ដោយៈ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញៈ
ទៀន នី ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ទៀន នី បានរៀបរាប់ពីជីវិតជាយោធារបស់គាត់ដែលបានបម្រើឲ្យចលនាបដិវត្តន៍ខ្មែរក្រហមរហូតមកដល់តំបន់អន្លង់វែង ដូចខាងក្រោម៖
រូបថតៈទៀន នី ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ទៀន នី បានផ្តល់បទសម្ភាសន៍ពីជីវិតជាយោធារបស់គាត់ដែលបានបម្រើឲ្យចលនាបដិវត្តន៍ខ្មែរក្រហមរហូតមកដល់តំបន់អន្លង់វែង ដល់ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ខ្ញុំគឺជាក្មេងកំព្រា តាំងតែពីខ្ញុំអាយុ៧ឆ្នាំ។ លុះខ្ញុំអាយុបាន១៦ឆ្នាំ ខ្ញុំបានសម្រេចចិត្តបួសជាព្រះសង្ឃក្នុងខេត្តកណ្ដាល។ បន្ទាប់ពីបួសបាន៤ព្រះវស្សា ខ្ញុំបានលាចាកសិក្ខាបទនៅពេលដែលមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ ដោយសារមានការអំពាវនាវរបស់សម្ដេចព្រះ នរោត្តម សីហនុ ឲ្យប្រជាជនទាំងអស់ដែលគាំទ្រព្រះអង្គចូលតស៊ូក្នុងព្រៃម៉ាគី ខ្ញុំក៏សម្រេចចិត្តចូលបម្រើយោធាជាមួយខ្មែរក្រហមនៅពេលនោះដែរ។ យើងបានតស៊ូប្រយុទ្ធជាច្រើនឆ្នាំតទល់ជាមួយទាហាន លន់ នល់ រហូតដល់ទទួលបានជ័យជម្នះនៅឆ្នាំ១៩៧៥។ នៅពេលនោះខ្ញុំគិតថាការតស៊ូរបស់ខ្ញុំបានឈានចូលដល់ការបញ្ចប់សង្គ្រាម ប៉ុន្តែអ្វីៗបានផ្ទុយទៅនឹងការគិតរបស់ខ្ញុំ ហើយក៏ជាការចាប់ផ្ដើមនៃរបបកុម្មុយនីស្តដែរ។
បន្ទាប់មកខ្មែរក្រហមបានបញ្ជូនខ្ញុំមកកាន់ទីក្រុងភ្នំពេញ ដើម្បីការពារ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងទីក្រុងឡើងវិញ។ នៅទីនោះមិនមានប្រជាជនរស់នៅទេ ហើយទីក្រុងទាំងមូលត្រូវបានផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំបានរស់នៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៦ ថ្នាក់លើក៏បានបញ្ជូនខ្ញុំទៅខេត្តមណ្ឌលគិរីដើម្បីបង្កបង្កើនផល។ នៅទីនោះខ្ញុំបានជួបការលំបាក ដោយសារធ្វើការងារហួសកម្លាំង និងជួបភាពអត់ឃ្លាន។ ខ្ញុំពុំមានគោ ក្របី ដើម្បីភ្ជួរស្រែនោះទេ។ ខ្ញុំបានប្រើប្រាស់ចបកាប់ដីដើម្បីធ្វើស្រែ។ អង្គភាពរបស់ខ្ញុំត្រូវរកស្បៀងអាហារដោយខ្លួនឯង ដោយមិនទទួលបានការផ្គត់ផ្គង់ពីភ្នំពេញឡើយ។ ប៉ុន្តែអង្ភភាពរបស់ខ្ញុំបានទទួលថ្នាំពេទ្យជំនួសវិញ។ យើងបានធ្វើស្រែនៅទីនោះអស់ជាច្រើនឆ្នាំ និងហត់នឿយយ៉ាងខ្លាំង។ ជារៀងរាល់ថ្ងៃ ខ្ញុំទទួលបានរបបអាហារពីរពេល គឺថ្ងៃត្រង់ និងល្ងាច។ ទោះជាយ៉ាងនេះក្ដី ជារឿយៗ ខ្ញុំទទួលបាន ពោត និងដំឡូង មុនពេលចេញទៅធ្វើការនៅពេលព្រឹក។ ក្រៅពីនោះខ្ញុំទទួលបានរបបបាយ ឬបបរមួយកូនចានតូចប៉ុណ្ណោះ។ ខ្ញុំហូបមិនឆ្អែតទេ ប៉ុន្តែក៏មិនហ៊ានប្រកែកតវ៉ាដែរ។ នៅមណ្ឌលគិរី ប្រជាជនបានស្លាប់ជាបន្តបន្ទាប់ដោយសារការធ្វើការងារហួសកម្លាំង ហូបមិនគ្រប់គ្រាន់ និងជំងឺ។ ខ្ញុំចាំបានថា ប្រជាជនជាច្រើនបានស្លាប់ដោយសារជំងឺគ្រុនចាញ់ ហើយមិនមានពេទ្យព្យាបាល។ នៅពេលមានបងប្អូន ឬសមាជិកនៅក្នុងអង្គភាពឈឺ យើងបាននាំគ្នាស្វះស្វែងរកឫសឈើព្រៃសម្រាប់ធ្វើថ្នាំឲ្យអ្នកជំងឺផឹក ហើយខ្លះបានធូរស្រាលឡើងវិញ។
