Home ព័ត៌មានជាតិ សន្តិសុខ ផ្តន្ទាទោស​ជន...

ផ្តន្ទាទោស​ជនជាប់ចោទ ២​នាក់ ដែល​សម្លាប់​មនុស្ស ដើម្បី​ប្លន់​យក​ម៉ូតូ ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ១៨ ឆ្នាំ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនជាប់ចោទ ២​នាក់ ដែល​សម្លាប់​មនុស្ស ដើម្បី​ប្លន់​យក​ម៉ូតូ ត្រូវបាន​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​សម្រេច ដាក់ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់ៗ​១៨​ឆ្នាំ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស ដោយសារ​មរណភាព នៃ​ជនរងគ្រោះ ។​

​ជនជាប់ចោទ ឈ្មោះ អឿង ភាព ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឈ្មោះ ណោម ពៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ​ភូមិ​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ចំណែក​អ្នកទទួល​ទិញ សម្ភារៈ ដែល​ចោរប្លន់​បាន ឈ្មោះ ប៉ុក សុខ​នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ត្រូវ​តុលាការ​ដោះលែង បាត់​ហើយ ។​

​អង្គហេតុ​នៃ​សំណុំ​រឿងនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​និង​៣០​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ នៅពេល​ដែលមាន បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ស្លាប់ នៅ​កណ្តាលផ្លូវ ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​ជា​ករណី​ឃាតកម្ម វ៉ៃ​សម្លាប់​ប្លន់​យក​ម៉ូតូ ។ សព​ឈ្មោះ មែក ភី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ជាង​កញ្ចក់ និង​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ម្តុំ​ផ្សារ​សិន​ជូ​រី ផ្លា​ហ្សា ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​សំ​ឃ្លី ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ ។​

​ក្រោយ​ទទួលបាន សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ប៉ុស្តិ៍​សាក់​សំពៅ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ បាន​ចុះមក​ពិនិត្យ​ជាក់ស្តែង នៅ​កន្លែងកើតហេតុ ដោយ​ឃើញ​ក្បែរ​សាកសព មាន​កាំភ្លើង​ជ័រ មួយ​ដើម មួកសុវត្ថិភាព និង​កញ្ចក់​ម៉ូតូ ហើយ​នៅលើ​ដងខ្លួន មាន​ស្នាមរបួស នៅ​កញ្ចឹងក និង​ឆ្អឹងជំនីរ ។​

​សាច់ញាតិ​សព​បុរស​ខាងលើ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ចេញពីផ្ទះ​បាត់ តាំងពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ ដោយ​ទាក់ទង មិនបាន​នោះទេ​។ លុះ​ព្រឹក​ថ្ងៃទី​១៦ តុលា ស្រាប់តែ​សមត្ថកិច្ច ទាក់ទង​មក ដោយ​ប្រាប់ថា ជនរងគ្រោះ ត្រូវបាន​គេ​វាយ​សម្លាប់ ប្លន់​យក​ម៉ូតូ ៕/V

ផ្តន្ទាទោស​ជនជាប់ចោទ ២​នាក់ ដែល​សម្លាប់​មនុស្ស ដើម្បី​ប្លន់​យក​ម៉ូតូ ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ១៨ ឆ្នាំ​

ផ្តន្ទាទោស​ជនជាប់ចោទ ២​នាក់ ដែល​សម្លាប់​មនុស្ស ដើម្បី​ប្លន់​យក​ម៉ូតូ ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ១៨ ឆ្នាំ​

ផ្តន្ទាទោស​ជនជាប់ចោទ ២​នាក់ ដែល​សម្លាប់​មនុស្ស ដើម្បី​ប្លន់​យក​ម៉ូតូ ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ១៨ ឆ្នាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular