ដោយៈតារារិទ្ធ/ភ្នំពេញ៖លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការគោលនយោបា យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ)បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យនិងពិភាក្សាលើ«សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារនិងច្បាប់ស្ដីពីវិសោ ធនកម្មច្បាប់ស្ដីពីការងារ»នាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។សេចក្ដីព្រាងនេះមានគោលបំណងរៀបចំឲ្យច្បាប់ស្តីពីការងាររបស់កម្ពុជាឲ្យមានលក្ខណៈប្រដំត្រសងជាមួយប្រទេសក្នុងតំបន់សំដៅកែលម្អបរិយាកាសវិនិយោគ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា៖«ច្បាប់ស្ដីពីការងារ» គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈដែលត្រូវបានប្រកាសឲ្យប្រើចាប់តាំងពីឆ្នាំ១៩៩៧មក។ គិតមកដល់ពេលបច្ចុប្បន្នច្បាប់នេះត្រូវបានធ្វើវិសោធនកម្មចំនួន ២ លើករួចមកហើយដោយក្នុងនោះការធ្វើវិសោធនកម្មលើកទី១ ក្នុង ឆ្នាំ ២០០៧ គឺពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែមនិងការងារពេលយប់ខណៈដែលការធ្វើវិសោនធកម្ម លើកទី២ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ។
ស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងវេទិកា រាជរដ្ឋាភិបាលនិងវិស័យឯកជនលើកទី ១៨ ឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងរហ័សផ្នែកសង្គម-សេដ្ឋកិច្ច, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន រៀបចំ «សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារនិងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ»។
សេចក្ដីព្រាងច្បាប់នៃការធ្វើវិសោធនកម្មលើកទី៣ដែលជាលទ្ធផលនៃការពិភាក្សានិងការផ្ដល់ធាតុចូលពីភាគីពាក់ព័ន្ធរួមទាំងសហជីពតំណាងកម្មករនិយោជិតសមាគម និយោជកនិងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ ជារួម,សេចក្ដីព្រាងនេះមានគោលបំណងរៀបចំឲ្យច្បាប់ស្តីពីការងាររបស់កម្ពុជាឲ្យមានលក្ខណៈត្រដំត្រសង ជាមួយប្រទេសក្នុងតំបន់សំដៅកែលម្អបរិយាកាសវិនិយោគដោយផ្តោតសំខាន់លើ៖
១.កែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងារដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជារោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិកនិងការកែច្នៃម្ហូបអា ហារជាដើមនិងបង្កើនការងារជូនប្រជាពលរដ្ឋ។
២.ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទការងារបុគ្គលសំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារឲ្យកាន់តែធា នាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
៣.ការគិតគូរទិដ្ឋភាពផ្សេងៗដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជាសំដៅលើកកម្ពស់ផលិតភាពការងារនិងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់និងសកលលោកជាដើម។
ជាកិច្ចបញ្ចប់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំបានណែនាំឲ្យក្រុមការងារធ្វើការកែសម្រួលឯកសារនេះស្របតាមស្មារតីនៃកិច្ចប្រជុំដើម្បីបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល ៕