ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានថ្លែងអំណរគុណដល់អង្គការ ឆឺជី បានជួយជាសម្ភារគ្រឿងឧបភោគបរិភោគតាមរយៈសមាគម ដែលកន្លងមកអង្គការ ឆឺជី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈសមាគមដើម្បីផ្ដល់លទ្ធភាពនិងកិច្ចសហការមនុស្សធម៌ ដើម្បី ជួយសង្គ្រោះ ប្រជាពលរដ្ឋនៅក្នុងការព្យាបាល ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ។
លោក Hsieh Ming Hsuan ប្រធានអង្គការ ឆឺជី បានថ្លែងថាដោយបានមើលឃើញពីទស្សនៈវិស័យនូវសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ របស់ សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជន សម្ដេច តេ ជោ លោកបានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ និងបន្តស្វែងរក ជំនួយបន្ថែមទៀតដើម្បីយកមកប្រគល់ជូនតាមរយៈសមាគមសម្រាប់ជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋ នៅ ទូទាំងប្រទេស តាមរយៈការផ្ដល់សេវា ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ការប្រគល់សម្ភារៈរបស់អង្គការឆឺជី ប្រគល់ជូនសមាគមTYDA រួមមាន អង្ករ ចំនួន ១.១០០ តោន ប្រេងឆា ចំនួន ៥៧.២០០ ដប ថង់បរិស្ថាន ចំនួន ២៥.០០០ ថង់ នំប៉័ង ចំនួន ២៥.០០០ ដើម ទឹកសណ្តែក ចំនួន ២៦.៦៤០ ដប ។ពិធីប្រគល់-ទទួលស្ថិតក្រោមវត្តមានរបស់លោកហ៊ុនម៉ាណែតនិងលោកស្រីពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមស្ម័គ្រ ចិត្តយុវជនសម្ដេចតេជោ(TYDA) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូម្សិលមិញ៕សរន