ខ្ញុំបានបន្តរស់នៅខេត្តមណ្ឌលគិរីរហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមក៏បានវាយរុញច្រានខ្ញុំចូលទៅក្នុងព្រៃ។ នៅពេលនោះខ្ញុំបានឈប់ធ្វើស្រែ ហើយបានចូលរួមតស៊ូនៅក្នុងព្រៃប្រឆាំងវៀតណាម។ យើងបានជួបការលំបាកជាថ្មីម្ដងទៀតនៅក្នុងព្រៃ។ ជីវិតរបស់ខ្ញុំបានពឹងផ្អែកទាំងស្រុងទៅលើភោគផលព្រៃឈើ។ ខ្ញុំបានដើរជីកមើមក្ដួច និងដំឡូងព្រៃ មកធ្វើជាអាហារ។
ក្រោយមកខ្ញុំបានរៀបការនៅឆ្នាំ១៩៨១ នៅក្នុងព្រៃ។ ខ្ញុំបានបន្តរស់នៅក្នុងព្រៃអស់ពេលជាច្រើនឆ្នាំ បន្ទាប់មកខ្ញុំក៏បានធ្វើដំណើរមកកាន់ព្រំដែនថៃ។ ខ្ញុំបានមកដល់ជំរំ «គ៧» ស្រុកឃុនហាន ប្រទេសថៃ នៅឆ្នាំ១៩៨៩។ នៅទីនោះជីវិតរបស់ខ្ញុំហាក់មានភាពប្រសើរឡើងវិញ ព្រោះយើងទទួលបានការផ្គត់ផ្គង់ស្បៀងអាហាររៀងរាល់មួយសប្តាហ៍ម្ដង។ ខ្ញុំទទួលបាន អង្ករ ត្រី សាច់ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនទៀតដែលអាចជួយសម្រួលដល់ការរស់នៅរបស់យើង។ យើងអាចជួញដូរទំនិញ និងអនុផលព្រៃឈើមួយចំនួនដែលរកបានពីក្នុងព្រៃ ជាមួយឈ្មួញជនជាតិថៃ។
រូបថតៈទៀន នី ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ទៀន នី បានផ្តល់បទសម្ភាសន៍ពីជីវិតជាយោធារបស់គាត់ដែលបានបម្រើឲ្យចលនាបដិវត្តន៍ខ្មែរក្រហមរហូតមកដល់តំបន់អន្លង់វែង ដល់ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ខ្ញុំនិងគ្រួសាររួមទាំងប្រជាជនដទៃដែលរស់នៅក្នុងជំរំបានវិលត្រឡប់មករស់នៅតំបន់អន្លង់វែង ប្រទេសកម្ពុជាវិញ។ យើងបានរស់នៅក្រោមការគ្រប់គ្រងរបស់អង្គភាពទ័ពពីព្រោះមិនទាន់មានការរៀបចំជាភូមិឋាន។ ដំបូងយើងចាប់ផ្ដើមសង់ផ្ទះសម្រាប់ស្នាក់នៅ បន្ទាប់មកយើងកាប់ឆ្ការព្រៃ និងកាប់ដីដើម្បីដាំដំណាំនិងបង្កបង្កើនផល។ គ្រួសារនីមួយៗចាំបាច់ត្រូវផ្គត់ផ្គង់ជីវភាពដោយការធ្វើស្រែ ដាំដំណាំ និងចិញ្ចឹមសត្វ ទៅតាមកម្លាំងរៀងៗខ្លួន។ ខណៈពេលដែលជំនួយចាប់ផ្ដើមកាត់បន្ថយ ហើយមិនអាចផ្គត់ផ្គង់ជីវភាពប្រជាជនបាន ជីវិតរស់នៅគឺជួបឧបសគ្គជាច្រើន ប៉ុន្តែយើងនៅតែតស៊ូ។ រហូតដល់ចុងឆ្នាំ១៩៩៧ កងកម្លាំងរបស់ខ្មែរក្រហមទាំងមូលបានបែកខ្ញែកគ្នា។ ប្រជាជនចាប់ផ្ដើមភៀសខ្លួនចោលផ្ទះសម្បែងសាជាថ្មីម្ដងទៀត។ ប្រជាជនមួយចំនួនបានរត់ភៀសឡើងទៅលើភ្នំតាមតាម៉ុក មួយចំនួនទៀតបានរត់ទៅផ្ដាច់ខ្លួននៅអូរបៃតាប់ ចំណែកខ្ញុំសម្រេចចិត្តមកផ្ដាច់ខ្លួន និងចុះចូលជាមួយរាជរដ្ឋាភិបាលនៅស្រែណូយ និងបានរស់នៅទីនោះ។
បន្ទាប់ពីសមាហរណកម្មនៅអន្លង់វែង នៅចុងឆ្នាំ១៩៩៨ ខ្ញុំនិងគ្រួសារបានវិលត្រឡប់មករស់នៅអន្លង់វែងវិញ។ យើងបានខិតខំប្រឹងប្រែងកសាងជីវិតសាជាថ្មី ដោយការតស៊ូពីបាតដៃទទេរហូតបានមកដល់ពេលបច្ចុប្បន្ន។ ដោយសារនឿយណាយជាមួយនឹងសង្គ្រាម ខ្ញុំសូមផ្តាំផ្ញើដល់កូនចៅជំនាន់ក្រោយ ត្រូវខិតខំប្រឹងធ្វើការងារយ៉ាងណាកុំឲ្យប្រទេសវិលទៅរកអតីតកាលដ៏ឃោរឃៅមួយនេះទៀត៕សរន
រូបថតៈទៀន នី ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ទៀន នី បានផ្តល់បទសម្ភាសន៍ពីជីវិតជាយោធារបស់គាត់ដែលបានបម្រើឲ្យចលនាបដិវត្តន៍ខ្មែរក្រហមរហូតមកដល់តំបន់អន្លង់វែង ដល់ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)