឺនដុល្លារ។
នៅក្នុងសេចក្ដីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង ផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍ នៃវិបត្តិ ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ នៃជំងឺកូវីដ-១៩ (ជុំទី៧) រាជរដ្ឋាភិបាល បានសម្រេចបន្ត លើកលែងពន្ធប្រថាប់ត្រា អចលនទ្រព្យ ដែលមានថ្លៃទាបជាង ឬស្មើ ៧ ម៉ឺនដុល្លារ ដោយគិតពីខែមករា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជី នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅតាមមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន៕/V