ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃពុធអាជ្ញាធរនៅខេត្តហាវយ៉ាងភាគខាងត្បូងបានផ្តល់រង្វាន់ដល់គ្រួសារចំនួន២២ ដែលមានកូនស្រីពីរនាក់ និងមិនមានកូនតទៅទៀតនៅក្រោមគោលនយោបាយប្រជាជនក្នុងស្រុក។
ពួកគេបានប្រគល់រង្វាន់ជាសាច់ប្រាក់ចំនួន ១,៤៩ លានដុង (៦៤ ដុល្លារ) ដល់ពួកគេនិងវិញ្ញាបនបត្រ ដែលជាផ្នែកមួយនៃគោលនយោបាយដើម្បីព្យាយាមធ្វើឱ្យមានអតុល្យភាពយេនឌ័រដែលកាន់តែយ៉ាប់ទៅៗជាច្រើនឆ្នាំមកនេះ។
ខេត្តហាវយ៉ាង ជាតំបន់ដាំដុះដំណាំអំពៅធំជាងគេនៅតំបន់ដីសណ្ដមេគង្គ មានប្រជាជនជិត ៧៣ ម៉ឺននាក់។
អត្រាមានកូនរបស់ខេត្តគឺ ១,៣៤ នាក់ក្នុងស្ត្រីម្នាក់ធៀបនឹងអត្រាកុមារថ្នាក់ជាតិ ២,០៩ នាក់ ដែលធ្វើឱ្យខេត្តនេះស្ថិតក្នុងបញ្ជីខេត្តក្រុងចំនួន ២១ ដែលមានអត្រាកំណើតទាបបំផុតនៅក្នុងប្រទេស។
សមាមាត្រភេទរបស់ទារកនៅខេត្តនេះគឺ ក្មេងប្រុស ១១០ នាក់ទល់នឹងក្មេងស្រី ១០០ នាក់ ខណៈដែលសមាមាត្រ “ធម្មតា” នៅទូទាំងប្រទេស គឺ ១០៥-១០៦។
ក្នុងឆ្នាំ ២០១៨ អាជ្ញាធរបានកំណត់ថវិកាជិត ១៨ ពាន់លានដុង (៧៦០.០០០ ដុល្លារ) ដើម្បីអនុវត្តគោលនយោបាយផែនការគ្រួសារក្នុងឆ្នាំ ២០១៩-២៥ ។
ក្រៅពីផ្តល់រង្វាន់ដល់គូស្វាមីភរិយាដែលមានកូនស្រីពីរនាក់ (និងមិនមានកូនផ្សេងទៀត) ខេត្តក៏ផ្តល់ប្រាក់ចំនួន ៣ លានដុង (១២៨ ដុល្លារ) ដល់អ្នកដែលមានកូនមិនលើសពីពីរនាក់ក្នុងរយៈពេល ៣ ឆ្នាំនិង ៥ លានដុង (២១៤ ដុល្លារ) ប្រសិនបើវាមានរយៈពេល ៥ ឆ្នាំ។
វៀតណាមមានគោលនយោបាយកូនពីរជាអតិបរមាសម្រាប់ប្តីប្រពន្ធគិតចាប់តាំងពីឆ្នាំ ១៩៦០ ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលកំពុងលើកទឹកចិត្តដល់គ្រួសារឱ្យមានកូនពីរនាក់ជំនួសឱ្យការមានកូនតែម្នាក់។
សមាមាត្រនៃភេទនៅពេលកើតគឺមានខ្ពស់រហូតដល់ ១១១,៥ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ។
ការស្ទង់មតិដោយការិយាល័យនេះបានរកឃើញថា វៀតណាមនឹងមានបុរសច្រើនជាងស្ត្រីចំនួន ១,៥ លាន ដែលមានអាយុពី ១៥ ទៅ ៤៩ ឆ្នាំក្នុងឆ្នាំ២០៣៤ប្រសិនបើអតុល្យភាពភេទនៅតែមិនមានការយកចិត្តទុកដាក់។
អ្នកជំនាញនិយាយថា បុព្វហេតុចម្បងនៃអតុល្យភាពយេនឌ័រគឺដោយសារការនិយមចំពោះក្មេងប្រុសជាងក្មេងស្រី ដោយហេតុថាវៀតណាមនៅតែទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីគុណតម្លៃរបស់ខុងជឺ រួមទាំងប្រព័ន្ធសង្គមមហាថេរៈនិយម ដែលឱ្យតម្លៃបុរសខ្ពស់ជាងស្ត្រីនៅក្នុងបញ្ហាគ្រួសារនិងឋានៈសង្គមព្រោះបុរសមានទំនួលខុសត្រូវក្នុងរឿងផ្សេងៗជាច្រើនសម្រាប់ដឹកនាំគ្រួសារនិងជាអ្នកបន្តពូជពង្សវង្សត្រកូល៕
គ្រូពិនិត្យកំដៅខ្លួនរបស់សិស្សស្រីនៅសាលាមួយក្នុងខេត្តហាវយ៉ាង