ដោយ: ប.ជ័យ / បន្ទាយមានជ័យ: នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ពីបទលួចគាស់ទម្លុះទម្លាយយកម៉ូតូ ទៅសាលាដំបូងខេត្ត និងប្រគល់ជូនម្ចាស់ដើមវិញ នៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង សុង ភេទប្រុសអាយុ៤៦ឆ្នាំ នៅភូមិ១ សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះថា ខ្លួនក្រោកឡើងបាត់ម៉ូតូ តែបានមើលវីដេកាមេរ៉ាអូសុវត្ថិភាពក៏ឃើញថា នៅម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានចោរម្នាក់បានចូលក្នុងរបង គាស់ទ្វាររបងផ្ទះចូលលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាខាប់ ពណ៌បាញ់ឌុក គ្មានស្លាកលេខ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌនោះ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងឈានដល់បង្ក្រាបបានជនល្មើសលួចនោះ កាលពីវេលាម៉ោង០៨និង យប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០។ ជនសង្ស័យមាន ឈ្មោះ ឈួត ផល្លី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិនិមិត្តថ្មី សង្ការ់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមជាមួយនិងវត្ថុតាងម៉ូតូ០១គ្រឿង។
ជនសង្ស័យថា ខ្លួនបានចូលលួចយកម៉ូតូ០១គ្រឿងនេះមែន ព្រោះពេលខ្លួនបានដើរទៅឃើញម៉ូតូគេទុកនៅក្នុងរបងផ្ទះមានជាប់សោនៅនឹងម៉ូតូផង ខ្លួនក៏ឡើរបង រួចក៏គាស់ទ្វារយកម៉ូតូជិៈចេញមកទៅផ្ទះនៅឯភូមិនិមិត្ត ហើយនៅយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ រួចក៏ឆ្លៀតជិះមកលេងវេទិកាខេត្តក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួនទៅ៕